“ជំងឺបេះដូង” នៅលេខរៀងទី១ ក្នុងចំណោមជំងឺកាចសាហាវបំផុត និងសម្លាប់មនុស្សច្រើនបំផុតលើផែនដី។ មូលហេតុបណ្ដាលឲ្យមានបញ្ហាបេះដូង អាស្រ័យលើសកម្មភាពរស់នៅប្រចាំថ្ងៃ របបអាហារមិនត្រឹមត្រូវ ចូលចិត្តអាហារខ្លាញ់ (សាច់ជាប់ខ្លាញ់) មិនសូវហាត់ប្រាណ ឡើងគីឡូ ជាហេតុខ្លាញ់ និងកូលេស្តេរ៉ុលកើនឡើងក្នុងឈាម។ ប៉ុន្តែ មានកត្តាប្រយោលមួយទៀត គ្នាយើងមិនសូវចាប់អារម្មណ៍គឺ “ស្ត្រេស” នាំឲ្យមានបញ្ហាបេះដូង ហើយក៏ជាជំងឺកើតឡើងច្រើនបំផុតដូចគ្នា ពិសេសនៅកន្លែងធ្វើការតែម្តង។
១– ហេតុផលជំងឺបេះដូងបង្កដោយស្ត្រេស
ការងារប្រាកដជាមិននៅនឹងថ្កល់មួយកន្លែងទេ តែងមានការរីកចម្រើន ប្រកួតប្រជែង តម្រូវការកាន់តែខ្ពស់ ឬចង់បានលទ្ធផលកាន់តែល្អ សុទ្ធជាកត្តាត្រូវជំរុញឲ្យមនុស្សម្នាក់ៗ កាន់តែគិតច្រើន កាន់តែប្រឹង។ បញ្ហាកើតឡើងស្ទើររាល់ថ្ងៃទាំងនេះ ជះឥទ្ធិពលអាក្រក់លើប្រព័ន្ធសរសៃឈាមបេះដូង។
ការស្រាវជ្រាវរបស់ប្រទេសហ្វាំងឡង់ បង្ហាញថា អត្រាការស្លាប់ដោយជំងឺបេះដូង កើនឡើងដល់ទៅ ២ដង ចំពោះអ្នកធ្វើការក្រោមសម្ពាធខ្លាំង បើប្រៀបធៀបនឹងអ្នកធ្វើការធម្មតា។ អត្រានេះកើនកាន់តែខ្ពស់រហូតដល់ ២,៤ដង ចំពោះអ្នកប៉ុនប៉ងចង់តួនាទីកាន់តែធំ ឬប្រាក់ខែកាន់តែច្រើន តែមិនបានសម្រេច។
ក្រុមអ្នកស្រាវជ្រាវបានបង្កើតសំណួរ ធ្វើកិច្ចសម្ភាស និងពិនិត្យរាងកាយ ដើម្បីប្រមូលទិន្នន័យពីក្រុមមនុស្សមានបញ្ហាស្ត្រេស លើសសម្ពាធឈាម កម្រិតកូលេស្តេរ៉ុលកើនខ្លាំង រួមទាំងសន្ទស្សន៍រាងកាយ និងទម្ងន់ BMI ជាដើម។
លទ្ធផលរកឃើញថា អ្នកស្ត្រេសខ្លាំងនៅកន្លែងធ្វើការ ងាយនឹងស្លាប់ដោយសារជំងឺបេះដូង មានជាតិកូលេស្តេរ៉ុល និងBMI ខ្ពស់។ ឆ្លើយតបនឹងបញ្ហាស្ត្រេស រាងកាយមិនត្រូវការប្រើប្រាស់អ័រម៉ូន ឬបំប្លែងថាមពលពីខ្លាញ់ទេ នាំឲ្យមានការកើនឡើងអ័រម៉ូន និងខ្លាញ់ក្នុងប្រព័ន្ធសរសៃឈាម បង្កឲ្យមានជំងឺលើសឈាម។
មិនតែប៉ុណ្ណោះ ស្រ្តេសធ្វើឲ្យបេះដូងលោតញាប់ ផ្លាស់ប្តូរមេតាប៉ូលីសខ្លាញ់ បង្កើនកម្រិតកំណកក្នុងសរសៃឈាម ជាហេតុនាំឲ្យកើតជំងឺបេះដូង។
២– ការសិក្សាពីបញ្ហាសរសៃបេះដូង
ភាពតានតឹងគ្មានផលល្អសម្រាប់ជំងឺលើសឈាម ឬសរសៃឈាមបេះដូងទេ ពិសេសជាមូលហេតុកើតជំងឺគាំងបេះដូងតែម្តង។ ការសិក្សា ១៣ ខុសៗគ្នាក្នុងប្រទេសសរុប ៧ ធ្វើឡើងលើអ្នកចូលរួមដែលគ្មានជំងឺសរសៃឈាមបេះដូង។ ការពិសោធតាមរយៈតាមដានសុខភាពក្រុមអ្នកចូលរួមនោះ រយៈពេល ៧ ឆ្នាំកន្លះ ហើយលទ្ធផលបង្ហាញថា ក្នុងចំណោមមនុស្ស ២សែននាក់ មានប្រមាណ ៣ ម៉ឺននាក់ ទទួលរងសម្ពាធពីការងារ ដូចជា ធ្វើការលើសកម្រិត ចំណាយពេលវេលាច្រើនពេក និងកង្វះសេរីភាពក្នុងការសម្រេចចិត្ត។ ការគណនាកម្រិតប្រឈមជំងឺបេះដូង ដោយសារស្ត្រេស ឃើញមាន ៣,៤% មានន័យថា យើងអាចការពារករណីជំងឺបេះដូងកុំឲ្យកើតឡើង បានប្រមាណ ៣,៤% បើយើងកាត់បន្ថយភាពស្ត្រេសនៅកន្លែងធ្វើការតាមរយៈហាត់ប្រាណ សម្រួលអារម្មណ៍ផ្លូវចិត្ត ទទួលការព្យាបាល និងពិគ្រោះយោបល់ផ្លូវចិត្ត ជាដើម។
យ៉ាងណា របាយការណ៍លើកឡើងថា មនុស្សគ្រប់គ្នាមិនអាចចៀសពីសម្ពាធការងារបានទេ អ៊ីចឹងហើយ ការធ្វើចិត្តកុំឲ្យស្ត្រេស ពិតជាពិបាកខ្លាំងណាស់។ យើងគួរព្យាយាមបំបាត់ទម្លាប់ ដូចជា ជក់បារី ហើយចាប់ផ្តើមបង្កើតទម្លាប់ហាត់ប្រាណ គិតរឿងវិជ្ជមានឲ្យបានច្រើន ដើម្បីឲ្យបេះដូងមានសុខភាពល្អ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស
- សញ្ញាព្រមានទាំង៧ បញ្ជាក់ថាបេះដូងដំណើរការមិនប្រក្រតី
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
[embed-health-tool-heart-rate]