តេស្ដូស្ដេរ៉ូនគឺជាអ័រម៉ូនភេទប្រុស ដែលមានមុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ ក្នុងនោះជួយជំរុញដល់ការលូតលាស់របស់ឆ្អឹងឲ្យរឹងមាំ ស្បែក ពណ៌សម្បុរ សក់ សំឡេង សាច់ដុំ និង បំពេញមុខងារផ្លូវភេទឲ្យរឹងមាំផងដែរ។ អ័រម៉ូននេះមាននៅក្នុងរាងកាយ ទាំងបុរស និង ស្ដ្រី ប៉ុន្ដែនៅក្នុងរាងកាយបុរសមានច្រើនជាងស្ដ្រី ទើបគេហៅថាអ័រម៉ូនភេទប្រុស។ ដូច្នេះបុរសៗប្រសិនបើជួបបញ្ហាថយចុះអ័រម៉ូននេះហើយ បញ្ហាប្រឈមខ្លាំងជាងគេ គឺសុខភាពផ្លូវភេទតែម្ដង។
តាមការសិក្សាកន្លងមកបានបង្ហាញថា អ័រម៉ូននេះនឹងចាប់ផ្ដើមថយចុះបរិមាណក្នុងវ័យចាប់ពី៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីមួយចំនួនមានការប្រែប្រួលដែលបុរសៗខ្លះមិនទាន់ដល់អាយុ៣០ឆ្នាំផងក៏ចាប់ផ្ដើមថយចុះជាបណ្ដើរៗទៅហើយ នោះក៏ព្រោះតែកត្ដាជីវភាពរស់នៅ ការហូបចុក និង រាងកាយមិនសូវមានសកម្មភាព។
តើការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនវ័យក្រោម៣០ឆ្នាំបង្ហាញសញ្ញាដូចម្ដេច?
ការថយចុះកម្រិតបរិមាណអ័រម៉ូន តេស្ដូស្ដេរ៉ូនភេទប្រុសនឹងបង្ហាញសញ្ញាសំខាន់ដូចជា៖
- ខ្សោយសមត្ថភាពផ្លូវភេទ លិង្គមិនសូវឡើងរឹង រួមភេទឆាប់ចេញទឹក
- ថយចុះចំណង់ផ្លូវភេទ
- អសមត្ថភាពបង្កកំណើត
- ជ្រុះសក់ច្រើន
- ថយចុះម៉ាសសាច់ដុំ
- រាងកាយកើនឡើងជាតិខ្លាញ់
- គេងមិនសូវស្កប់ស្កល់
- ស្មុគស្មាញច្រើន
- ចុះខ្សោយការគិត
- ឡើងគីឡូ
- ដោះរីកធំជាងមុន
ទាំងនេះជារោគសញ្ញាគួរកត់សម្គាល់ថា បរិមាណតេស្ដូស្ដេរ៉ូនក្នុងរាងកាយត្រូវថយចុះ។
ពេលណាគួរទៅជួបគ្រូពេទ្យ?
ការថយចុះកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូនមុនវ័យមិនមែនជារឿងធម្មតានោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ ដូច្នេះក្នុងករណីសង្ស័យថា កម្រិតអ័រម៉ូនមានការថយចុះ ដោយបង្ហាញរោគសញ្ញាដូចខាងលើ គួរទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្ដនិងទទួលការព្យាបាល។ ក្នុងករណីមិនច្បាស់លាស់ មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់ថ្នាំព្យាបាលមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ដល់បេះដូង ធ្វើឲ្យអ្នកជំងឺប្រឈមកើតជំងឺគាំងបេះដូងផងដែរ។