សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្កផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណីអាហារណាខ្លះ?
សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹងក្លាយជាសារធាតុរាវខាប់ដូចចាហួយនៅពេលលាយជាមួយទឹក។ ម្សៅ CMC មានតម្លៃ១,២ដុល្លារក្នុង១ក្រាម ហើយម្សៅ CMC ៣ក្រាមអាចលាយជាមួយទឹកបានរហូតដល់ទៅ៥០គីឡូក្រាម ព្រមទាំងអាចចាក់ចូលបង្គាបានដល់ទៅ១តោនឯណោះ។
សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀនយើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់ដល់ក្រពះពោះវៀនដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះទៅទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើងឡើងកន្ទួលរមាស់លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC អាចមាននៅក្នុងទឹកដោះគោ ទឹកផ្លែឈើកំប៉ុង ការេម ស៊ុបកំប៉ុង ទឹកជ្រលក់ មីកញ្ចប់ ម៉ាសមេឡូ (Marshmallows) នំបុ័ង នំបីស្គីត ពពុះសណ្តែក អាហារបង្កក និងចំណីអាហារដែលគ្មានសារធាតុ gluten (Gluten-free) ឬមានជាតិខ្លាញ់ទាបជាដើម ព្រោះសារធាតុ CMC អាចជួយធ្វើឱ្យចំណីអាហារទាំងនេះខាប់ និងធ្វើឱ្យធាតុផ្សំក្នុងចំណីអាហាររលាយចូលគ្នាបានសព្វ ឡើងបានល្អ និងកាត់បន្ថយការប្រើប័រ ប្រេង ឬខ្លាញ់ និងស៊ុតជាដើម។
ដើម្បីចៀសវាងទទួលទានចំណីអាហារដែលមានផ្ទុកសារធាតុ CMC ពេលទិញយើងត្រូវមើលសារធាតុផ្សំលើស្លាកចំណីអាហារដោយរកពាក្យ carboxymethylcellulose, sodium carboxymethyl cellulose, carboxymethylcellulose, carboxymethyl cellulose, CMC, sodium CMC, cellulose gum, E466 ឬ E469។