គ្នាយើងមួយចំនួនអាចជួបប្រទះព្រឹត្តិការណ៍ ឬរឿងរ៉ាវណាមួយដែលធ្វើឲ្យភ័យខ្លាច និងបាក់ស្បាតជាមិនខាន។ ពិតណាស់ គ្មានអ្នកណាដែលមិនចង់រស់នៅប្រកបដោយភាពរីករាយ និងសុភមង្គលឡើយ ដូច្នេះហើយ មិនថាយើងធ្លាប់ជួបបញ្ហាបែបណាក៏ដោយ ចាំបាច់ត្រូវតាំងចិត្តឲ្យមុតមាំ និងបន្តដំណើរទៅមុខទៀត។ យ៉ាងណាមិញ គ្នាយើងក៏អាចអនុវត្តគន្លឹះមួយចំនួន ដើម្បីកម្ចាត់ជំងឺបាក់ស្បាតនេះផងដែរ។
១. ស្វែងរកជំនួយដ៏ត្រឹមត្រូវ
ការជ្រើសរើសជំនួយដ៏ត្រឹមត្រូវ មានសារសំខាន់ណាស់ក្នុងការព្យាបាលជំងឺផ្លូវចិត្តមួយនេះ។ ដូច្នេះហើយ យើងអាចទទួលសេវាព្យាបាលពីគ្រូពេទ្យជំនាញ ឬចូលរួមនៅក្នុងក្រុមផ្ដល់ជំនួយដែលមានបទពិសោធន៍នៅក្នុងស្ថានការណ៍ស្រដៀងគ្នានេះ ទើបជាការប្រសើរ។
២. ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ
ការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ មានសារសំខាន់ណាស់ក្នុងការទទួលបានសេចក្ដីសុខផ្នែកផ្លូវចិត្ត។ ផ្ទុយទៅវិញ បើយើងដោះស្រាយនឹងជំងឺបាក់ស្បាតនេះតែម្នាក់ឯង វាអាចនាំឲ្យមានលទ្ធផលអវិជ្ជមានផ្សេងៗ ដូចជាជំងឺបាក់ទឹកចិត្តជាដើម។ ដូចនេះ ចូរចំណាយពេលជាមួយនឹងមិត្តភ័ក្ដិ ឬក្រុមគ្រួសារនៅពេលដែលយើងមានអារម្មណ៍ពិបាកចិត្ត កើតទុក្ខ ស្រេ្តស ឬភ័យខ្លាច ក៏ដូចជាចែករំលែកបទពិសោធន៍ជាមួយនឹងអ្នកទាំងនោះ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
៣. ហាត់ប្រាណ
ទន្ទឹមនឹងនេះដែរ ការហាត់ប្រាណអាចជួយឲ្យរោគសញ្ញានៃជំងឺបាក់ស្បាតកាន់តែប្រសើរឡើង ហើយក៏ធ្វើឲ្យរាងកាយបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា Endorphins ដែលមានឥទ្ធិពលជួយឲ្យអារម្មណ៍រីករាយ។ ប៉ុន្តែ បើគ្នាយើងមិនចូលចិត្តបញ្ចេញសកម្មភាពខ្លាំងក្លាទេនោះ យើងអាចជ្រើសរើសការជិះកង់ ដើរ ឬរត់ត្រឹកៗជំនួសវិញ។
៤. សម្រាកខ្លះ
អំឡុងពេលនៃដំណើរការព្យាបាល យើងអាចនឹងមានអារម្មណ៍នឿយហត់ជាងធម្មតា ពីព្រោះជំងឺបាក់ស្បាតនេះ អាចទាញយកថាមពលពីរាងកាយរបស់យើងយ៉ាងច្រើន។ ការសម្រាកខ្លះ ឬធ្វើរឿងរ៉ាវណាដែលជួយឲ្យយើងមានអារម្មណ៍រីករាយ អាចរក្សាកម្រិតថាមពលរបស់យើងបានល្អ និងមិនធ្វើឲ្យយើងអស់កម្លាំងជ្រុលឡើយ។
៥.ធ្វើសមាធិ
ការធ្វើសមាធិអាចជួយគាំទ្រដំណើរការនៃការព្យាបាលជំងឺបាក់ស្បាត ក៏ដូចជាឲ្យយើងផ្ដោតអារម្មណ៍ពេញលេញនៅក្នុងពេលបច្ចុប្បន្ន។ លើសពីនេះ ក៏អាចជួយកាត់បន្ថយស្រេ្តស ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ល្អថែមទៀតផង។ ហេតុនេះហើយ គ្នាយើងគប្បីធ្វើសមាធិឲ្យបានទៀងទាត់។
ចំណុច គួរ ចងចាំ
១. ស្វែងរកជំនួយដ៏ត្រឹមត្រូវ ពីគ្រូពេទ្យជំនាញ ឬក្រុមផ្តល់ជំនួយផ្នែកជំងឺពាក់ព័ន្ធ
២. ប្រាស្រ័យទាក់ទងនឹងអ្នកដទៃ
៣. ធ្វើលំហាត់ប្រាណ និងសម្រាកខ្លះ
៤. ធ្វើសមាធិ