backup og meta

កម្ពុជា នឹងដាក់ឱ្យប្រើថ្នាំបង្ការមុនប្រឈមការឆ្លងអេដស៍ តែមិនមែនជាវ៉ាក់សាំងឡើយ

កម្ពុជា នឹងដាក់ឱ្យប្រើថ្នាំបង្ការមុនប្រឈមការឆ្លងអេដស៍ តែមិនមែនជាវ៉ាក់សាំងឡើយ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ឬហៅថា Pre-Exposure Prophylaxis (ថ្នាំប្រឹព ឬ PrEP) ដែលជាប្រភេទថ្នាំចាក់ នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ប៉ុន្តែ ទោះបីជាយ៉ាងណា លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់បន្ថែមថា ថ្នាំដែលនឹងត្រូវនាំចូលនេះមិនមែនជាថ្នាំបង្ការ ឬវ៉ាក់សាំងការពារមេរោគអេដស៍ ឡើយ ព្រោះនៅលើពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ។

លោកវេជ្ជបណ្ឌិតបានប្រាប់ Hello គ្រូពេទ្យនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា៖ «យើងនឹងនាំចូលថ្នាំ Pre-Exposure Prophylaxis ឬថ្នាំប្រឹព ដែលជាប្រភេទថ្នាំចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែមករា ឆ្នាំ២០២៥ ក្រោយពីយើងបានដាក់ឱ្យប្រើប្រាស់ថ្នាំប្រឹព ដូចគ្នានេះ ជាប្រភេទគ្រាប់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ»។

ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍មួយនេះ មានឈ្មោះថា Cabotegravir ដែលត្រូវចាក់រៀងរាល់២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម។ ប៉ុន្តែ Cabotegravir នឹងត្រូវចាក់ជូនសម្រាប់តែក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់ថា៖ «ការដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍នេះ នឹងធ្វើឡើងនៅត្រីមាសទី១ នៃឆ្នាំ២០២៥ ហើយថ្នាំនេះមិនមែនសម្រាប់មនុស្សទូទៅឡើយ ប៉ុន្តែ សម្រាប់ក្រុមគន្លឹះដែលប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ប៉ុណ្ណោះ។ យើងនាំចូលសម្រាប់ចាក់តែមនុស្សជាង៣ពាន់នាក់ប៉ុណ្ណោះ»។

លោកបានប្រាប់បន្តថា៖ «ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ យើងរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៅប្រទេស​កម្ពុជា ឱ្យថយចុះបន្ថែមទៀត និងជាការបន្ថែមជម្រើសមួយទៀតលើវិធីការពារការឆ្លងជំងឺអេដស៍ ក្រៅពីការប្រើថ្នាំប្រឹព និងប៉ិប (PEP) ប្រភេទគ្រាប់ និងស្រោមអនាម័យ»។

[embed-health-tool-due-date]

ការអនុវត្តចាក់ថ្នាំបង្ការ Cabotegravir នឹងចាប់ផ្តើមដំណើរការតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ នៅក្នុងដំណាក់កាលដំបូងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។

ទោះបីជាយ៉ាងណា មុននឹងផ្តល់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍នេះ ទាំងថ្នាំចាក់ និងថ្នាំលេប អ្នកដែលមកទទួលសេវាត្រូវតែតេស្ត និងបញ្ជាក់ថា មិនមានផ្ទុកមេរោគអេដស៍ជាមុនសិន ហើយបើមានផ្ទុកមេរោគអេដស៍ អ្នកជំងឺត្រូវស្វែងរកការព្យាបាលជាបន្ទាន់ ព្រោះការទទួលការព្យាបាលទាន់ពេលវេលានាំឱ្យអ្នកជំងឺកាត់បន្ថយមេរោគអេដស៍ក្នុងឈាមឱ្យនៅទាបបំផុត និងមិនអាចចម្លងទៅអ្នកផ្សេងបាន។

សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមប្រើប្រាស់ថ្នាំប្រឹពប្រភេទគ្រាប់ តាំងពីឆ្នាំ២០១៩មកម្ល៉េះ ដើម្បីបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដោយត្រូវលេប១ថ្ងៃ ១គ្រាប់រៀងរាល់ថ្ងៃជាប្រចាំ។

ដោយឡែក ថ្នាំប៉ិប (Post-Exposure Prophylaxis) ជាថ្នាំបង្ការការឆ្លងមេរោគអេដស៍បន្ទាប់ពីការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍។ ឱសថនេះ ប្រើសម្រាប់ប្រឆាំងនឹងការឆ្លងមេរោគអេដស៍ ដែលត្រូវប្រើភ្លាមៗមិនឱ្យហួសពី៧២ម៉ោងបន្ទាប់ពីមានការប្រឈមមុខ នឹងការចម្លងមេរោគអេដស៍៕

ចំណុចសំខាន់

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលហៅ​ថា Pre-Exposure Prophylaxis ឬប្រឹព នៅត្រីមាសទី ១ ឆ្នាំ២០២៥ ខាង​មុខ។
ប្រភេទថ្នាំ​ចាក់នេះ មានឈ្មោះ​ថា Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់។
ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ គេរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៃប្រទេសកម្ពុជា ឱ្យថយចុះបន្ថែមទៀត។ សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/12/2024

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងមេរោគអេដស៍អត់?

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម