backup og meta

ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 28, 2022

    ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ?

    សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​មាន និង​ចង់​បាន​ប៊េបី ត្រូវ​តែ​ស្វែង​យល់​ពី​ទម្ងន់​ដែល​កើន​ប្រចាំ​ខែ ដើម្បី​ឲ្យ​ដឹង​ថា​កូន​អាច​កើត​តាម​ធម្មជាតិ​បាន​ឬ​ទេ។ ជាពិសេស​ត្រូវ​ដឹង​ថា កូន​មាន​ទម្ងន់​ប៉ុន្មាន ទើប​គ្រប់​គីឡូ​ ល្អ​ក្នុង​ការ​សម្រាល។

    ព្រោះ​តែ​បច្ចុប្បន្ន​មាន​អាហារ​មាន​ភាព​សម្បូរ​បែប​ច្រើន ទាំង​ស្រស់ ក្រៀម និង​កំប៉ុង ទើប​ធ្វើឲ្យ​យើង​ចង់​អ្វី អាច​ញ៉ាំ​បាន​ភ្លាម​ៗ។ ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ម៉ាក់​ៗ​ដែល​កំពុង​មាន​ផ្ទៃ​ពោះត្រូវញ៉ាំអាហារសម្បូរជីវជាតិឲ្យបានច្រើន និងគ្រប់មុខ តែមិនត្រូវញ៉ាំតាម​ចិត្ត​ឃ្លានគ្រប់​ពេល​​នោះ​ទេ ព្រោះ​​វា​​ធ្វើ​ឲ្យ​យើង​ឆ្អែត​ហល់ ដែល​មាន​ផល​មិន​ល្អ​ចំពោះ​សុខភាព ពិសេស​​​ពពួក​​អាហារ​ផ្អាប់ និង​​កំប៉ុង។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    Hello_គ្រូពេទ្យ

    លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ផ្ដល់​ជា​មតិ​ណែនាំ​ដល់​ស្រី​ៗ​យើង​ថា ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​រហូត​ដល់​ថ្ងៃ​សម្រាល ម៉ាក់​ៗ​ឡើង​ទម្ងន់​បាន​តែចន្លោះពី ១០- ១២ គីឡូ​ប៉ុណ្ណោះ មិន​ឲ្យ​លើស​ពី ១៤ គីឡូ​ឡើយ។ “តែ​អ្នក​ខ្លះ ១​ខែ​ឡើង​ទម្ងន់ ៥ គីឡូ​ក៏​មាន រហូត​ដល់​ថ្ងៃ​សម្រាល​លើស​ដល់ ២៥-៣០ គីឡូ ដែល​សភាព​បែប​នេះ គឺ​ឡើង​ខ្លាំងលើសលប់​ពេក ឯកូនក្នុង​ពោះ​ក៏​ថ្លោស​ទៅ​តាម​នោះ​ដែរ”។

    វេជ្ជបណ្ឌិត​ខាង​លើ ក៏​បាន​បន្ត​ទៀត​ថា បញ្ហា​លើស​គីឡូ​ខ្លាំង​បែប​នេះ ធ្វើឲ្យ​ម៉ាក់​ៗ​ជួប​ផល​វិបាក​មួយ គឺ​ពិបាក​ក្នុង​ការ​សម្រាល​កូន។ ព្រោះ​ការ​សម្រាល​ទាក់ទង​នឹង​សមាសភាព ៣ យ៉ាង ទី​១ ទំហំឆ្អឹង​អាងត្រគាក​ម្ដាយ ទី​២ ស្បូន​របស់​ម្ដាយ និង​ទី​៣ កូន​នេះ​ឯង។ លោក​ជំទាវ​ក៏​បាន​លើក​អំណះអំណាង​បន្ត​ថា “ប្រសិនបើ​ម្ដាយ​កម្ពស់ ១,៦០ ម៉ែត្រ នោះ​ត្រគាក​សាយ​ល្អ កម្ពស់ ១,៥០ ម៉ែត្រ​ ត្រគាក​អាច​តូច​ជាង​អ្នកកម្ពស់ ១,៦០ ម៉ែត្រ​បន្តិច ព្រោះ​យើង​ទាប​ជាង​គេ ឆ្អឹង​គ្មាន​ភាព​ប្រែប្រួល​ទេ។ ស្បូន​ត្រូវ​បើក​តាម​ធម្មជាតិ​ហើយ តែ​មក​ដល់​កូន​ត្រូវ​ចេញ​ពី​ស្បូន​ឆ្លង​កាត់​តាម​ទ្វារមាស ហើយ​ចេញ​មក​ខាង​ក្រៅ បែរ​ជា​កូន​ធំ ធ្វើឲ្យ​ពិបាក​ហើយ។ ការ​ញ៉ាំ​ច្រើន​ពេក សាច់​ឈាម​ណែន​ខ្លាំង​ណាស់ ទោះ​ត្រគាក​ល្អ តែ​ពេល​គីឡូ​ឡើង​ខ្លាំង​ពេក ធ្វើឲ្យ​ត្រគាក​ធំ ទៅ​ជា​តូច”។

    លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម

    ការ​ញ៉ាំ​ច្រើន​​ធ្វើ​ឲ្យ​កូនថ្លោស រហូត​ដល់​ជាង ៤-៥ គីឡូ​ ម៉ាក់ៗ​ពិបាក​កើត​តាម​ធម្មជាតិ​ណាស់។ ​ទម្ងន់​កូនដែលគ្រូពេទ្យកំណត់ថា គ្រប់គីឡូតាមក្បូនខ្នាតនោះ  គឺ ២,៥ គីឡូក្រាម  រីឯ​ពេល​វេលា​ត្រូវ​កើត​វិញ គឺ​​ចាប់​ពី សប្តាហ៍​ទី ៣៧ ទៅ។ បើ​កូន​កើត​ក្នុង​រយៈ​នេះ គឺ​ត្រូវ​តាម​ក្បួនខ្នាត​ហើយ។

    ដូចនេះ​​ម៉ាក់​ៗ​​ដែល​​មាន​​គភ៌​​ត្រូវ​​ញ៉ាំ​​អាហារ​​ណា​ដែល​​មាន​​សារធាតុ​​ចិញ្ចឹម​ឲ្យ​​បាន​​គ្រប់គ្រាន់ និង​ជាតិ​ដែក​ឲ្យ​បាន​គ្រប់ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ និង​​មិន​​គួរ​​ញ៉ាំ​​អាហារ​​ច្រើន ដែល​​គ្មាន​​ភាព​​ចាំបាច់​​​ចំពោះ​​ខ្លួន​​ឯង និង​​ទារក​​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម