ការហាត់ប្រាណគឺបានផ្ដល់អត្ថប្រយោជន៍ជាខ្លាំងចំពោះសុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ វាជួយបញ្ចុះជាតិស្ករក្នុងឈាម នៅពេលរាងកាយធ្វើចលនា ដែលជាតិស្ករទាំងនោះនឹងត្រូវប្រើប្រាស់ជាថាមពល ខណៈថ្លើមមានតួនាទីជាអ្នកផលិត។ ប៉ុន្ដែការហាត់ប្រាណក៏អាស្រ័យលើ ឥរិយាបថនៃការហាត់នោះដែរ ប្រសិនបើហាត់មិនត្រូវទំនង ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកជំងឺវិញ។
តើការហាត់ប្រាណបែបណា ដែលនាំឲ្យមានបញ្ហាដល់សុខភាពអ្នកជំងឺ?
១.ការហាត់ប្រាណដាក់សម្ពាធលើខ្លួនឯង
ការហាត់ប្រាណដោយដាក់សម្ពាធលើខ្លួនឯងជ្រុលពេកនឹងមិនបានជួយអ្វីដល់សុខភាពនោះឡើយ ផ្ទុយមកវិញនឹងធ្វើប៉ះពាល់ដល់សុខភាពអ្នកជំងឺថែមទៀតផង។ តួយ៉ាង ការហាត់ប្រាណដោយខំប្រឹងលើកទម្ងន់ធ្ងន់ ការរត់ហាត់ប្រាណខ្លាំងពេក និង ការហាត់ប្រាណធ្វើឲ្យអស់កម្លាំងខ្លាំង នឹងធ្វើឲ្យសុខភាពអ្នកជំងឺកាន់តែដុនដាបទៅៗ។ ការណែរនាំអ្នកជំនាញ បានបង្ហាញថា ក្នុងមួយសប្ដាហ៍អ្នកជំងឺអាចហាត់ប្រាណបានត្រឹម ១៥០នាទី គឺគ្រប់គ្រាន់ហើយ។ វិធីហាត់ប្រាណ ត្រូវធ្វើឡើងដោយមិនបង្ខំពេក មិនលឿនពេក ឬយឺតពេក ឡើយ ពោលគឺ សមល្មមនឹងឥរិយាបថរាងកាយ ពិសេសត្រូវជៀសវាងការហាត់ប្រាណដោយការលើកទំងន់ធ្ងន់តែម្ដង។
២.ការហាត់ប្រាណដោយការធ្វេសប្រហែស
អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាចង់បង្កើតទម្លាប់ហាត់ប្រាណឲ្យល្អ ត្រូវរៀបចំផែនការឲ្យបានត្រឹមត្រូវ ដូចជា ការប្រើប្រាស់ស្បែកជើងសម្រាប់អ្នកចូលចិត្ដដើរ រត់ ជិះកង់ ដែលអាចផ្ដល់ភាពងាយស្រួលនៅពេលហាត់ មិនត្រូវប្រើស្បែកជើងតួចចង្អៀតពេក ឬធំរលុងពេក ដែលអាចប៉ះពាល់ដល់ជើងឡើយ។ អ្នកជំងឺមិនត្រូវហាត់ប្រាណ តែម្នាក់ឯងនោះទេ ប៉ុន្តែ ត្រូវមានគ្នាគ្រប់ពេលវេលា។ បន្ថែមពីនោះ អ្នកជំងឺត្រូវត្រៀមសម្ភារៈ ប្រើប្រាស់ ឧបករណ៍វាស់ជាតិស្ករ អាហារសម្រន់ និង ទឹកឲ្យបានគ្រប់គ្រាន់។
៣.ការហាត់ប្រាណដោយមិនបានទទួលការណែរនាំពីគ្រូពេទ្យ
ថ្វីដ្បិតការហាត់ប្រាណមានសារៈសំខាន់ចំពោះសុខភាព ប៉ុន្ដែអ្នកជំងឺមុនសម្រេចចិត្ដជ្រើសរើសវីធីហាត់ប្រាណណាមួយ ក៏គួរតែទទួលបានការណែរនាំពីគ្រូពេទ្យជាមុនសិន មិនអាចសម្រេចធ្វើតាមៗគ្នាដូចអ្នកមានសុខភាពធម្មតានោះទេ ពិសេសត្រូវពិភាក្សាជាមួយគ្រូពេទ្យដែលបានតាមដានសុខភាពអ្នកជំងឺចុងក្រោយបង្អស់។ កន្លងមក តាមការណែរនាំគ្រូពេទ្យ វិធីហាត់ប្រាណដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២គឺមានដូចជា ការហាត់យូហ្គា ការរាំ ជិះកង់ ដើរ និង ហាត់ប្រាណបែបក្បាច់ថៃជី។
អត្ថទពាក់ព័ន្ធ៖