សម័យនេះ ស្រា ស្រាបៀរ ពេញនិយមណាស់ មិនថាក្នុងឱកាសអ្វីក៏ដោយ តែងតែមានមុខជានិច្ច នាំឲ្យបញ្ហាផឹកស្រានៅជុំវិញពិភពលោក កាន់តែគួរឲ្យព្រួយបារម្ភខ្លាំងឡើង។ ការផឹកស្រាច្រើនលើសកម្រិត មិនត្រឹមត្រូវធ្វើឲ្យខាតបង់លុយកាក់ច្រើនប៉ុណ្ណោះទេ អ្វីគួរឲ្យព្រួយបារម្ភខ្លាំងបំផុត គឺសុខភាពយើងតែម្តង ដោយបច្ចុប្បន្ន ជំងឺថ្លើមដោយសារផឹកស្រា កាន់តែគួរឲ្យបារម្ភ។ “Hello គ្រូពេទ្យ’ ពេលនេះ នឹងលើកឡើងពីការប្រែប្រួសថ្លើម ក្រោយផឹកជាតិអាល់កុលឲ្យគ្នាយើងបានដឹង។
១- ជាតិអាល់កុលក្នុងស្រាស្រូបចូលក្នុងខ្លួនម៉េចវិញ?
ពេលយើងផឹកជាតិអាល់កុល វានឹងស្រូបចូលក្នុងចរន្តឈាមតាមរយៈភ្នាសក្រពះ និងពោះវៀន ហើយចរន្តឈាម ចេញពីប្រព័ន្ធរំលាយអាហារ នឹងត្រូវឆ្លងកាត់ថ្លើម មុននឹងទៅដល់បេះដូង។ ដូចនេះហើយ កំហាប់ជាតិអាល់កុលខ្ពស់បំផុត នឹងឆ្លងកាត់នៅត្រង់ថ្លើមនេះឯង ដោយសារកោសិកាថ្លើម មានប្រព័ន្ធអង់ហ្ស៊ីមមួយសម្រាប់បំប្លែង និងសំយោគជាតិអាល់កុល ដោយធ្វើតាមរយៈប្រតិកម្មគីមី ឲ្យទៅជាទឹក និងឧស្ម័នកាបូនឌីអ៊ុកស៊ីត បញ្ចេញចោលតាមទឹកនោម និងតាមសួត។
ប៉ុន្តែសមត្ថភាពថ្លើម គឺមានកម្រិត ហើយវាអាចសំយោគកម្រិតជាតិអាល់កុលបានមួយចំនួនប៉ុណ្ណោះក្នុងរយៈពេលមួយម៉ោងៗ។ តាមរយៈការសិក្សា អ្នកវិទ្យាសាស្ត្រ ណែនាំថា គួរញ៉ាំជាតិអាល់កុល ត្រឹម ១-២ IU (តម្លៃឯកតាអន្តរជាតិ) ក្នុងមួយថ្ងៃ ដែល ១ IU = ២៥ មិល្លីលីត្រ ចំពោះប្រភេទភេសជ្ជៈមានកម្រិត ៤០ ដឺក្រេ ឬ ៥០ មិល្លីលីត្រ ចំពោះភេសជ្ជៈមានជាតិអាល់កុល ២០ ដឺក្រេ។ ផ្ទុយទៅវិញ គ្នាយើងញៀនស្រា និងផឹកច្រើនហួសកំណត់ អាចនឹងមានផលប៉ះពាល់អាក្រក់ចំពោះសុខភាព ដូចជា ថ្លើមមានខ្លាញ់ច្រើន (Fatty liver) រលាកថ្លើម ក្រិនថ្លើម ដែលជំងឺថ្លើមទាំងបីមុខនេះ អាចកើតឡើងនៅពេលតែមួយ ឬវិវត្តម្ដងបន្តិចៗ។
២- ថ្លើមមានខ្លាញ់ច្រើន (Fatty Liver)
ថ្លើមមានខ្លាញ់ច្រើន (Fatty liver) កើតមានចំពោះគ្នាយើងផឹកជាតិអាល់កុលច្រើន។ តែបញ្ហានេះ អាចនឹងថយចុះវិញ នៅពេលយើងឈប់ផឹក។ ផ្ទុយទៅវិញ បើនៅតែបន្តផឹកស្រា វានឹងវិវត្តទៅជារលាកថ្លើម។
