ការពពោះ ជាបទពិសោធន៍ដ៏រំភើបរីករាយមួយរបស់ម៉ាក់ៗ ប៉ុន្តែនៅពេលជាមួយគ្នានេះ ស្ត្រីពពោះអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដូចជាអាការៈក្រហាយទ្រូងជាដើម។ អារម្មណ៍ក្រហាយនៅទ្រូង និងបំពង់ក ធ្វើឲ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន ជាពិសេសនៅពេលយប់ ឬក្រោយញ៉ាំអាហារ។ តើបញ្ហានេះកើតឡើងបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?
ការកើនឡើងនៃកម្រិតអ័រម៉ូន ជាពិសេសអ័រម៉ូន progesterone អាចជំរុញឲ្យអាស៊ីដក្រពះច្រាលត្រឡប់ទៅកាន់បំពង់អាហារវិញ ដែលបញ្ហាឲ្យមានអាការៈក្រហាយទ្រូង។
២. សម្ពាធនៅលើក្រពះកើនឡើង
អំឡុងពេលពពោះ ស្បូនដែលកំពុងលូតលាស់បានដាក់សម្ពាធលើក្រពះ ដែលអាចរុញអាស៊ីដក្រពះទៅក្នុងបំពង់អាហារ។ សម្ពាធនេះ រួមចំណែកដល់ការវិវត្តនៃរោគសញ្ញាក្រហាយទ្រូង។
៣. របបអាហារ
អាហារ និងភេសជ្ជៈជាក់លាក់ អាចនាំឲ្យម៉ាក់ៗប្រឈមនឹងអាការៈក្រហាយទ្រូងអំឡុងពេលពពោះ ដែលអាហារទាំងនេះ រួមមានអាហារហឹរ ខ្លាញ់ច្រើន ឬអាហារចៀន ពពួកផ្លែក្រូច សូកូឡា កាហ្វេអ៊ីន ភេសជ្ជៈដែលមានជាតិហ្គាស។ល។
៤. ការប្រែប្រួលរូបរាងកាយ
ស្របពេលដែលទារកលូតលាស់ ស្បូនដែលរីកធំអាចរុញក្រពះឡើងទៅខាងលើ និងបង្កើនឱកាសនៃការច្រាល់អាស៊ីដ និងក្រហាយទ្រូង។
៥. ស្រ្តេស និងផ្លូវចិត្ត
ស្រ្តេស និងការថប់បារម្ភ អាចធ្វើឲ្យរោគសញ្ញាក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរជាងមុន។ ជាក់ស្តែង ម៉ាក់ៗអាចមានការប្រែប្រួលអារម្មណ៍ និងកើនឡើងកម្រិតស្ត្រេសអំឡុងពេលពពោះ ដែលកត្តានេះរួមចំណែកដល់ការវិវត្តនៃអាការៈក្រហាយទ្រូង។

គន្លឹះជៀសវាងបញ្ហាក្រហាយទ្រូងអំឡុងពេលពពោះ
- ជៀសវាងអាហារដែលនាំឲ្យក្រហាយទ្រូង
- ទំពារអាហារយឺតៗ និងឲ្យម៉ត់ល្អ
- ជៀសវាងគេងភ្លាមៗក្រោយញ៉ាំអាហាររួច
- ស្លៀកសំលៀកបំពាក់រលុងៗ ជាពិសេសនៅបរិវេណពោះ
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- គ្រប់គ្រងស្ត្រេសឲ្យបានល្អ តាមរយៈការធ្វើសកម្មភាពកំសាន្តផ្សេងៗ ហាត់ប្រាណបែបស្រាលៗ ឬធ្វើសមាធិ។ល។
- ក្នុងករណីដែលបញ្ហាក្រហាយទ្រូងមិនបាត់ទៅវិញ ឬកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។