បញ្ហាខូចថ្លើមកើតឡើងនៅពេលថ្លើមរបស់យើងមិនអាចបំពេញតួនាទីបានត្រឹមត្រូវដូចប្រក្រតី។ រោគសញ្ញាខូចថ្លើមអាចមានដូចជាចង្អោរ មិនឃ្លានអាហារ និងមានឈាមក្នុងលាមកជាដើម។ ការព្យាបាលអាចរួមបញ្ចូលទាំងការតបគ្រឿងស្រវឹង និងចៀសវាងអាហារជាក់លាក់មួយចំនួន។
១. ខូចថ្លើមមានន័យដូចម្ដេច?
ថ្លើមបំពេញតួនាទីសំខាន់ៗជាច្រើនរួមមាន៖
- បង្កើនប្រូតេអ៊ីនក្នុងឈាមជួយឲ្យមានកំណកឈាម ដឹកជញ្ជូនអុកស៊ីសែន និងជួយប្រព័ន្ធភាពសាំ
- បង្កើតទឹកប្រមាត់ ជួយដល់ការរំលាយអាហារ
- ជួយរាងកាយស្តុកទុកជាតិស្ករ ក្នុងទម្រង់ជា glycogen។
- ជួយកម្ចាត់ជាតិពុលពីក្នុងចរន្តឈាម រួមទាំងថ្នាំ និងជាតិអាល់កុល
- បំបែកខ្លាញ់ឆ្អែត និងផលិតកូលេស្តេរ៉ូល
បញ្ហាខូចថ្លើមកើតឡើងនៅពេលថ្លើមរបស់យើងមិនអាចធ្វើការបានល្អទៅតាមតួនាទី។ ខូចថ្លើមក៏អាចបង្កការគំរាមកំហែងដល់អាយុជីវិត និងត្រូវការសង្គ្រោះបន្ទាន់ផងដែរ។
២. រោគសញ្ញានៃការខូចថ្លើម
រោគសញ្ញាបញ្ហាខូចថ្លើមជាញឹកញយអាចមានប្រហាក់ប្រហែលនឹងអាការៈជំងឺមួយចំនួនទៀតដែរ ដែលអាចធ្វើឲ្យពិបាកក្នុងការវិនិច្ឆ័យរោគនៅដំណាក់កាលដំបូងៗ។ នៅពេលរោគសញ្ញាកាត់តែអាក្រក់ ថ្លើមដែលខូចនឹងកាន់តែចុះខ្សោយ។
ខូចថ្លើមរ៉ាំរ៉ៃ ឬខូចថ្លើម អាចកើតឡើងក្នុងរយៈពេលយូរ និងអាចបង្កឲ្យមាន៖
- អាការៈអស់កម្លាំង
- ចង្អោរ
- មិនឃ្លានអាហារ
- រាក
- ក្អួតមានឈាម
- ឈាមក្នុងលាមក
ខូចថ្លើមក្នុងដំណាក់កាលធ្ងន់ធ្ងរ រោគសញ្ញាក៏កាន់តែអាក្រក់ដែរ។ នៅដំណាក់កាលបន្ទាប់នៃរោគសញ្ញាបញ្ហាខូចថ្លើមរួមមាន៖
- កើតលឿង
- អស់កម្លាំងខ្លាំង
- វង្វេងវង្វាន់
- ហើមពោះព្រោះចាល់សារធាតុរាវ និងហើមដៃ ជើង
៣. មូលហេតុធ្វើឲ្យខូចថ្លើម
បញ្ហាសុខភាព និងជំងឺមួយចំនួនអាចបង្កឲ្យខូចថ្លើមបាន រួមមានឆ្លងវីរុសថ្លើមប្រភេទB និងC ជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹង អ្នកញៀនស្រា និងលើសជាតិដែក។
ក្នុងករណីជាច្រើន ការខូចថ្លើមរ៉ាំរ៉ៃ អាចកើតចេញពីជំងឺក្រិនថ្លើមដែរ។ ក្រិនថ្លើម គឺជាសម្លាកនៅលើថ្លើម ដែលរងរបួសរយៈពេលយូរ កើតចេញពីការផឹកគ្រឿងស្រវឹងច្រើនជ្រុលក្នុងរយៈពេលយូរ ឬក៏មានជំងឺថ្លើមរ៉ាំរ៉ៃ។ នៅពេលដែលជាលិកាសម្លាកកាន់តែច្រើនជំនួសកន្លែងជាលិកាថ្លើមល្អ នោះថ្លើមនឹងបាត់បង់សមត្ថភាពបំពេញតួនាទីរបស់ខ្លួន។
៤. វិធីព្យាបាល
ការព្យាបាលបញ្ហាខូចថ្លើមអាស្រ័យលើថាជាការខូចថ្លើមស្រួចស្រាល់ ឬក៏ជាការខូចថ្លើមរ៉ាំរ៉ៃ។ បើសិនជាខូចថ្លើមរ៉ាំរ៉ៃគ្រូពេទ្យអាចព្យាបាលដោយរួមមានការផ្លាស់ប្ដូររបបអាហារ និងរបៀបរបបរស់នៅមួយចំនួន ដូចជា៖
- ឈប់ផឹកគ្រឿងស្រវឹង និងឈប់ប្រើថ្នាំទាំងឡាយណាដែលប៉ះពាល់ថ្លើម
- កាត់បន្ថយការញ៉ាំសាច់ក្រហម ឈីស និងស៊ុត
- សម្រកទម្ងន់ និងគ្រប់គ្រងបញ្ហាសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមឲ្យបានល្អ
- កាត់បន្ថយអាហារប្រៃ ឬអំបិលក្នុងអាហារ
សម្រាប់ការព្យាបាលបញ្ហាខូចថ្លើមស្រួចស្រាល់វិញអាចមានដូចជា៖
- ការបំពេញជាតិទឹកដើម្បីរក្សាសម្ពាធឈាម
- ប្រើប្រាស់ឱសថតាមវេជ្ជបញ្ជា
- តាមដានកម្រិតជាតិស្ករក្នុងឈាម
ក្រៅពីនេះអ្នកជំងឺក៏អាចត្រូវបញ្ចូលឈាម បើសិនជាមានការហូរឈាមច្រើនហួសកម្រិត ឬត្រូវប្រើបំពង់ជំនួយការដកដង្ហើមដែរ។
[embed-health-tool-bmr]