ចំណុចសំខាន់ៗរបស់ការពិនិត្យ
១- តើអ្វីទៅជាតេស្តវាស់កូលេស្តេរ៉ូល HDL?
តេស្ត HDL គឺតេស្តសម្រាប់វាស់កម្រិតកូលេស្តេរ៉ូលល្អនៅក្នុងឈាម។ HDL គឺជាជាតិខ្លាញ់ដែលសម្បូរដោយពពួកលីប៉ូប្រូតេអ៊ីន។ លីប៉ូប្រូតេអ៊ីនគឺផ្សុំដោយប្រូតេអ៊ីន និងជាតិខ្លាញ់។ HDL ត្រូវបានគេចាត់ទុកជាជាតិខ្លាញ់ល្អ ដោយសារតែវាជាអ្នកដឹកពពួកខ្លាញ់អាក្រក់ LDL ទ្រីគ្លីសេរីដ និងខ្លាញ់អាក្រក់មួយចំនួនទៀត ត្រឡប់ទៅកាន់ថ្លើមដើម្បីបំបែកវាយកមកប្រើវិញ។ ពេល HDL ទៅដល់ថ្លើម វានឹងបំបែកពពួក LDL ឲ្យក្លាយទៅជារសលំពែង ហើយកំចាត់វាចេញពីក្នុងខ្លួន។
ការសិក្សាបានរកឃើញថា មនុស្សសម្បូរជាតិកូឡេស្តេរ៉ូល HDL ច្រើន អាចកាត់បន្ថយមិនឲ្យពួកគាត់កើតជំងឺសរសៃឈាមចិញ្ចឹមបេះដូងបាន។
២- ហេតុអ្វីយើងចាំបាច់ត្រូវធ្វើតេស្តវាស់កូលេស្តេរ៉ូលHDL?
គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ត HDL សម្រាប់តាមដានពិនិត្យជាតិខ្លាញ់ពេលពិនិត្យសុខភាព។ ជាទូទៅគ្រូពេទ្យមិនដែលតម្រូវឲ្យយើងពិនិត្យតែ HDL តែឯងនោះទេ គឺភាគច្រើនយើងត្រូវធ្វើតេស្តនេះជាមួយតេស្តដទៃផ្សេងទៀតមានដូចជា ពិនិត្យជាតិខ្លាញ់ ខ្លាញ់ LDL និងទ្រីគ្លីសេរីដ ដែលជាផ្នែកមួយរបស់លីពីតពេលអ្នកពិនិត្យសុខភាព។ គេណែនាំឲ្យមនុស្សពេញវ័យទាំងអស់ គួរតែធ្វើតេស្តមួយនេះឲ្យបានយ៉ាងតិច មួយដងក្នុងរយៈពេល ៥ឆ្នាំ។
តេស្តកូលេស្តេរ៉ូល HDL គឺជាផ្នែកមួយរបស់លីពីត ត្រូវបានគ្រូពេទ្យឧស្សាហ៍តម្រូវឲ្យអ្នកជំងឺពិនិត្យ ពេលពួកគាត់មានហានីភ័យកើតជំងឺបេះដូង។ កត្តាចំបងៗរួមមាន៖
- ការជក់បារី
- កត្តាអាយុ (មនុស្សប្រុសអាយុចាប់ពី ៤៥ឆ្នាំ ឬមនុស្សស្រីអាយុចាប់ពី ៥៥ឆ្នាំ ឬមានអាយុចាស់ជាងនេះ)
- មានជំងឺលើសសម្ពាធឈាម (សម្ពាធឈាម១៤០/៩០ ឬខ្ពស់ជាងនេះ ឬអ្នកកំពុងប្រើប្រាស់ថ្នាំលើសសម្ពាធឈាម)
- ប្រវត្តិសមាជិកគ្រួសារកើតជំងឺបេះដូង នៅអាយុក្មេង (កើតលើសមាជិកគ្រួសារ លើមនុស្សប្រុសអាយុតិចជាង ៥៥ឆ្នាំ ឬមនុស្សស្រីអាយុតិចជាង ៦៥ឆ្នាំ)
