មានមនុស្សមួយចំនួនឲ្យតែឭពាក្យថា ដក ឬដាក់ធ្មេញ ដូចមានអារម្មណ៍ខ្លាចៗ ព្រោះឃើញមានករណីធ្វើធ្មេញខ្លះ បង្កទៅជាប៉ះពាល់សុខភាព រហូតអាចបណ្ដាលឲ្យស្លាប់។ ដូចនេះហើយ ទើបមានគ្នាយើងខ្លះមិនសូវហ៊ានទៅធ្វើធ្មេញផ្ដេសផ្ដាសទេ ដោយសារខ្លាចឆ្លងជំងឺតេតាណូស។
បើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងជាការជំនួសឫសធម្មជាតិ ដែលបានបាត់បង់មួយ ឬច្រើនសម្រាប់ទ្រធ្មេញសិប្បនិម្មិតមួយ ឬច្រើន ឬធ្មេញស្និត ហើយផ្ដល់តួនាទីនៃការទំពារ សោភ័ណភាព និងគុណភាពជីវិតបានប្រសើរ។
ដាំបង្គោលក្នុងធ្មេញអាចបណ្ដាលឲ្យយើងកើតជំងឺតេតាណូស ឬបង្កជាជំងឺមហារីកអត់?
ការដាំបង្គោលធ្មេញក្នុងឆ្អឹងត្រឹមត្រូវ តាមបច្ចេកទេស មិនអាចបណ្ដាលឲ្យមានជំងឺតេតាណុស ឬជំងឺមហារីកទេ ព្រោះបង្គោលធ្មេញដាំក្នុងឆ្អឹងផលិតពីលោហៈទីតាញ៉ូម (Titanium) ដែលអាចរស់នៅក្នុងខ្លួនមនុស្សយើងបាន។ ប៉ុន្តែមានបុគ្គលមួយចំនួនមិនអាចដាំបង្គោលធ្មេញបានទេ ប្រសិនបើអ្នកទាំងនោះជា៖
– អ្នកជំងឺជក់បារីច្រើន
– វ័យក្មេងពេក (អ្នកជំងឺកំពុងលូតលាស់)
- អ្នកជំងឺព្យាបាលដោយកាំរស្មីនៅតំបន់ក និងក្បាល
– អ្នកជំងឺព្យាបាលដោយថ្នាំ Bisphosphonate
– អ្នកជំងឺដែលមានកម្រាស់ឆ្អឹងស្ដើងពេក ប៉ុន្តែមានករណីជាច្រើន ពេទ្យអាចធ្វើការបន្ថែមឆ្អឹងបានដែលអាចជា ឆ្អឹងអ្នកជំងឺផ្ទាល់ ឬឆ្អឹងសិប្បនិម្មិត។ល។
ការដាំបង្គោលធ្មេញក្នុងឆ្អឹង អាចមានអាយុកាលប៉ុន្មាន?
តាមការសិក្សាបានបង្ហាញថា វាអាចស្ថិតនៅក្នុងឆ្អឹងថ្គាមរបស់យើងបានរហូត ប្រសិនបើយើងធ្វើតាមបច្ចេកទេសត្រឹមត្រូវ ការថែទាំ និងការប្រើប្រាស់របស់អ្នកជំងឺល្អ ហើយការតាមដានក្រោយពេលដាំរួចជាទៀងទាត់ជាមួយគ្រូពេទ្យធ្មេញ។ ជាទូទៅគ្នាយើងដែលអាចដាំបង្គោលធ្មេញក្នុងឆ្អឹងបាន លុះត្រាតែឆ្អឹងថ្គាមលែងលូតលាស់អាចចាប់ពីអាយុ ២០ ឆ្នាំឡើង។
[embed-health-tool-bmr]
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ថា មុននឹងសម្រេចធ្វើការដាំបង្គោលធ្មេញក្នុងឆ្អឹង យើងគួរទៅពិគ្រោះជាមួយទន្តបណ្ឌិតឲ្យត្រឹមត្រូវ ដើម្បីធានបាននូវសុវត្ថិភាព និងប្រសិទ្ធិភាព សោភ័ណភាព និងគុណភាពនៃការទំពារប្រសើរឡើងក្នុងការរស់នៅរាល់ថ្ងៃ។
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន