backup og meta

កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព ប្រញាប់បំពេញឡើងវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 20, 2023

    កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព ប្រញាប់បំពេញឡើងវិញ

    ​កង្វះ​ជាតិ​ដែក​​អាច​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​​បញ្ហា​លូតលាស់​របស់​រាង​កាយ និង​បញ្ញា​ស្មារតី ហើយ​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ស្លេក​ស្លាំង​ទៀត​ផង​។ ​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក ជា​បញ្ហា​មួយ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​លើ​កុមារ​ ដោយ​សារ​តែ​ពួក​គេ​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​របប​អាហារ​។

    តើ​ជាតិ​ដែក​​មាន​សារសំខាន់​បែប​ណា​ចំពោះ​កុមារ?

    ​ជាតិ​ដែក​ជួយ​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ និង​ជួយ​សាច់​ដុំ​រក្សា​ទុក និង​ប្រើ​ប្រាស់​អុកស៊ីសែន​ផង​ដែរ​។​ បើ​សិន​ជា​កុមារ​មាន​របប​អាហារ​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ នោះ​ពួក​គេ​នឹង​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​។

    បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ គឺ​ជា​បញ្ហា​ទូ​ទៅ​មួយ​ដែល​ឧស្សាហ៍​កើត​មាន​លើ​កុមារ​។ បញ្ហា​ខ្វះ​ជាតិ​ដែក​អាច​មាន​កម្រិត​ផ្សេងៗ​គ្នា​​ដោយ​ចាប់​តាំង​ពី​កម្រិត​ស្រាល ដល់​កម្រិត​ខ្វះ​ជាតិ​ដែក​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​។ ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក គឺ​ជា​បញ្ហា​សុខភាព​មួយ​ដែល​ឈាម​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់​គ្រាន់​។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ នឹង​ធ្វើ​ឲ្យ​កុមារ​ប្រឈម​នឹង​បញ្ហា​លូត​លាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី​។

    ចង់គណនា BMR ចុចទីនេះ!

    ​ទារក និង​កុមារ​ដែល​មាន​ហានិភ័យ​​ខ្ពង់​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​​រួម​មាន​៖

    • ​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​មិន​ត្រូវ​ស្តង់ដារ​
    • ក្មេង​ដែល​ផឹក​ទឹក​ដោះ​គោ ឬទឹក​ដោះ​ពពែ​មុន​អាយុ​១​ឆ្នាំ
    • ទារក​បំបៅ​ដោះ​ដែល​មិន​បាន​ទទួល​អាហារ​បន្ថែម​ក្រៅ​ក្រោយ​អាយុ​ ៦ខែ
    • ទារក​ដែល​បៅ​ទឹកដោះគោម្សៅ​មិន​មាន​បន្ថែម​ជាតិ​ដែក​
    • កុមារ​​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ដូចជា​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ
    • ​កុមារ​ដែល​មិន​ព្រម​​ញ៉ាំ​អាហារ​​​មាន​ជាតិ​ដែក​
    • កុមារ​ធាត់​លើស​ទម្ងន់​

    ដូច​គ្នា​ដែរ ក្មេង​ស្រី​វ័យ​ជំទង់​ ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​ដែរ ដោយសារ​រាង​កាយ​បាត់​បង់​ឈាម​ច្រើន​នៅ​ពេល​មក​រដូវ​ម្ដងៗ​។ ជាទូទៅ​រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក​មាន​ដូច​ជា​ស្លេកស្លាំង អស់កម្លាំង ហត់ ខ្សោយ​ មាន​បញ្ហា​អាកប្បកិរិយា និង​ងាយ​ឆ្លង​មេរោគ​ជា​ដើម​។ បើ​សិន​ជា​កូន​មាន​ចេញ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ទាំង​នេះ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។

    កូនខ្វះជាតិដែក

    តិចនិក​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក

    ​​​ក្មេង​ដែល​បៅ​​ទឹក​ដោះ​គោ​ម្សៅ​មាន​បន្ថែម​ជាតិ​ដែក​ទំនង​ជា​មិន​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិដែក​នោះ​ទេ។ ប៉ុន្តែ​បើ​កូន​បៅ​ទឹក​ដោះ​ម្ដាយ គឺ​​អាច​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ ដែល​ជា​ហេតុ​ម៉ាក់​ៗ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ច្បាស់​ថា​ខ្លួន​ ឬ​កូន​គួរ​ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​បន្ថែម​ឬ​យ៉ាង​ណា​។

    ក្រៅ​ពី​នេះ​ម៉ាក់​ប៉ា​អាច​អនុវត្ត​វិធី​សាស្រ្ត​មួយ​ចំនួន​ទៀត​ដើម្បី​ការពារ​កូន​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក៖

    បន្ថែម​អាហារ​សម្បូរ​ជាតិ​ដែក​៖ នៅ​ពេល​កូន​ចូល​ដល់​វ័យ​ញ៉ាំ​អាហារ​រឹង​បាន​(អាយុ​លើស​ពី​៦ខែ) ប៉ា​ម៉ាក់​គួរ​ផ្ដល់​ឲ្យ​កូន​នូវ​បបរ​ខាប់​គ្រប់​គ្រឿង​ ហើយ​ពេល​កូន​កាន់​តែ​ធំ និង​ចេះ​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន​គួរ​បញ្ចូល​សាច់​ជ្រូក សាច់​គោ ត្រី សណ្ដែក និង​ស្ពៃ​ ឬ​បន្លែ​បៃតង​ផ្សេង​ទៀត​។​

    កុំ​ឲ្យ​កូន​ញ៉ាំ​​ទឹក​ដោះ​គោ​ច្រើន​ពេក​៖ កូន​នៅ​អាយុ​ចន្លោះ​ពី​ ១​-៥​ឆ្នាំ មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោ​លើស​ពី​ ៧១០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។

    បន្ថែម​អាហារ​សម្បូរ​វីតាមីន C៖ វីតាមីន C ជួយ​ជំរុញ​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែក​។ ប៉ា​ម៉ាក់​អាច​ផ្ដល់​អាហារ​មាន​វីតាមីន​ C ឲ្យ​កូន​ញ៉ាំ ដើម្បី​ឲ្យ​រាង​កាយ​កូន​អាច​ស្រូប​ជាតិ​ដែក​បាន​កាន់​តែ​ល្អ​។​ អាហារ​សម្បូរ​វីតាមីន C មាន​ដូច​ជា​ពពួក​ផ្លែ​ក្រូច ដំឡូង​បារាំង ម្ទេសប្លោក និង​បន្លែ​ស្លឹក​បៃ​តង​ជា​ដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម