ស្រីៗពេលដល់វ័យអស់រដូវ ចំណង់ផ្លូវភេទប្រែប្រួលបែបណា?
គ្នាយើងស្រីៗធ្លាប់ឆ្ងល់អត់ពេលដល់វ័យអស់រដូវ ចំណង់ផ្លូវភេទ ឬសកម្មភាពផ្លូវភេទនឹងប្រែប្រួលទៅជាយ៉ាងណា? ដោយមិនខ្វល់នឹងការមានផ្ទៃពោះ និងមិនខ្វល់នឹងការមករដូវប្រចាំខែ ប្រហែលជាធ្វើឲ្យសម្មភាពផ្លូវភេទស្រីៗយើងប្រសើរជាងកាលនៅក្មេង?

ជាការពិត ទោះជាដល់វ័យអស់រដូវទៅហើយមែន ប៉ុន្តែស្រីៗយើងនៅតែអាចមានសកម្មភាពលើគ្រែ គ្រាន់តែថាមិនដូចកាលនៅវ័យ២០ ឬ៣០នោះទេ ព្រោះថាពេលនេះយើងប្រែប្រួលទាំងខាងអ័រម៉ូន និងរាងកាយ។
១. បញ្ហាអ័រម៉ូន និងសុខភាពរាងកាយ
ការធ្លាក់ចុះកម្រិតអ័រម៉ូនអឺស្រ្តូសែន ពេលស្រីៗយើងអស់រដូវ នឹងធ្វើឲ្យយើងមានការធ្លាក់ចុះចំណង់ផ្លូវភេទ និងមិនងាយទទួលបានភាពស្រើបស្រាលផងដែរ។ ក្រៅពីនេះក៏ធ្វើឲ្យស្រីៗយើងជួបបញ្ហាស្ងួតទ្វារមាស និងធ្វើឲ្យមានការឈឺចាប់ពេលរួមភេទ។ តាមការសិក្សាបានរកឃើញថាស្រ្តី១ភាគ៣ បាននិយាយថាពួកគេជួបផលលំបាកក្នុងការរួមភេទ ក្រោយពេលអស់រដូវ។ ជួបការលំបាលដោយសារមិនសូវមានចំណង់ផ្លូវភេទ និងមួយទៀតពេលរួមភេទមិនសូវបានដល់ចំណុចកំពូល។
ចំពោះសុខភាពផ្លូវកាយវិញ ដល់វ័យអស់រដូវ ស្រីៗយើងក៏មានវ័យចំណាស់ដែរហើយ ដែលខ្លះអាចមានជំងឺប្រចាំកាយ មិនសូវមានកម្លាំង និងសម្រស់ទៀតសោធក៏មិនដូចកាលពីក្មេងដែរ ដែលកត្តាទាំងនេះហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទរបស់ស្រីៗយើង។

២. អ៊ីចឹងបានន័យថាក្រោយពេលអស់រដូវស្រីៗមិនអាចដល់ចំណុចកំពូលពេលរួមភេទ?
ថ្វីបើពេលអស់រដូវស្រីៗយើងអាចជួបបញ្ហាដូចបានរៀបរាប់ខាងលើមែន ប៉ុន្តែវាមិនមែនន័យថាយើងគ្មានវិធីដោះស្រាយបញ្ហាទាំងនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ យើងអាចរួមភេទជាមួយដៃគូដោយប្រើទឹករម្អិល ទឹកដំណើមទ្វារមាស ឬថ្នាំតាមវេជ្ជបញ្ជាមួយចំនួន ដើម្បីឲ្យជីវិតផ្លូវភេទរបស់យើងអាចដំណើរការបានទៅដោយរលូន។ អ្វីដែលសំខាន់ គឺយើងនឹងដៃគូត្រូវតែយល់គ្នា និងបង្កើតទំនាក់ទំនងល្អៗជាមួយគ្នាជានិច្ច។
មួយវិញទៀត ពេលយើងមានវ័យកាន់តែចាស់ឈាមរត់ទៅកាន់បរិវេណប្រដាប់ភេទរបស់យើងក៏យឺតដូចដែលយើងមិនងាយបានអារម្មណ៍ស្រើបស្រាលអ៊ីចឹងដែរ។ នេះមានន័យថាយើងត្រូវការពេលដើម្បីទទួលបានអារម្មណ៍ស្រើបស្រាល និងបានដល់ចំណុចកំពូលពេលរួមភេទ។ ជួនកាលការស្ទាបអង្អែល ឬត្រដុសខ្លះៗ ដោយមិនបាច់ចាំរួមភេទ ក៏ជាវិធីជួយឲ្យយើងមានអារម្មណ៍ស្រើបស្រាល និងល្អ ជាមួយដៃគូដូចគ្នា។ សូមចាំថា កុំធ្វើតាមអ្វីដែលអ្នកផ្សេងថាបែបណានោះ អ្វីសំខាន់ត្រូវធ្វើអ្វីដែលយើង និងដៃគូយល់ថាល្អ សម្រាប់យើងទាំងពីរ ជាការស្រេច។
គួរស្វែងយល់បន្ថែមពីបញ្ហារដូវផ្សេងទៀត៖
- វដ្ដរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
- កត្តា ៤យ៉ាង រំខានដល់វដ្ដរដូវរបស់ស្រីៗ
- ញ៉ាំទឹកមិនគ្រប់គ្រាន់ ពេលមករដូវ ប្រយ័ត្នជួបរឿងទាំង ៤នេះ
- ទឹកផ្លែឈើទាំង៣ប្រភេទ បំបាត់អាការៈឈឺចាប់ពេលមករដូវ
- រោគសញ្ញាមុនមករដូវ ស្រីៗច្រើនជួបប្រទះ ដោះស្រាយបែបណា?