ជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុស RSV ជាវីរុសមួយក្នុងចំណោមវីរុសជាច្រើនទៀត ដែលអាចបណ្តាលឲ្យមានការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ ឬរោគសញ្ញាគ្រុនផ្តាសាយ។ ជាទូទៅ ជំងឺនេះ នឹងចេញរោគសញ្ញា ក្នុងរយៈពេលពី២ ទៅ៥ថ្ងៃ ក្រោយប៉ះពាល់នឹងវីរុស។ ពិតណាស់ វីរុស RSV គ្រាន់តែអាចបង្ករោគសញ្ញាដូចជាគ្រុនផ្តាសាយធម្មតាប៉ុណ្ណោះចំពោះគ្នាយើងភាគច្រើន ប៉ុន្តែវាអាចបង្កឱ្យមានការឆ្លងមេរោគទៅជារលាកសួតធ្ងន់ធ្ងរចំពោះទារក ជាពិសេសកុមារតូចៗដែលមានបញ្ហាសុខភាពស្រាប់។
រោគសញ្ញានៃជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុស RSV មានអ្វីខ្លះ?
ជាទូទៅ នៅដំណាក់កាលដំបូង រោគសញ្ញាភាគច្រើន មានលក្ខណៈស្រដៀងទៅនឹងផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំដែរ ដែលរួមមាន៖ ហៀរសម្បោរ តឹងច្រមុះ ក្អក និងក្តៅខ្លួន។ យ៉ាងណាមិញ ប៉ាម៉ាក់គួរកត់សម្គាល់រោគសញ្ញាចម្បងៗទាំងនេះ៖
- ហៀរសម្បារ
- ក្តៅខ្លួន
- ក្អក
- មិនដកដង្ហើមលើសពី១០វិនាទី
- ពិបាកញ៉ាំ ឬផឹក
- តឹងទ្រូង ឬពោះនៅពេលដកដង្ហើម
- ពិបាកដកដង្ហើម
- បបូរមាត់ និងចង្អុលដៃឡើងខៀវ។























