វ៉ាក់សាំងបង្ការជំងឺរាករូស (Rotavirus Vaccine) អាចជួយឱ្យទារក និងកុមារតូចៗជៀសផុតពីជំងឺរាករូសធ្ងន់ធ្ងរ ហើយត្រូវចាក់លើទារកដែលមានអាយុចាប់ពី ៨ ដល់១២សប្តាហ៍។
ពិតណាស់ កុមារភាគច្រើនដែលឆ្លងវីរុសRotavirusដែលបណ្តាលឱ្យរាករូសនេះ នឹងអាចជាសះស្បើយត្រឹមរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្មេងខ្លះអាចបាត់បង់ជាតិទឹកច្រើន និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងអាចគ្រោះថ្នាក់ដល់អាយុជីវិតផងក៏មាន។ ជាទូទៅ វីរុស Rotavirus ដែលបង្កជាជំងឺរាករូសឆ្លងយ៉ាងឆាប់រហ័ស ហេតុនេះហើយប៉ាម៉ាក់គួរតែបញ្ឈប់ការឆ្លង តាមរយៈការនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស។
ពេលណាដែលបេប៊ីគួរចាក់វ៉ាក់សាំងបង្ការជំងឺរាករូស?
ទារកគួរតែទទួលបានវ៉ាក់សាំងនៅពេលដែលអាអូនអាយុបាន ៨ សប្តាហ៍ និង១២សប្តាហ៍។ ប៉ុន្តែប្រសិនបើទារកខកខានមិនបានចាក់វ៉ាក់សាំង ប៉ាម៉ាក់គួរតែប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ ក្នុងករណីដែលខកខានចាក់វ៉ាក់សាំងដូសទី១ ទារកអាចចាក់នៅអាយុ១៥សប្តាហ៍ ហើយប្រសិនបើខកខានដូសទី២ ក៏អាចចាក់នៅអាយុ២៤សប្តាហ៍បានផងដែរ។