ជំងឺរលាកថ្លើមដោយសារស្រា អាចចាប់ផ្ដើមពីស្រាលទៅធ្ងន់ធ្ងរ ហើយក្នុងករណីស្រាល វានឹងមិនលេចចេញរោគសញ្ញាអ្វីទេ បើមិនមានអ្វីប្រែប្រួលចំពោះអង់ហ្ស៊ីមថ្លើមដែលមានក្នុងឈាមខុសប្រក្រតីទេនោះ។ ករណីខ្លះ ជំងឺអាចវិវត្តទៅជារ៉ាំរ៉ៃ ដោយសារតែការខូចខាតកោសិកា ថ្លើមបន្តិចម្ដងៗ ហើយឈានទៅជាក្រិនថ្លើមទៀតផង។ រោគសញ្ញាធ្ងន់ធ្ងរ គឺហត់អស់កម្លាំង លេចចេញសញ្ញាជំងឺខាន់លឿង និងពេលខ្លះឈឺនៅត្រង់ថ្លើម។ ដំណាក់កាលជំងឺរលាកថ្លើមស្រួចស្រាវ កើតឡើងលេចចេញឲ្យឃើញ ដូចជា គ្នាយើងមានជំងឺ អាចសន្លប់ដោយសារបញ្ហាថ្លើមភ្លាមៗ ស្បែកឡើងលឿងក្រមៅ បញ្ហាឈាមកក ខូចញាណ សន្លប់ ហូរឈាមក្រពះពោះវៀន និងប្រឈមអត្រាស្លាប់កាន់តែខ្ពស់។ ការគ្រប់គ្រងជំងឺ គឺត្រូវផ្ដោតទៅលើតុល្យភាពជីវជាតិត្រឹមត្រូវ ឬត្រូវផ្ដល់អាហារតាមរយៈបំពង់ក្រពះ និងព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីត។
អត្ថបទពាក់ព័ន្ធ៖
- ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់
- កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរថ្លើមដោយវិធីណា?
៣- ក្រិនថ្លើម
ក្រិនថ្លើម សំដៅលើការខូចថ្លើមម្ដងបន្តិចៗ នាំឲ្យឈានទៅបាត់បង់មុខងារថ្លើមទាំងស្រុងតែម្ដង។ ការវិវត្ត នឹងកើនខ្លាំងឡើងនៅពេលជាលិកាដែលខូច ប៉ះពាល់ដល់រូបរាងធម្មតា និងការកើតឡើងវិញរបស់កោសិកាថ្លើម។ កោសិកា Hepatocellular នៅពេលវារបួស ឬងាប់ជាលិកាថ្មី និងលូតលាស់ប្ដូរជំនួស ហើយយូរៗទៅ ថ្លើមនឹងបាត់បង់មុខងារទាំងស្រុង។ ជាលិកាខូច ក៏មានឥទ្ធិពលខ្លាំង រំខានទៅដល់ចរន្តឈាមរត់ទៅកាន់ថ្លើមដូចគ្នា ខណៈជាលិកាដែលមានស្នាម នឹងមានជារៀងរហូត ដោយមិនជាត្រលប់មកធម្មតាវិញបានឡើយ។ ដំបូង ករណីខូចកោសិកាថ្លើមខ្លះ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្នាយើងមានជំងឺឡើយ ហើយក៏គ្មានចេញរោគសញ្ញាអ្វីដែរ ប៉ុន្តែពេលកោសិកាថ្លើមខូចកាន់តែច្រើនទៅៗ នោះជំងឺនឹងលេចចេញមកភ្លាម។ ដូចនឹងរោគសញ្ញារលាកថ្លើមបង្ហាញខាងលើដែរ ប៉ុន្តែអ្វីខុសគ្នា គឺការវិវត្តរបស់ជំងឺក្រិនថ្លើម គឺយឺតជាង រលាកថ្លើម។ ចំពោះគ្នាយើងមានជំងឺធ្ងន់ធ្ងរ ក្រិនថ្លើមរយៈពេលយូរ បណ្ដុំរោគសញ្ញា ឈាមកកក្នុងសរសៃវ៉ែន Portal (Portal vein thrombosis syndrom) ជាទូទៅវិវត្តដោយមានរោគសញ្ញា ដូចជា ទាចទឹក (Ascites) រីកសរសៃឈាមនៅលើជុំវិញពោះ។ អ្វីដែលគ្រោះថ្នាក់បំផុតចំពោះជំងឺក្រិនថ្លើម វាអាចវិវត្តទៅជាជំងឺមហារីកថ្លើមបាន។
ជំងឺក្រិនថ្លើម អាចកើតឡើងដោយសារមូលហេតុផ្សេងទៀតដូចជា វីរុស ជំងឺតំណពូជ បញ្ហាមេតាបូលីស ប៉ុន្តែភាគរយខ្ពស់នៃជំងឺក្រិនថ្លើម គឺដោយសារស្រា ហើយកំពុងកើនឡើងខ្លាំងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ ដល់ទៅ ១០% ឯណោះ។
ក្រៅពីរោគសញ្ញារៀបរាប់ខាងលើ នៅមានតេស្តមួយចំនួន អាចជួយធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើមបាន ដូចជា តេស្តឈាមរកមើលការកើនឡើង ALT កើនឡើង ALP ធ្លាក់ចុះ Albumin កើនឡើង Bilirubin ច្រើនក្នុងឈាម (Hyperbilirubinemia) ពេលថតអ៊ុលត្រាសោន បង្ហាញពីការខូចថ្លើម និងច្រិបកោសិកាថ្លើម សុទ្ធតែអាចជួយឲ្យបង្ហាញពីរូបរាងជាលិកាថ្លើមមានស្នាម ចំពោះថ្លើមក្រិន ឬប្រភេទរលាកថ្លើមផ្សេងៗទៀត។
៤- វិធីព្យាបាល និងការពារ
រឿងចាំបាច់បំផុតយើងត្រូវធ្វើ គឺត្រូវតែឈប់ផឹកស្រា។ បន្ទាប់មក គ្នាយើងមានជំងឺ តម្រូវឲ្យតមអាហារ និងត្រូវញ៉ាំថ្នាំបំប៉នវីតាមីន ជាតិរ៉ែនៅពេលចាំបាច់។
ជាការសំខាន់កាត់បន្ថយជាតិទឹកចេញពីរាងកាយ (Aspirate) ប្រើថ្នាំបញ្ចុះទឹកនោម និងថ្នាំផ្សះ ចំពោះគ្នាយើងមានបញ្ហាទាចទឹក។ ពេលថ្លើមមិនមានសកម្មភាពទៀត វិធីព្យាបាល មាននៅសល់តែមួយគត់ គឺការវះកាត់ប្ដូរថ្លើម។
ដើម្បីការពារសុខភាពថ្លើម ត្រូវឈប់ ឬកម្រិតការផឹកជាតិអាល់កុល ក្នុងកម្រិតបានណែនាំដូចខាងក្រោម
– ចំពោះប្រុសៗ៖ គួរផឹកកុំឲ្យលើសពី ៤ ឯកតា/ថ្ងៃ ហើយត្រូវតិចជាង ២១ ឯកតា/សប្ដាហ៍។
– ចំពោះស្រី៖ កម្រិតការផឹកជាតិអាល់កុល កុំឲ្យលើស ៣ ឯកតា/ថ្ងៃ និង ១៤ ឯកតា/សប្ដាហ៍។
– ចំពោះស្រីៗពពោះ៖ មិនត្រូវផឹកដាច់ខាត បើនៅតែផឹក ត្រូវកម្រិតឲ្យតិចជាង ១-២ ឯកតា/សប្ដាហ៍ និងមិនត្រូវស្រវឹងដាច់ខាត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]