ស្រ្តីមិនតិចនាក់ទេ ដែលលេចនោមពេលក្អក ឬកណ្ដាស់ ដែលនេះជារឿងកើតមានជាទូទៅមួយលើស្រីៗ ច្រើនជាងបុរស។ បញ្ហានេះ អាចធ្វើឲ្យស្រីៗយើងមានអារម្មណ៍ខ្មាសអៀន និងអាចគិតថាវាជាបញ្ហាប្រចាំកាយ តែការពិតវាអាចព្យាបាលបាន។
១. ទិដ្ឋភាពទូទៅ
ការលេចនោមដោយមិនបានដឹងជាមុននេះ កើតឡើងនៅពេលដែលយើងធ្វើចលនារាងកាយណាមួយដូចក្អក កណ្ដាស់ សើច រត់ ឬលើករបស់ធ្ងន់ៗជាដើម ដែលបានដាក់សម្ពាធដល់ប្លោកនោម បង្កឲ្យមានលេចនោម។
បញ្ហាលេចនោមដោយមិនដឹងមុននេះ ខុសពីបញ្ហានោមញឹក និងបញ្ហាប្លោកនោមធ្វើការសកម្មខ្លាំង។ បើមានបញ្ហាទាំងពីរនេះ សាច់ដុំប្លោកនោមកន្ទ្រាក់ និងធ្វើឲ្យយើងចង់ទៅនោមភ្លាមៗដែរ តែយើងអាចទប់មិនឲ្យលេចនោមបានមុនដល់បន្ទប់ទឹក។
ការលេចនោមដោយមិនដឹងខ្លួនវិញ កើតឡើងពេលសាច់ដុំ និងជាលិកាទ្រសាច់ដុំបាតអាងត្រគាក និងសាច់ដុំខ្ជឹបនោមចុះខ្សោយ។ ប្លោកនោមរីកធំពេលពេញដោយទឹកនោម។ ជាធម្មតាសាច់ដុំដូចប្រឹសទ្រូនៅក្នុងបង្ហួរនោមបិទជានិច្ចពេលប្លោកនោមរីកធំ ដើម្បីការពារកុំឲ្យលេចនោម មុនពេលយើងទៅដល់បន្ទប់ទឹក។ ប៉ុន្តែនៅពេលសាច់ដុំនេះចុះខ្សោយ ហើយបែរជាមានកម្លាំងសង្កត់លើពោះ ឬសាច់ដុំត្រគាក ដូចជាកណ្ដាស់ ចំកោងខ្លួន លើករបស់ធ្ងន់ៗ ឬសើច អាចដាក់សម្ពាធលើប្លោកនោម និងអាចនាំឲ្យលេចនោមបាន។
បើសិនជាយើងមានបញ្ហាលេចនោមដោយមិនដឹងមុននេះ យើងអាចនឹងមានអារម្មណ៍ខ្មាសអៀន កម្រិតសកម្មភាពការងារ ឬចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ ឬអាចកាត់បន្ថយសកម្មភាពជួបជុំសប្បាយផ្សេងរបស់ខ្លួនផងដែរ។ ការទទួលបានការព្យាបាលបានត្រឹមត្រូវអាចជួយឲ្យមនុស្សយើងគ្រប់គ្រងបញ្ហានេះបាន និងអាចជួយបង្កើតគុណភាពជីវិតដែរ។
២. រោគសញ្ញា
បើសិនជាស្រីៗយើង មានបញ្ហាលេចនោមដោយមិនដឹងមុន បញ្ហានេះច្រើនកើតនៅពេលក្អក ឬកណ្ដាស់ សើច ចំកោងខ្លួន លើករបស់ធ្ងន់ៗ ហាត់ប្រាណ និងពេលរួមភេទជាដើម។
[embed-health-tool-ovulation]