ធ្លាក់ឈាម អស់កម្លាំង រាងកាយចុះខ្សោយ ឈឺក្បាល សាបមាត់ ខ្សោះជាតិទឹក ឆេវឆាវឆាប់ខឹង ឈឺចុកចាប់ឆ្អឹងខ្នង គេងមិនលក់ ទាំងនេះគឺជាអាការៈពេលមករដូវរបស់ស្រីៗ ដែលអាចកើតឡើងយ៉ាងហោចណាស់ ចន្លោះពី ៣ ទៅ ៥ថ្ងៃ ឬយូរជាងនេះ អាស្រ័យលើលក្ខខណ្ឌសុខភាព។
ធ្លាក់ឈាម អស់កម្លាំង រាងកាយចុះខ្សោយ ឈឺក្បាល សាបមាត់ ខ្សោះជាតិទឹក ឆេវឆាវឆាប់ខឹង ឈឺចុកចាប់ឆ្អឹងខ្នង គេងមិនលក់ ទាំងនេះគឺជាអាការៈពេលមករដូវរបស់ស្រីៗ ដែលអាចកើតឡើងយ៉ាងហោចណាស់ ចន្លោះពី ៣ ទៅ ៥ថ្ងៃ ឬយូរជាងនេះ អាស្រ័យលើលក្ខខណ្ឌសុខភាព។

បើសិនជាសុខភាពស្រីៗយើងមិនសូវល្អនោះទេ អាការៈទាំងនោះអាចនឹងកាន់តែអាក្រក់ជាងនេះមួយកម្រិតទៀត ដូច្នេះការរៀបចំរបបអាហារឲ្យបានត្រឹមត្រូវសម្រាប់សុខភាព អាចធ្វើឲ្យសុខភាពរឹងមាំ ថែមទាំងអាចកាត់បន្ថយអាការៈទាំងនេះបានថែមទៀតផង។
ការរៀបចំរបបអាហារត្រៀមមុនពេលមករដូវយ៉ាងហោចរយៈពេល៥ថ្ងៃជាមុនដែរ ឬរាប់ចាប់ពីពេលបង្ហាញសញ្ញាលើរាងកាយ ដូចជា ឈឺទ្រូងតិចៗ អស់កម្លាំង គេងមិនលក់ ដែលពេលនោះរាងកាយត្រូវការរបបអាហារជាចាំបាច់ ដើម្បីទ្រទ្រង់សុខភាព។ រាងកាយត្រូវការអាហារដូចជា ពពួកស្ពៃបៃតង ពពួកអាស៊ីតខ្លាញ់ និង របបអាហារសរសៃ មានផ្លែប៉ោម ចេក ក្រូច ល្ពៅ ល្ហុង ការ៉ុត គ្រាប់ធញ្ញជាតិ និងពួកផ្លែឈើសម្បូរជាតិទឹក។ មួយវិញទៀត ស្រីៗយើងគួរកាត់បន្ថយពពួកអាហារហឹរ អាហារប្រៃពេក ផ្អែមពេក និងអាហារមានក្លិនឆួល មានខ្ទឹមស និងខ្ញីជាដើម។
រាប់ចាប់ពីថ្ងៃទី១ពេលមករដូវ គឺឈាមរដូវអាចធ្លាក់មកច្រើន រាងកាយប្រឈមនឹងការអស់កម្លាំងខ្លាំង ហត់នឿយ ឈឺក្បាល ងងឹតមុខ ស្រវាំងភ្នែក និងចុកពោះ ដូច្នេះរបបអាហារសំខាន់បំផុត គឺពពួកជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម និងពពួកខ្លាញ់អូមេហ្គា។ ជាក់ស្ដែងណាស់ ការមករដូវម្ដងរាងកាយត្រូវបាត់បង់ឈាម ចន្លោះពី ៣០ ទៅ ៨០ មិល្លីលីត្រ ចំណែកជាតិដែក អាចបាត់បង់ជាមធ្យម ១,៦ មិល្លីក្រាមផងដែរ ដូច្នេះសារធាតុចិញ្ចឹមខាងលើគឺសំខាន់និងអាចរកបានក្នុងអាហារដូចជា ពពួកកសាច់ក្រហម ថ្លើម ពងមាន់ បន្លែបៃតង ស្ពៃក្តោប អយស្ទ័រ ក្តាម ខ្យង សាច់មាន់ សណ្តែក និងសណ្តែកសៀង។ ដូចគ្នាដែរ យើងគួរជៀសវាងអាហារឆៅ អាហារកក អាហារផ្អាប់ និង ជាតិត្រជាក់ ដូចជាទឹកកក ភេសជ្ជៈត្រជាក់ មិនគួរទទួលទាននោះទេព្រោះវាអាចរំខានដល់ដំណើរការរដូវ និងបង្កជាវដ្ដរដូវមិនទៀងផងដែរ។

ក្រោយមករដូវ ស្រឌីៗយើងត្រូវចំណាយពេលវេលាយ៉ាងហោចពី ៣ទៅ ៥ថ្ងៃ ត្រូវញ៉ាំអាហារជំនួយដល់ឈាម ពិសេសពង្រឹងដល់សមត្ថភាពការបង្កកំណើតមេជីវិតញីឡើងវិញ។ របបអាហារទាំងនោះមានដូចជា វីតាមីន B ពពួកប្រូតេអ៊ីន កាល់ស្យូម និង ពពួកអាហារមានជាតិសរសៃ។ សារធាតុសំខាន់ទាំងនោះមាននៅក្នុង ទឹកដោះគោស្រស់ សាច់ត្រី បន្លែបៃតង ផ្លែប៉ោម ក្រូច ទំពាំងបាយជូរ និងប៊ឺ ជាដើម។ គួរជៀសវាងដូចជា ពពួកអាហារប្រៃពេក ផ្អែមពេក និង អាហារមានជាតិកាហ្វេអ៊ីន។
អត្ថបទគួរអាន៖
ជារួមការជ្រើសរើសរបបអាហារបានត្រឹមត្រូវសម្រាប់សុខភាព រាប់ចាប់ពីមុនពេល អំឡុងពេល និងក្រោយពេលមករដូវនឹងជួយធ្វើឲ្យរាងកាយស្រីៗយើងរឹងមាំ កាត់បន្ថយអាការៈឈឺចាប់ ការអស់កម្លាំង និងជួយរក្សារដ្ដរដូវបានទៀងទាត់ សំខាន់គឺការពង្រឹងសុខភាពមេជីវិតញីបានកាន់តែល្អប្រសើរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What to eat and avoid during menstruation https://www.downtoearth.org.in/news/health/what-to-eat-and-avoid-during-menstruation-63512
Using Foods Against Menstrual Pain https://www.pcrm.org/good-nutrition/nutrition-information/using-foods-against-menstrual-pain
What Should You Eat During Your Period? https://health.clevelandclinic.org/what-should-you-eat-when-youre-on-your-period/
Exercise, diet & periods https://www.thewomens.org.au/health-information/periods/healthy-periods/exercise-diet-periods
What To Eat Before, During and After Your Period https://cycleharmony.com/healthy-living/nutrition-and-recipes/what-to-eat-before-during-and-after-your-period
Iron Concentrations in Menstruating Nulliparous Women in Jos https://academic.oup.com/labmed/article/44/2/121/2657721
កំណែប្រែបច្ចុប្បន្ន
18/10/2024
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