ស្រីៗមានផ្ទៃពោះភាគច្រើនចាស់ឲ្យថ្នមខ្លួន មិនត្រូវធ្វើការធ្ងន់ៗ បើនិយាយរឿងហាត់ប្រាណវិញ រឹតតែអត់ទៅទៀតហើយ ព្រោះត្រូវធ្វើកាយវិការ ពត់ពេនដងខ្លួន លើកដៃលើកជើង។ តែបើនិយាយពីក្បួនពេទ្យ ការហាត់ប្រាណដោយប្រើកាយវិការល្មមៗ ពិសេសហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ចំពោះស្ត្រីទាំងអំឡុងពេលពពោះ និងក្រោយសម្រាលកូន។
១. អត្ថប្រយោជន៍នៃការហាត់យ៉ូហ្កាពេលមានផ្ទៃពោះ
ហាត់ប្រាណពេលពពោះមិនមែនដើម្បីឲ្យរាងស្អាតនោះទេ គឺដើម្បីសុខភាពល្អទាំងម្តាយទាំងកូន រួមទាំងអត្ថប្រយោជន៍ផ្សេងទៀត។ ចំពោះស្រីៗគ្នាយើងដែលមានផ្ទៃពោះ តែមិនធ្លាប់ហាត់សោះ ត្រូវចាប់ផ្តើមហាត់ប្រភេទយ៉ូហ្កាថ្នាក់ដំបូង ដែលស្រដៀងនឹងការអង្គុយសមាធិដែរ គ្រាន់តែគេបញ្ចូលការពត់ពេនរាងកាយបែបស្រាលៗ មិនធ្វើឲ្យប៉ះពាល់ដល់ក្នុងផ្ទៃឡើយ។
ចំពោះអត្ថប្រយោជន៍នៃការហាត់យ៉ូហ្កាពេលពពោះមាន៖
– ជួយសម្រួលចលនាឈាមរត់ ចង្វាក់បេះដូង សួត
– ធ្វើឲ្យអារម្មណ៍ស្ងប់
– កាត់បន្ថយអាការៈអស់កម្លាំង មួម៉ៅ ចាញ់កូន
– កាត់បន្ថយអាការៈឈឺខ្នង ចង្កេះ
– ជួយសម្រាលភាពចុករួយស្រពន់ជើង
– ជួយសាច់ដុំអាងត្រគាក ធ្វើឲ្យងាយសម្រាលកូន។

២. អត្ថប្រយោជន៍នៃការហាត់យ៉ូហ្កាក្រោយពេលសម្រាលកូន
ស្រ្តីដែលសម្រាលកូនដោយវះកាត់ អាចហាត់ប្រាណនៅពេលមុរបួសជាសះស្បើយ ដោយត្រូវរង់ចាំរហូតដល់រយៈពេល ៦ អាទិត្យ បន្ទាប់ពីសម្រាលរួច។ ចំពោះស្ត្រីដែលសម្រាលដោយធម្មជាតិវិញ អាចហាត់ប្រាណបានបន្ទាប់ពីចេញពីមន្ទីរពេទ្យ មិនថាការហាត់យ៉ូហ្កា ឬហាត់អ្វីផ្សេងនោះទេ ដែលអត្ថប្រយោជន៍គឺខុសគ្នាច្រើនពីពេលហាត់កាលមានផ្ទៃពោះ។
– ជួយសម្រកទម្ងន់
– ធ្វើឲ្យរាងកាយឆាប់ត្រលប់មកសភាពដើមវិញ
– កាត់បន្ថយស្ត្រេស
– កាត់បន្ថយអាការៈឈឺខ្នង។
៣. ប្រការគួរធ្វើ និងចៀសវាងពេលហាត់ប្រាណ
ដោយសារលក្ខខណ្ឌសុខភាពស្ត្រីពេលពេលពពោះ និងក្រោយសម្រាល ខុសគ្នានឹងមនុស្សធម្មតា ដូច្នេះពេលហាត់ប្រាណ ឬយ៉ូហ្កា ត្រូវតែប្រយ័ត្នខ្លួនបន្តិច ដើម្បីកុំឲ្យមានបញ្ហាចោទចំពោះសុខភាព។
– ស្លៀកសម្លៀកបំពាក់រលុងៗ ឬយឺត
– ជ្រើសរើសប្រភេទស្បែកជើងកីឡាឲ្យបានសមពេលហាត់ប្រាណ
– ហាត់ប្រាណនៅទីតាំងមានផ្ទៃរាបស្មើ ដើម្បីបង្ការគ្រោះថ្នាក់
– ញ៉ាំអាហារផ្ដល់កាឡូរីគ្រប់គ្រាន់ យ៉ាងតិច ១ ម៉ោង មុនហាត់ប្រាណ
– ផឹកទឹកឲ្យបានច្រើន ទាំងមុន អំឡុងពេល និងក្រោយហាត់ប្រាណ
– ក្រោយហាត់ប្រាណផ្ទាល់នឹងកម្រាល ពេលក្រោក ត្រូវក្រោកយឺតៗ ចៀសវាងការវិលមុខ ដួល។
– ចលនាបង្វិលចង្កេះ ពេលឈរ
– ចៀសវាងសកម្មភាពផ្លាស់ប្ដូរលឿនៗ ហក់ចុះហក់ឡើង
– កុំហាត់ប្រាណនៅក្នុងអាកាសធាតុក្ដៅ ឬហប់
– កុំព្យាយាមអត់ដង្ហើម ដើម្បីហាត់ប្រាណបានយូរ ឬច្រើន
– កុំហាត់ប្រាណពេលអស់កម្លាំង
– ចៀសវាងសកម្មភាពនានា ងាយធ្វើឲ្យយើងដួល
– សកម្មភាពលោតហក់ចុះឡើង។