ជំងឺខ្សោយបេះដូង កើតឡើងនៅពេលដែលបេះដូងមិនអាចច្របាច់ឈាមដែលមានផ្ទុកអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅចែកចាយពាសពេញរាងកាយ។ ជាធម្មតា ជំងឺនេះបណ្ដាលមកពីជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូងផ្សេងទៀត ដែលយើងតែងជួបប្រទះនៅពេលមានវ័យកាន់តែច្រើន។ ចំពោះបុរស ១៤% និងស្ត្រី ១៣% ដែលមានវ័យលើសពី៨០ឆ្នាំ បានកើតជំងឺខ្សោយបេះដូងនេះ។
ជំងឺខ្សោយបេះដូងមាន២ប្រភេទ គឺបេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើតឡើងនៅពេលបេះដូងច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើតឡើងនៅពេលបេះដូងរលា។
[embed-health-tool-heart-rate]
មូលហេតុបង្ក
មូលហេតុបង្ក និងរោគសញ្ញានៃជំងឺខ្សោយបេះដូងទាំង២ប្រភេទនេះ មានភាពខុសគ្នា។ ពេលបេះដូងខ្សោយក្នុងការច្របាច់ឈាម បេះដូងនឹងរីកធំ ហើយជញ្ជាំងបេះដូងស្ដើងជាងមុន។ កត្តានេះបណ្ដាលឲ្យចង្វាក់បេះដូងខ្សោយ និងកាត់បន្ថយបរិមាណឈាមដែលបេះដូងច្របាច់ចេញទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ជំងឺខ្សោយបេះដូងប្រភេទនេះ ច្រើនតែវិវត្តក្រោយពេលដែលអ្នកជំងឺធ្លាប់មានអាការៈគាំងបេះដូង ឬជំងឺសរសៃឈាមបេះដូង។
បេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ កើតឡើងនៅពេលដែលជញ្ជាំងបេះដូងឡើងក្រាស់ ដែលធ្វើឲ្យបេះដូងពិបាករលា ដើម្បីឲ្យឈាមចូលបេះដូងបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មូលហេតុបង្កផ្សេងទៀត រួមមាន៖
- បញ្ហាប្រឹសបេះដូង
- ជំងឺចង្វាក់បេះដូងដើរមិនទៀង
- ជំងឺរលាកសាច់ដុំបេះដូង
- ការគេងបាត់ដង្ហើម
រោគសញ្ញាទូទៅនៃជំងឺខ្សោយបេះដូង
រោគសញ្ញានៃជំងឺខ្សោយបេះដូង អាចមានលក្ខណៈខុសៗគ្នាអាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃជំងឺ។ ជំងឺខ្សោយបេះដូងស្រួចស្រាល់កើតឡើងភ្លាមៗ និងអាចបណ្តាលមកពីបញ្ហាគាំងបេះដូង។ រោគសញ្ញារួមមាន៖
- អស់កម្លាំងខ្លាំង
- ពិបាកដកដង្ហើម នៅពេលបញ្ចេញសកម្មភាពតិចតួច ឬនៅពេលដែលយើងសម្រាក
- ហើមជើង ប្រអប់ជើង កជើង
- មានសម្ពាធក្នុងទ្រូង ឬមិនស្រួលទ្រូង
- ថប់បារម្ភភ្លាមៗ ឬវង្វេងវង្វាន់
- ក្អក
- វិលមុខ
រោគសញ្ញាដទៃទៀតនៃជំងឺខ្សោយបេះដូង
- ពិបាកផ្ចង់អារម្មណ៍
- បាត់បង់ការចងចាំ
- ពិបាកគេង
- គ្មានកម្លាំងកំហែង
- ឡើងទម្ងន់
- ចង្វាក់បេះដូងលោតញាប់ ឬមិនទៀង។
អត្ថបទគួរអាន៖
- គន្លឹះសំខាន់ៗ រក្សាសម្ពាធឈាមឲ្យនៅកម្រិតល្អចំពោះសុខភាព
- ខ្ទឹមសមានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និងឆ្អឹង
- សម្ពាធឈាមខ្ពស់ប៉ះពាល់សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?
- មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- សូណា ជួយបេះដូង និងសម្ពាធឈាម ដូចហាត់ប្រាណដែរ
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល
គន្លឹះគ្រប់គ្រងជំងឺខ្សោយបេះដូង
ទោះបីជាយើងមានជំងឺខ្សោយបេះដូងក៏ដោយ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងរោគសញ្ញាបាន តាមរយៈការអនុវត្តគន្លឹះមួយចំនួនខាងក្រោម៖
- ជៀសវាងញ៉ាំអាហារប្រៃពេក
- រក្សាទម្ងន់ខ្លួនឲ្យសមល្មម
- ពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីលំហាត់ប្រាណសមស្រប ដើម្បីជួយពង្រឹងបេះដូង ព្រមទាំងគ្រប់គ្រងចង្វាក់បេះដូងឲ្យបានល្អ
- បញ្ឈប់ការជក់បារី និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងឲ្យនៅកម្រិតទាប
- ជៀសវាងប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជា និងឱសថបុរាណ ដែលអាចបណ្ដាលឲ្យមានការចាល់ទឹកព្រមទាំងធ្វើឲ្យជំងឺខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរលើសដើម។
ចំណុចសំខាន់
– ជំងឺខ្សោយបេះដូងបង្កឡើងដោយជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូងផ្សេងទៀត ហើយភាគច្រើនកើតលើមនុស្សវ័យចំណាស់។
– ជំងឺខ្សោយបេះដូងចែកចេញជាពីរប្រភេទ៖
- បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure)៖ ធ្វើឱ្យការច្របាច់ឈាមផ្តល់ទៅឱ្យសរីរាង្គផ្សេងទៀតមិនគ្រប់គ្រាន់
- បេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure)៖ កើតឡើងនៅពេលបេះដូងរលាដោយសារបញ្ហានៅលើសាច់ដុំបេះដូង ដូចជាសាច់ដុំបេះដូងក្រាស់ ឬក្រិនជាដើម