- មានជំងឺបេះដូងស្រាប់ ឬទើបមានបញ្ហាគាំងបេះដូងថ្មីៗ
- កើតជំងឺទឹកនោមផ្អែម
គេក៏តម្រូវឲ្យមនុស្សវ័យជំទង់ ពិនិត្យជាតិលីពីតដូចគ្នា។ បើសម្រាប់ក្មេងវិញ ពួកគេគួរតែពិនិត្យឲ្យបានយ៉ាងតិចមួយដង នៅពេលពួកគេមានអាយុចន្លោះពី ៩ ទៅ ១១ឆ្នាំ ហើយត្រូវពិនិត្យម្តងទៀតនៅពេលពួកគេ មានអាយុ ១៧ ទៅ ២១ឆ្នាំ។ សម្រាប់មនុស្សពេញវ័យវិញ ពួកគេគួរតែពិនិត្យបន្ថែមជាពិសេសបើគេមានកត្តាហានីភ័យ ឬពេលធ្វើតេស្តលើកដំបូងឃើញកម្រិតលើសពីកម្រិតទទួលយក។ កត្តាហានីភ័យមួយចំនួនមានដូចជា មានសមាជិកគ្រួសារធ្លាប់កើតជំងឺបេះដូង ឬមានបញ្ហាសុខភាពដូចជា កើតទឹកនោមផ្អែម លើសសម្ពាធឈាម ឬលើសទម្ងន់ជាដើម។ គ្រូពេទ្យក៏អាចឲ្យក្មេងអាយុតិចជាង ៩ឆ្នាំពិនិត្យជាតិលីពីតដូចគ្នា បើឪពុកម្តាយរបស់គេមានបញ្ហាលើសជាតិខ្លាញ់ក្នុងឈាម។
គ្រូពេទ្យអាចប្រាប់ឲ្យពិនិត្យកូលេស្តេរ៉ូល HDL ឲ្យបានទៀងទាត់ ដើម្បីតាមដានការប្តូររបៀបរស់នៅបានជោគជ័យ ដូចជាតមអាហារ និងហាត់ប្រាណ ឬបញ្ឈប់ជក់បារី ដើម្បីឲ្យពួកគាត់ កើនកម្រិតកូលេស្តេរ៉ូល HDL នៅក្នុងឈាម។
រឿងដែលត្រូវដឹងមុនពេលធ្វើការពិនិត្យ
៣- តើយើងត្រូវដឹងអំពីអ្វីខ្លះមុនពេលធ្វើតេស្តពិនិត្យកូលេស្តេរ៉ូល HDL?
គេត្រូវធ្វើតេស្តកូលេស្តេរ៉ូល HDL នៅពេលមនុស្សមិនទាន់ឈឺ។ ដោយសារតែកូលេស្តេរ៉ូលតែងតែចុះទាប នៅពេលយើងឈឺ បន្ទាប់ពីគាំងបេះដូង ឬអំឡុងពេលមានស្ត្រេស (ដូចជានៅពេលវះកាត់ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម)។ ដូចនេះយើងគួរតែរងចាំយ៉ាងតិចឲ្យបាន ៦សប្តាហ៍ក្រោយពីជំងឺទាំងអស់ជាសះស្បើយ ចាំពិនិត្យកម្រិតកូលេស្តេរ៉ូល។
សម្រាប់មនុស្សស្រី កម្រិតកូលេស្តេរ៉ូល HDL អាចប្រែប្រួលអំឡុងពេល មានផ្ទៃពោះ។ ដូចនេះមនុស្សស្រីគួរតែរងចាំឲ្យបានយ៉ាងតិច ៦សប្តាហ៍បន្ទាប់ពីសម្រាលកូនរួច ចាំទៅពិនិត្យជាតិកូលេស្តេរ៉ូល HDL។
មកដឹងអំពីរឿងដែលអាចកើតឡើង
៤- តើយើងត្រូវត្រៀមអ្វីខ្លះសម្រាប់ធ្វើតេស្តកូលេស្តេរ៉ូល HDL?
