ការឈាមអញ្ចាញធ្មេញអំឡុងពេលពពោះគឺជារឿងធម្មតាទេ។ ម៉ាក់ៗពពោះប្រហែល ៥០% អាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬទាក់ធ្មេញ។ ហេតុអ្វីបានជាម៉ាក់ៗពពោះងាយឈាមអញ្ចាញធ្មេញ? គួរដោះស្រាយបែបណា?
ជាទូទៅម៉ាក់ៗមួយចំនួនអាចមានអាការៈហើម និងឈាមអញ្ចាញធ្មេញនៅត្រីមាសទី ២ ឬ ទី ៣ ដោយសារការប្រែប្រួលអ័រម៉ូនដែលធ្វើឱ្យអញ្ចាញធ្មេញម៉ាក់ៗងាយនឹងឆ្លងបាក់តេរី ហើយបង្កទៅជារលាកអញ្ចាញធ្មេញ។
លើសពីនេះទៅទៀត កម្រិតអ័រម៉ូនប្រូសេស្តេរ៉ូន និងអឺស្ត្រូហ្សេនមានការកើនឡើងខ្ពស់ដែលបង្កើនលំហូរឈាមទៅកាន់ភ្នាសរម្អិល ហើយធ្វើឱ្យអញ្ចាញធ្មេញហើម និងងាយឈាម។
ម៉ាក់ៗអាចកាត់បន្ថយអាការៈហើម និងឈាមអញ្ចាញធ្មេញដោយ៖
១. ស្អំទឹកកក ឬទឹកក្តៅឧណ្ហៗ
ម៉ាក់ៗអាចស្អំទឹកកក ឬទឹកក្តៅឧណ្ហៗលើថ្ពាល់ខាងអញ្ចាញធ្មេញហើម ឬឈាមដើម្បីកាត់បន្ថយអាការៈហើម និងឈឺអញ្ចាញធ្មេញ។
២. ខ្ពុរទឹកអំបិល
ម៉ាក់ៗអាចខ្ពុរទឹកអំបិលដើម្បីកាត់បន្ថយការហើមអញ្ចាញធ្មេញ រារាំងការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងការពារការឆ្លងបាក់តេរីដែលបណ្តាលឱ្យមានបញ្ហាមាត់ធ្មេញ។
៣. ញុំាតែបៃតង
ម៉ាក់ៗក៏អាចញុំាតែបៃតងដើម្បីកាត់បន្ថយអាការៈហើមអញ្ចាញធ្មេញ ការពារការកកើតបាក់តេរីក្នុងមាត់ និងការកកកំណកកំបោរជាប់ធ្មេញ។
៤. ញុំាអាហារសម្បូរវីតាមីន C
ម៉ាក់ៗអាចញុំាអាហារសម្បូរវីតាមីន C ដូចជាផ្លែឈើអម្បូរក្រូច ត្របែក ល្ហុង ស្ពៃក្តោប ប្រូខូលីជាដើម ព្រោះវីតាមីន C អាចកម្ចាត់បាក់តេរី ជួយឱ្យអញ្ចាញធ្មេញម៉ាក់ៗមានសុខភាពល្អ ហើយអាចការពារការហើម និងឈាមអញ្ចាញធ្មេញទៀតផង។
៥. ញុំាអាហារសម្បូរកាល់ស្យូម
ការញុំាអាហារសម្បូរកាល់ស្យូមដូចជា ទឹកដោះគោ បន្លែស្លឹកបៃតង គ្រាប់ល្ង និង សណ្តែកជាដើមអាចជួយឱ្យធេ្មញ និងអញ្ចាញធ្មេញម៉ាក់ៗមានសុខភាពល្អ ការពារការហើម និងរលាកអញ្ចាញធ្មេញ។
៦. ប្រើច្រាស់ដុសធ្មេញមានសរសៃទន់
ម៉ាក់ៗគួរជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃច្រាស់ទន់មកដុសធ្មេញ ព្រោះច្រាស់ប្រភេទនេះអាចសម្អាតធ្មេញ និងអញ្ចាញធ្មេញដោយមិនបង្កឱ្យអញ្ចាញធ្មេញឈឺ និងមិនងាយបណ្តាលឱ្យម៉ាក់ៗឈាមអញ្ចាញធ្មេញដូចច្រាស់ដុសធ្មេញដែលមានសរសៃរឹងទេ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៧. កុំជក់បារី
