ជំងឺទឹកនោមផ្អែមប្រភេទ១ គឺខុសគ្នាពីជំងឺទឹកនោមផ្អែមប្រភេទ២ ដោយសារភាគច្រើនជំងឺប្រភេទនេះច្រើនកើតលើកុមារ។មួយវិញទៀត ជំងឺទឹកនោមផ្អែមប្រភេទ១ កើតដោយសារមានការរារាំងការផលិតអាំងស៊ុយលីនដែលធ្វើឲ្យជាតិស្ករកើនឡើងដែលផ្ទុយពីជំងឺទឹកនោមផ្អែមប្រភេទ២ កើតដោយសាររាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបាន។
អត្ថបទគួរអាន៖
- មិនចង់ឲ្យកូនកើតជំងឺធាត់ ត្រូវឲ្យកូនផឹកទឹកឲ្យច្រើន
- បណ្តោយឲ្យកូនញ៉ាំ ៣ មុខនេះ អាចកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន
១- ធ្វើយ៉ាងណាទើបដឹងថាមានជំងឺទឹកនោមផ្អែមប្រភេទ១?
សញ្ញាអាសន្នមួយចំនួននឹងលេចឡើងដូចជា៖
- នោមញឹក
- មានការករោគញឹកញាប់
- ចុះទម្ងន់លឿនគ្មានមូលហេតុ
- អស់កម្លាំងល្ហិតល្ហៃជាប្រចាំ
- ឃ្លានខុសធម្មតា
ក្នុងករណីធ្ងន់ធ្ងរវិញប្រសិនបើយើងមានជំងឺទឹកនោមផ្អែមប្រភេទ១រយៈពេលយូរហើយមិនដឹងខ្លួនយើងនឹងអាចជួបនឹងផលវិបាកដូចជា៖
- មានរបួសមិនងាយសះមុខ
- ស្ពឹកចុងដៃជើង
- ខូចតម្រងនោម
- គំហើញធ្លាក់ចុះឬខ្វាក់
ពេលនេះហើយដែលយើងគួរតែទៅជួបគ្រូពេទ្យដើម្បីពិគ្រោះឲ្យបានទាន់ពេលវេលា។
២- តើយើងប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ១ដែរឬទេ?
ជំងឺទឹកនោមផ្អែមប្រភេទ១គឺជាជំងឺតំណពូជ។ យើងអាចនឹងប្រឈមនឹងកើតជំងឺនេះដែរប្រសិនបើសមាជិកគ្រួសារណាម្នាក់មានជំងឺនេះ ប៉ុន្តែក៏អាចមានកត្តាប្រឈមសំខាន់ផ្សេងៗទៀតអាចបង្កឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១ដូចជា៖
- មានការប្រឈមទៅនឹងមេរោគ៖ វីរុស Epstein-Barr វីរុស Coxasackie វីរុសស្រឡទែន (mumps virus) និង វិរុស cytomegalovirus.
- ឆាប់ញ៉ាំទឹកដោះគោពេក
- កង្វះវីតាមីន D
- ញ៉ាំទឹកដែលមានជាតិនីត្រាតច្រើន
- ប្រញាប់ឲ្យទារកដែលមានអាយុមុន៤ខែនិងក្រោយ៧ខែញ៉ាំគ្រាប់ធញ្ញជាតិនិងជាតិគ្លុយតែនពេក
- ម្ដាយមានប្រវត្តិក្រឡាភ្លើង
- កើតមកមានជំងឺខាន់លឿង
៣- តើមានតេស្តអ្វីដែលគេប្រើសម្រាប់រកមើលថាមាន ជំងឺទឹកនោមផ្អែមប្រភេទ១ឬអត់?
សម្រាប់ការធ្វើរោគវិនិច្ឆ័យគ្រូពេទ្យត្រូវការសួរប្រវត្តិជំងឺពីមុន ពិនិត្យកាយសម្បទា និងវាស់ជាតិស្ករក្នុងឈាមដូចជានៅមុននិងក្រោយពេលបាយរួច វាស់ជាតិស្ករក្នុងអំឡុងពេល៣ខែម្ដង(តេស្ត HbA1c) និងវាស់ភាពឆ្លើយតបនឹងជាតិស្ករ។ ការតេស្តមុខងារតម្រងនោមនិងជាតិខ្លាញ់ក៏ត្រូវធ្វើឡើងក្នុងករណីខ្លះដែរ។
៤- តើត្រូវគ្រប់គ្រងបញ្ហានេះយ៉ាងដូចម្ដេច?
អ្នកជំងឺត្រូវមានលំនឹងរបបអាហារដើម្បីគ្រប់គ្រងជាតិស្ករ និងមានប្រដាប់វាស់ជាតិស្ករមួយនៅផ្ទះ។ អ្នកជំងឺត្រូវឃ្លាំមើលពេលមានសញ្ញាប្លែកដូចជានៅពេលមានជាតិស្ករខ្ពស់ខ្លាំងនិងទាបខ្លាំង។ ការប្រើប្រាស់អាំងស៊ុយលីនចាក់ជាប្រចាំគឺយោងតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ អ្នកជំងឺក៏ត្រូវយកចិត្តទុកដាក់លើការសម្អាតជើង និងឆែកសុខភាពភ្នែកជាប្រចាំដើម្បីជៀសវាងផលវិបាក។
ជំងឺទឹកនោមផ្អែមប្រភេទ១ក៏ដូចជាប្រភេទដទៃដែរគឺមិនអាចព្យាបាលបានទេ។ ទោះជាជំងឺនេះមើលទៅគួរឲ្យខ្លាចយ៉ាងណាក៏ដោយក៏ ជំងឺទឹកនោមផ្អែមប្រភេទ១នៅតែអាចគ្រប់គ្រងបានដែរ ដោយយើងត្រូវរស់នៅក្នុងបរិបទពិសេសនិងប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវនោះយើងជាអ្នកជំងឺនឹងមានជីវិតដូចអ្នកដទៃអញ្ចឹងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ថ្នាំខ្លាញ់ត្រីល្អ តើអាចជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា?
- ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម
- ទឹកនោមផ្អែម កុំពិបាកចិត្តខ្លាំងពេក ប្រយ័ត្នកើតជំងឺទុក្ខព្រួយថែមមួយទៀត
- កុំចេះតែហ៊ាន! កើតជំងឺទឹកនោមផ្អែម មិនអាចស្ត្រេសផ្ដេសផ្ដាសទេ
- របៀបថែទាំ និងតាមដានអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ កូនចៅត្រូវដឹង
[embed-health-tool-bmi]