គ្រូពេទ្យនឹងប្រាប់យើងអំពីរឿង ដែលយើងត្រូវរៀបចំសម្រាប់ធ្វើតេស្តនេះ។ ក្នុងនោះយើងប្រហែលជាមិនត្រូវលេបថ្នាំក្នុងរយៈពេលណាមួយ ឬត្រូវតមអាហារប្រហែល ១២ម៉ោងមុនពេលពិនិត្យ។
៥- តើមានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
ការធ្វើតេស្ត HDL គឺរហ័ស និងមិនមានការឈឺចាប់នោះទេ។ គ្រូពេទ្យយកម្ជុលមកបូមឈាម ហើយយើងនឹងមានអារម្មណ៍ដូចសត្វខាំ ពេលគ្រូពេទ្យចាក់ម្ជុល។ មានតេស្តមួយចំនួនទៀត ដូចជាតេស្តពិនិត្យនៅតាមផ្ទះ គឺត្រូវការឈាមតែមួយតំណក់តែប៉ុណ្ណោះ ដោយចុងម្ជុលតូចចាក់។ ពេលគ្រូពេទ្យបូមឈាមដាក់ក្នុងបំពង់គ្រប់គ្រាន់ហើយនឹងយកឈាមបញ្ជូនឲ្យមន្ទីពិសោធន៍ធ្វើការពិនិត្យ។
៦- តើមានអ្វីកើតឡើងក្រោយពេលធ្វើតេស្តរួច?
គ្រូពេទ្យនឹងទាក់ទងទៅយើង និងណាត់យើងដើម្បីមកពិភាក្សាអំពីលទ្ធផល។ យើងគួរតែធ្វើតាមការណែនាំគ្រូពេទ្យ បន្ទាប់ពីបានដឹងអំពីលទ្ធផលរួច។
យល់អំពីលទ្ធផលរបស់ការពិនិត្យ
៧- តើលទ្ធផលរបស់យើងមានន័យដូចម្តេច?
កម្រិតកូលេស្តេរ៉ូល HDL ដែលល្អបំផុតគឺ សម្រាប់មនុស្សប្រុសគួរតែច្រើនជាង ៤០មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ និងច្រើនជាង ៥០មិល្លីក្រាមក្នុងមួយដេស៊ីលីត្រសម្រាប់មនុស្សស្រី។
បើមនុស្សស្រីមានកម្រិតកូលេស្តេរ៉ូល ចន្លោះពី ៥០ ទៅ ៥៩មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ ហើយមនុស្សប្រុសមានកម្រិតចាប់ពី ៤០ ទៅ ៥០មិល្លីក្រាម គឺពួកគាត់ស្ថិតក្នុងក្រុមអ្នកប្រឈមមុខជាមួយជំងឺបេះដូងហើយ។ ហើយបើពួគគាត់មានកម្រិតកូលេស្តេរ៉ូលកាន់តែទាបជាងនេះទៀតនោះ គឺពួកគាត់មានហានិភ័យកាន់តែខ្ពស់។
កម្រិតធម្មតាកូលេស្តេរ៉ូល HDL អាចខុសគ្នាទៅតាមមន្ទីពិសោធន៍ ឬមន្ទីពេទ្យនីមួយៗ។ ដូចនេះអ្នកអាចសាកសួរគ្រូពេទ្យបាន បើអ្នកនៅមានមន្ទិលសង្ស័យជុំវិញលទ្ធផលការធ្វើតេស្តមួយនេះ ។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕
[embed-health-tool-bmi]