ឈឺទ្រូង ចង្វាក់បេះដូងលោតញាប់ និងបែកញើស សុទ្ធតែជារោគសញ្ញានៃអាការៈគាំងបេះដូង ឬភ័យគាំង។ ពិតណាស់ អាការៈទាំងពីរសុទ្ធតែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងចាំបាច់ត្រូវធ្វើការព្យាបាលដ៏សមស្រប។ ដូច្នេះហើយ ដើម្បីកំណត់ពីបញ្ហាសុខភាពឲ្យបានច្បាស់លាស់ ថាតើយើងមានអាការៈគាំងបេះដូង ឬភ័យគាំង គ្នាយើងគប្បីស្វែងយល់ពីចំណុចដូចគ្នា និងខុសគ្នាទាំងនេះ។
ភាពដូចគ្នា និងខុសគ្នានៃអាការៈគាំងបេះដូង និងភ័យគាំង
រោគសញ្ញានៃអាការៈគាំងបេះដូង
គាំងបេះដូងកើតឡើងនៅពេលដែលផ្នែកនៃបេះដូងមិនទទួលបានឈាមគ្រប់គ្រាន់។ រោគសញ្ញាទូទៅនៃការគាំងបេះដូង រួមមាន៖
- ឈឺទ្រូង ឬតឹងទ្រូង
- បេះដូងលោតញាប់
- មានអាការៈធេងធោង ឬសន្លប់
- បែកញើស រួមទាំងបែកញើសត្រជាក់
- ឈឺចាប់ ឬមិនស្រួលនៅក្នុងរាងកាយផ្នែកខាងលើ ដូចជាថ្គាម ក ដៃ ស្មា ឬខ្នង។
- ដកដង្ហើមខ្លី
- ក្អួត ឬចង្អោរ
អាការៈគាំងបេះដូង អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដូច្នេះហើយ គ្នាយើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើមានរោគសញ្ញានៃអាការៈគាំងបេះដូង។
រោគសញ្ញានៃអាការៈភ័យគាំង
ចំណែកឯអាការៈភ័យគាំងកើតឡើងភ្លាមៗ នៅពេលដែលយើងមានអារម្មណ៍ភ័យខ្លាច ឬថប់បារម្ភ។ អាការៈនេះមិនគំរាមកំហែងដល់អាយុជីវិតរបស់យើងក៏ពិតមែន ប៉ុន្តែវារំខានដល់សកម្មភាពរស់នៅ និងសុខុមាលភាពផ្លូវចិត្ត។ រោគសញ្ញានៃអាការៈភ័យគាំង រួមមាន៖
- ថប់បារម្ភ និងភ័យខ្លាចភ្លាមៗ
- ឈឺទ្រូង
- ពិបាកដកដង្ហើម
- បេះដូងលោតញាប់
- បែកញើស
- រាងកាយញាប់ញ័រ
- ខ្សោយ ឬវិលមុខ
- ឈឺពោះ ឬចង្អោរ
ភាពខុសគ្នារវាងអាការៈគាំងបេះដូង និងភ័យគាំង
ថ្វីត្បិតតែរោគសញ្ញានៃអាការៈទាំងពីរនេះ មានភាពស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែយើងអាចសង្កេតមើលភាពខុសគ្នាដូចខាងក្រោម។
តំបន់ឈឺចាប់
ទាំងអាការៈគាំងបេះដូង ឬភ័យគាំងសុទ្ធតែធ្វើឲ្យមានភាពមិនស្រួលក្នុងទ្រូង ប៉ុន្តែអ្វីដែលខុសគ្នា គឺការឈឺចាប់ដែលបណ្ដាលមកពីគាំងបេះដូង រាលដាលដល់តំបន់ផ្សេងទៀតដូចជាដៃ ថ្គាម ឬក។ យ៉ាងណាមិញ ការឈឺចាប់ដែលបង្កឡើងដោយអាការៈភ័យគាំងស្ថិតនៅក្នុងទ្រូងតែប៉ុណ្ណោះ។
[embed-health-tool-heart-rate]