ការជក់បារីមិនត្រឹមតែអាចធ្វើឱ្យម៉ាក់ៗរលាកអញ្ចាញធ្មេញទេ ថែមទាំធ្វើឱ្យម៉ាក់ៗមានក្លិនមាត់ និងប៉ះពាល់ដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃទៀតផង។
៨. កាត់បន្ថយជាតិស្ករ
ម៉ាក់ៗគួរកាត់បន្ថយការញុំាអាហារមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូច នំផ្អែមៗ បង្អែម និងស្ករគ្រាប់ជាដើម ព្រោះអាហារទាំងនេះអាចបង្កើនបាក់តេរីក្នុងមាត់ និងធ្វើឱ្យធ្មេញជាប់កំណកកំបោរដែលបង្កឱ្យអញ្ចាញធ្មេញងាយរលាក។
[embed-health-tool-due-date]
៩. ប្រើទឹកខ្ពុរមាត់
ការខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ក៏អាចជួយកម្ចាត់បាក់តេរី និងបន្សាបជាតិអាស៊ីដក្នុងមាត់ដែរ។ ម៉ាក់ៗគួរជ្រើសរើសទឹកខ្ពុរមាត់ដែលមានផ្ទុកសារធាតុភ្លុយអរួ ថ្នាំសម្លាប់មេរោគ និងគ្មានជាតិអាល់កុល ព្រោះជាតិអាល់កុលអាចធ្វើឱ្យមាត់ម៉ាក់ៗស្ងួត។ម្យ៉ាងទៀត ថ្នាំសម្លាប់មេរោគដែលអាចកម្ចាត់បាក់តេរីដែលបង្កឱ្យមានកំណកកំបោរជាប់ធ្មេញ។
១០. ដុសធ្មេញ និងទាក់ធ្មេញ
ម៉ាក់ៗគួរដុសធ្មេញ និងទាក់ធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់បាក់តេរីក្នុងមាត់ និងនៅចន្លោះធ្មេញ កាត់បន្ថយ និងព្យាបាលអាការៈរលាកអញ្ចាញធ្មេញ។ ពេលដុសធ្មេញ ម៉ាក់ៗគួរសម្អាតអណ្តាតផង។
ប្រសិនបើអាការៈឈាមអញ្ចាញធ្មេញរបស់ម៉ាក់ៗមានអមជាមួយការឈឺចាប់ ឈឺធ្មេញ មានក្លិនមាត់ ឬរង្គើធ្មេញ ម៉ាក់ៗគួរទៅជួបពេទ្យធ្មេញ។
អត្ថបទគួរអាន៖
- ទាំងនេះជាមូលហេតុបង្ក និងវិធីការពារស្រ្តីកុំឲ្យមានគ្រោះថ្នាក់ពេលមានផ្ទៃពោះ
- ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយតាមវិធីនេះ
- កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺមួយប្រភេទនេះ
- រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយតាមវិធីណា?
- ពពោះស្បែកប្រែជាខ្មៅស្រអាប់ ឡើងស្នាមអុចៗ ដោយសារអី? គួរធ្វើម៉េច?
- តិចនិកងាយៗ អាចជួយស្រីៗកាត់បន្ថយស្ត្រេសពេលពពោះ
ចំណុចសំខាន់
- ស្អំទឹកកក ឬទឹកក្តៅឧណ្ហៗ
- ខ្ពុរទឹកអំបិល
- ញុំាតែបៃតង
- ញុំាអាហារសម្បូរវីតាមីន C
- ញុំាអាហារសម្បូរកាល់ស្យូម
- ប្រើច្រាស់ដុសធ្មេញដែលមានសរសៃច្រាស់ទន់
- ចៀសវាងជក់បារី
- កាត់បន្ថយជាតិស្ករ
- ខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់
- ដុសធ្មេញ និងទាក់ធ្មេញ