backup og meta

ដឹងថាធ្វើការរវល់ច្រើនមិន​សូវ​បាន​ចម្អិន​ម្ហូប​ តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 21, 2023

    ដឹងថាធ្វើការរវល់ច្រើនមិន​សូវ​បាន​ចម្អិន​ម្ហូប​ តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ

    អាហារប៉ះពាល់សុខភាពមានអ្វីខ្លះ? អាហារពេញនិយមសម្រាប់អ្នកធ្វើការក្នុង​ការិយាល័យ គឺសាំងវិច នំបុ័ង​សាច់ នំប្រៃ នំខូឃី ឬម្ជូរជាដើម។ ដោយសារ​​​​រវល់ធ្វើការ មានពេលសម្រាកខ្លី គ្មានពេល​វេលាគ្រប់គ្រាន់​ក្នុង​ការចម្អិន ឬញុំាអាហារ ជាពិសេសអាហារពេលព្រឹកនិងអាហារសម្រន់ នៅជិត​កន្លែងធ្វើការមានលក់​អី​ក៏​ទិញ​ហ្នឹងញុំាទៅ។ មួយវិញទៀត អាហារ​ទំាងនេះ​​មានមានភាពងាយ​ស្រួល​ក្នុងការញុំា ដោយអាច​ញុំាបណ្តើរ​ធ្វើការ​បណ្តើរក៏បាន មិនចំណាយពេលយូរក្នុងការញុំា។ យ៉ាងណាមិញ យើងគួរកាត់បន្ថយអាហារទាំងនេះ ព្រោះ​ប៉ះពាល់សុខភាពច្រើន​ដែរ​។

    ១. អាហារ Fast Food

    អាហារហ្វាសហ្វូតរួមមាន ដំឡូងបំពង ភីហ្សា បឺហ្គឺ សាំងវិច នំបុ័ងទួគី នំបុ័ង​ហតដក នំបុ័ងសាច់ នំដូណាត់ ភ្លៅមាន់បំពង និងស្លាបមាន់ក្រឡុកជាដើម​ដែលសម្បូរទៅដោយម្សៅកែច្នៃ ផ្ទុក​ខ្លាញ់ អំបិល ស្ករ និងកាឡូរីខ្ពស់។ ការញុំាអាហារហ្វាសហ្វូតច្រើនបង្កើនហានិភ័យធាត់ កើតជំងឺ​លើស​សម្ពាធ​ឈាម ជំងឺបេះដូង មហារីកពោះវៀនធំ ទឹកនោមផ្អែម និងបាក់ទឹកចិត្ត។

    ២. អាហារកែច្នៃ

    ការញុំាអាហារកែច្នៃដូចជា មីកំប៉ុង ប្រហិត សាច់ប៉ាត់តេ នំកញ្ចប់ ឬអាហារ​កំប៉ុង​ច្រើនអាច​ធ្វើឱ្យ​យើង​ធាត់ ប្រឈម​បញ្ហាលើសសម្ពាធឈាម កើតជំងឺបេះដូង និងជំងឺទឹក​នោមផ្អែម​ដោយសារ​ក្នុង​អាហារកែច្នៃ​មាន​សារធាតុចិញ្ចឹមតិចតួច តែផ្ទុកកាបូអ៊ីដ្រាតកៃច្នៃ ជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់។

    មួយវិញទៀត ក្នុងអាហារ​កែច្នៃ​មានផ្ទុកសារធាតុរក្សាទុក ជាតិពណ៌ (ល័ក្ត) ក្លិន រសជាតិ និង​ជាតិស្ករ​សប្បនិម្មិតដែលអាច​បណ្តាលឱ្យ​យើងមានបញ្ហាអាលែកហ្ស៊ី និងប៉ះពាល់សុខភាពក្រពះពោះវៀន។ ជាងនេះទៅទៀត តាមការសិក្សាបាន​ឱ្យដឹងថា ការញុំាសាច់កែច្នៃច្រើនបង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក។

    អាហារកែច្នៃ

    ៣. អាហារផ្អាប់

    ជាធម្មតាក្រោយពេលបាយថ្ងៃរួច ម្ជួរដែលរួមមានទាំងផ្លែឈើត្រាំដែរ​គឺជាអាហារសម្រន់​ដ៏​ពេញ​និយម​សម្រាប់​អ្នកធ្វើការក្នុង​ការិយាល័យ​មួយ​ចំនួន​ ជាពិសេសស្រីៗ។ ដើម្បីបំបាត់ជាតិជូរ និង​ដើម្បី​រក្សា​ផ្លែឈើ​ឱ្យទុកបានយូរ អ្នកលក់យកផ្លែឈើទៅត្រាំផ្អាប់ជាមួយអំបិល​ក្នុងបរិមាណដ៏ច្រើន​ដែលធ្វើឱ្យជាតិអំបិល​ជា្រប​ចូលសព្វសាច់ផ្លែឈើ។ ការញុំាជាតិប្រៃច្រើនអាច​ធ្វើ​ឲ្យ​រាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ ចាល់ជាតិទឹក បណ្តាល​ឱ្យ​កើតជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ពុកឆ្អឹង និង​មហារីក​ក្រពះ​។

    អាហារហ្វាសហ្វូត អាហារកែច្នៃ អាហារផ្អាប់ផ្តល់ផលប៉ះពាល់សុខភាពច្រើន ហេតុ​នេះ​ហើយ​យើង​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ទាំង​នេះ។ មួយ​វិញ​ទៀត ទោះរវល់យ៉ាងណា​ក៏យើងគួរងាក​មកញុំា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ត្រី សាច់ បន្លែ និងផ្លែឈើស្រស់ជំនួយវិញ ព្រោះអាហារទាំងនេះ​សម្បូរ​ទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ពិសេស​រ៉ែដែក​។ ជាពិសេស ពពួក​បន្លែ និង​សាច់​សម្បូរ​ជាតិដែក​ ជួយ​រាង​កាយ​​ផ​លិត​​​កោសិកាឈាម​ក្រហម ​ដើម្បីដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​រាង​កាយ​ទាំង​មូល ​និង​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ អាហារសម្បូរ​ជាតិ​ដែក​មាន​ដូច​ជាសាច់ ស៊ុត ប៉េងប៉ោះ ខាត់ណា​ខៀវ ដំឡូងបារាំង ម្ទេសប្លោក​ និង​ពពួក​សណ្តែក។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម