របួសខួរក្បាល អាចបណ្តាលមកពីកត្តាផ្នែកខាងក្រៅមួយចំនួន ដូចជាការប៉ះទង្គិច ឬការមុតទៅនឹងវត្ថុណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការប្រក្រតីនៃខួរក្បាល។
ផលប៉ះពាល់នៃការរងរបួសខួរក្បាល អាចមិនបង្ហាញភ្លាមៗក៏ពិតមែន តែអាចមានរយៈពេលពេញមួយជីវិត ឬវិវត្តន៍ទៅជាធ្ងន់ធ្ងរ ប្រសិនបើមិនធ្វើការព្យាបាល។ ជាទូទៅ កុមារភាគច្រើនអាចជាសះស្បើយពីការរងរបួសខួរក្បាល ដោយមិនមានការប៉ះពាល់រយៈពេលវែង ស្របពេលដែលក្មេងខ្លះទៀត អាចនឹងពិការ ឬបាត់បង់ជីវិតនៅពេលដែលរងរបួសខួរក្បាលធ្ងន់ធ្ងរ។
ការរងរបួសខួរក្បាលមាន៣ប្រភេទគឺ៖
- របួសក្បាលដែលគ្មានការដាច់រលាត់
- របួសក្បាលដែលមានដាច់រលាត់
- របួសក្បាលខ្ទាំខ្លាំងដោយការសង្កត់
មូលហេតុទូទៅនៃការរងរបួសក្បាលលើកុមារមានអ្វីខ្លះ?
- ការធ្លាក់ ឬដួល
- ការបុក ឬទង្គិចនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍
- ការប្រើអំពើហិង្សា
- ការរងរបួសនៅពេលលេងកីឡា























