អំឡុងពេលពពោះ ជាពេលវេលាដ៏រំភើបរីករាយរបស់ស្រីៗយើង។ ប៉ុន្តែ ក្នុងអំឡុងពេលនេះដែរ ម៉ាក់ៗអាចប្រឈមនឹងបម្រែបម្រួលអ័រម៉ូននៅក្នុងរាងកាយដែលធ្វើឲ្យយើងងាយប្រឈមនឹងជំងឺផ្សេងៗជាច្រើន តួយ៉ាងដូចជាជំងឺទឹកនោមផ្អែមពេលពពោះ។ ជំងឺនេះ គឺជាស្ថានភាពនៃការកើនឡើងជាតិស្ករក្នុងឈាមនៅអំឡុងពេលពពោះ។
ការកើនឡើងជាតិស្ករក្នុងឈាមអំឡុងពេលពពោះ
អំឡុងពេលពពោះ ទារក និងសុកផលិតអ័រម៉ូនជាក់លាក់មួយចំនួន ដែលរារាំងរាងកាយម៉ាក់ៗពីការប្រើប្រាស់អាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ ទើបយើងត្រូវផលិតអង់ស៊ុយលីនបន្ថែម ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ យ៉ាងណាមិញ ប្រសិនបើអាំងស៊ុយលីនមិនគ្រប់គ្រាន់ទេនោះ ជាតិស្ករក្នុងឈាមនឹងកើនឡើងក្នុងកោសិកាជំនួសវិញ។
ជាទូទៅ ជំងឺទឹកនោមផ្អែមពេលពពោះមិនមានរោគសញ្ញាជាក់លាក់ឡើយ លុះត្រាតែយើងធ្វើតេស្តរកមើលកម្រិតជាតិស្ករ។ ប៉ុន្តែ ក៏មានស្ត្រីខ្លះលេចចេញនូវរោគសញ្ញា ដូចជាស្រេកទឹក នោមញឹកញាប់ អស់កម្លាំងខ្លាំង ឆ្លងមេរោគញឹកញាប់ និងឃ្លានខ្លាំងខុសពីធម្មតា។
មូលហេតុបង្កឲ្យកើតជំងឺទឹកនោមផ្អែមពេលពពោះ
មូលហេតុនៃការកើតជំងឺនេះ មានដូចជាម៉ាក់ៗពពោះនៅអាយុច្រើន មានជំងឺគីសទឹកក្រពេញអូវែ មិនធ្វើលំហាត់ប្រាណ កម្រិតស្រ្តេសកើនឡើង និងមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែមពេលពពោះបង្កផលប៉ះពាល់អ្វីខ្លះ?
សម្រាប់ទារកក្នុងផ្ទៃដែលមានម៉ាក់ៗកើតជំងឺទឹកនោមផ្អែមពេលពពោះ អាចបណ្តាលឲ្យទារកមានទំហំធំ ការឆ្លងមេរោគ និងពន្យារនៃការអភិវឌ្ឍនៃសួត ។ បន្ថែមពីនេះ ជំងឺទឹកនោមផ្អែមពេលពពោះ ក៏អាចឲ្យកូនទទួលបានជាតិស្ករក្នុងឈាម និងកម្រិតអុកស៊ីហ្សែនទាប ព្រមទាំងមានហានិភ័យនៃការវិវត្តនៃជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺមេតាប៉ូលីស នៅពេលអនាគត។ ចំពោះម៉ាក់ៗវិញ អាចមានហានិភ័យសម្រាលកូនដោយវះកាត់ សម្ពាធឈាមខ្ពស់ សម្រាលកូនមុនខែ ឬអាចវិវត្តន៍ទៅជំងឺទឹកនោមផ្អែមជារៀងរហូតនៅពេលក្រោយ។
