នៅពេលអាកាសធាតុក្តៅខ្លាំង ទារក និងកុមារតូចៗពិបាកក្នុងការរក្សាតុល្យភាពរាងកាយណាស់ ដូចនេះ តើប៉ាម៉ាក់គួរថែទាំកូនបែបណាល្អ? ពិតណាស់ ទារក និងកុមារតូចៗ មិនងាយបែកញើសខ្លាំងដូចមនុស្សពេញវ័យទេ ដែលកត្តានេះអាចធ្វើឲ្យក្មេងប្រឈមហានិភ័យក្នុងការឡើងកម្តៅខ្លាំង។
ប៉ាម៉ាក់គួរថែទាំកូនយ៉ាងម៉េចពេលស្ថិតក្នុងអាកាសធាតុក្តៅ?
ប៉ាម៉ាក់គួរឱ្យកូនញ៉ាំទឹកឱ្យបានច្រើន។ សម្រាប់ទារកអាយុក្រោម៦ខែ ម៉ាក់គួរបំបៅដោះ ឬទឹកដោះគោ ប៉ុន្តែបើអូនអាយុចាប់ពី៦ខែឡើងទៅ យើងអាចបន្ថែមទឹកឆ្អិននៅចន្លោះពេលបំបៅដោះកូន។ បន្ថែមពីនេះ គួរស្លៀកសំលៀកបំពាក់ស្តើង និងរលុងឱ្យកូន ក៏ដូចជាជៀសវាងចេញទៅខាងក្រៅផ្ទះ។
ធ្វើម៉េចដឹងថាទារកក្តៅខ្លាំង?
ដើម្បីដឹងថារាងកាយអាអូនក្តៅឬអត់ ប៉ាម៉ាក់គួរដាក់ដៃនៅលើទ្រូង ឬខ្នងរបស់កូន ពីព្រោះថាបរិវេណនេះ ធ្វើឱ្យយើងងាយដឹងថាកូនក្តៅ ជាងដៃ ឬជើងអាអូន ពីព្រោះជាទូទៅ ដៃ ឬជើងមានសីតុណ្ហភាពត្រជាក់ជាងរាងកាយរបស់ពួកគេ។























