ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា?
ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បីជួយឱ្យទារកសម្រាលចេញលឿន ឬសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេលសម្រាលក៏មាន ដែលត្រូវឲ្យមានការដេរភ្ជាប់ឡើងវិញ។
បន្ទាប់ពីសម្រាលរួច ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារមាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និងការឈឺចាប់ថ្នេរពីរបីសប្តាហ៍។
ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖
១. ស្អំទឹកកក
ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។
២. គេងផ្អៀងពេលបំបៅដោះ
ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បីកុំឱ្យថ្នេររងសម្ពាធខ្លាំងដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។
៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤ ម៉ោងម្តង
បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោមដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុងពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។
៤. ការពារការទល់លាមក
ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេលម៉ាក់ៗប្រឹងបត់ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិសរសៃខ្ពស់ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។
ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃដើម្បីជួយពោះវៀនបញ្ចេញកាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. លាងសម្អាតថ្នេរជាមួយទឹកក្តៅឧណ្ហៗ
ការបត់ជើងតូចអាចធ្វើឱ្យរបួសម៉ាក់ៗផ្សា។ ម្យ៉ាងទៀត ទឹកនោមអាចធ្វើឱ្យរបួសម៉ាក់ៗឆ្លងមេរោគ ដូច្នេះពេលម៉ាក់ៗបត់ជើងតូច ម៉ាក់ៗអាចច្របាច់ទឹកក្តៅឧណ្ហៗពីដបទឹកសុទ្ធដើម្បីលាងសម្អាតថ្នេរពីមុខទៅក្រោយ។
ការធ្វើបែបនេះក៏ជួយជំរុញរំហូរទឹកនោមដែលជួយឱ្យម៉ាក់ៗបត់ជើងតូចបានស្រួលដែរ។ បន្ទាប់ពីម៉ាក់ៗបត់ជើងរួច ម៉ាក់ៗត្រូវលាងសម្អាតថ្នេរជាមួយទឹកក្តៅឧណ្ហៗម្តងទៀត រួចជូតថ្នេរថ្នមៗពីមុខទៅក្រោយឱ្យស្ងួត។
៦. ញុំាថ្នាំបំបាត់ការឈឺចាប់
ជាទូទៅ ម៉ាក់ៗអាចញុំាប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់ថ្នេរបន្ទាប់ពីសម្រាលបាន ប៉ុន្តែដើម្បីសុវត្ថិភាព ម៉ាក់ៗអាចស្នើឱ្យពេទ្យចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ ពីព្រោះថ្នាំបំបាត់ការឈឺចាប់មួយចំនួនមិនមានសុវត្ថិភាពក្នុងពេលបំបៅដោះទេ ដោយសារថ្នាំទាំងនោះអាចចូលទៅក្នុងខ្លួនអាអូនតាមរយៈទឹកដោះ។
[embed-health-tool-due-date]
៧. អង្គុយលើខ្នើយ
ម៉ាក់ៗអាចអង្គុយលើខ្នើយ ឬខ្នើយកងដើម្បីកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយសម្ពាធលើថ្នេរ។ លើសពីនេះទៅទៀត ពេលម៉ាក់ៗអង្គុយ ម៉ាក់ៗអាចខ្ជឹបគូទដើម្បីជួយទាញសាច់ចន្លោះទ្វារមាស និងរន្ធគូទចូលគ្នា ចៀសវាងរហែកថ្នេរ។
៨. ឱ្យថ្នេរត្រូវខ្យល់ខ្លះ
ការឱ្យថ្នេរត្រូវខ្យល់ខ្លះអាចការពារការផ្តុំបាក់តេរី កាត់បន្ថយសំណើមនៅតំបន់ថ្នេរ និងជួយឱ្យរបួសឆាប់ជា។ នៅពេលចេញពីពេទ្យត្រលប់មកផ្ទះវិញ ម៉ាក់ៗអាចមិនស្លៀកខោទឹកនោម ខោក្នុង ឬប្រើសំឡីអនាម័យពីរបីម៉ោងក្នុងមួយថ្ងៃដើម្បីឱ្យខ្យល់ចេញចូលល្អ។
ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិអាចជួយម៉ាក់ៗឱ្យឆាប់ជាមុខរបួស តែប្រសិនបើម៉ាក់ៗមានការឈឺចាប់របួស ឬថ្នេរខ្លាំងទៅៗ រហែកថ្នេរ មុខរបួសមានឡើងដុំរឹង និងបង្កឱ្យមានការឈឺចាប់ មុខរបួសឡើងក្រហមក្តៅ មុខរបួសចេញឈាម ឬមានខ្ទុះ ម៉ាក់ៗត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ចំណុចសំខាន់
- ស្អំទឹកកក
- គេងផ្អៀងពេលបំបៅដោះ
- ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤ ម៉ោងម្តង
- ការពារការទល់លាមក
- លាងសម្អាតថ្នេរជាមួយទឹកក្តៅឧណ្ហៗ
- ញុំាថ្នាំបំបាត់ការឈឺចាប់
- អង្គុយលើខ្នើយ
- ឱ្យថ្នេរត្រូវខ្យល់ខ្លះ