កាហ្វេជួយឲ្យស្បែកភ្លឺរលោង និងមើលទៅក្មេងជាងវ័យ។ ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងប្រឆាំងនឹងភាពចាស់ កាហ្វេក៏មានសមត្ថភាពក្នុងការចិញ្ចឹមបំប៉នស្បែកផងដែរ។ ការប្រើប្រាស់ម៉ាសកាហ្វេអាចកាត់បន្ថយការហើមស្បែក និងស្នាមដក់ ដោយជួយជំរុញចលនាឈាមរត់។ ស្រីៗយើងដែលចង់ទទួលបានស្បែកស្អាត និងភ្លឺរលោង អាចសាកល្បងធ្វើម៉ាសកាហ្វេដូចខាងក្រោមនេះ។
១. ម៉ាសកាហ្វេ និងទឹកឃ្មុំ
គ្នាយើងអាចលាយម្សៅកាហ្វេ១ស្លាបព្រាបាយ និងទឹកឃ្មុំ១ស្លាបព្រាបាយ ដោយកូរវាឲ្យសព្វល្អ។ បន្ទាប់មកលាបម៉ាសនៅលើផ្ទៃមុខ លើកលែងតែបរិមាណនៅជុំវិញភ្នែក និងធ្វើការម៉ាស្សាថ្នមៗ រួចទុកចោលរយៈពេល២០នាទី។ បន្ទាប់មកលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
ការប្រើម៉ាសទឹកឃ្មុំ និងកាហ្វេអាចជួយផ្ដល់សំណើមដល់ស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញ ភាពស្ងួត និងស្នាមអុចខ្មៅយ៉ាងពូកែស័ក្ដិសិទ្ធិ។
២. ម៉ាសកាហ្វេ និងទឹកដោះគោ
ដើម្បីធ្វើម៉ាសមួយប្រភេទនេះ យើងត្រូវលាយកាហ្វេកិនហ្មត់ចំនួន១ស្លាបព្រាបាយ ជាមួយនឹងទឹកដោះគោ១ ឬ២ស្លាបព្រាបាយ ដោយកូរវាឲ្យសព្វ រួចយកមកលាបនៅលើមុខ។ បន្ទាប់ពីទុកចោលរយៈពេល១០ទៅ១៥នាទី យើងអាចលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។
ម៉ាសមួយប្រភេទនេះល្អបំផុតសម្រាប់អ្នកដែលមានពណ៌ស្បែកមិនស៊ីគ្នា ហើយវាក៏ជួយកម្ចាត់ភាពកខ្វក់ចេញពីផ្ទៃមុខ ព្រមទាំងជួយឲ្យស្បែកភ្លឺរលោងផងដែរ។
៣. ម៉ាសកាហ្វេ រមៀត និងទឹកដោះគោជូរ
ជាមួយគ្នានេះដែរ ចូរលាយម្សៅកាហ្វេ១ស្លាបព្រាកាហ្វេ រមៀត១ស្លាបព្រាកាហ្វេ និងទឹកដោះគោជូរ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកយកល្បាយនេះមកលាបនៅលើផ្ទៃមុខ រួចទុកចោលរយៈពេល២០នាទី។ ស្រីៗយើងអាចម៉ាស្សាថ្នមៗជារាងរង្វង់ និងលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ ដើម្បីទទួលបានស្បែកភ្លឺរលោង។
រមៀតមានសមត្ថភាពប្រឆាំងនឹងការរលាក ព្រមទាំងផ្ទុកវីតាមីនC ដែលអាចជួយកម្ចាត់បញ្ហាស្បែកស្រអាប់ និងស្នាមអុជខ្មៅ ខណៈពេលដែលទឹកដោះគោជូរផ្ទុកអាស៊ីដAlpha-hydroxy ដែលជួយកាត់បន្ថយខ្លាញ់ពីផ្ទៃមុខ និងជួយបំប៉នស្បែកមុខ។
៤. ម៉ាសកាហ្វេ និងប្រទាលកន្ទុយក្រពើ
លាយម្សៅកាហ្វេ ចំនួន២ស្លាបព្រាកាហ្វេ និងជែលប្រទាលកន្ទុយក្រពើចំនួន២ស្លាបព្រាកាហ្វេ។ ចូរកូរវាឲ្យសព្វល្អ ទើបយកមកលាបនៅលើមុខ ដោយទុកចោលរយៈពេល១៥ទៅ២០នាទី មុនពេលលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។
ពិតណាស់ ប្រទាលកន្ទុយក្រពើជាសមាសភាពប្រឆាំងនឹងអុកស៊ីតកម្ម និងប្រឆាំងនឹងបាក់តេរីដ៏មានឥទ្ធិពល ហើយវាអាចដោះស្រាយបញ្ហាកើតមុន ស្នាម ឬត្រអកយ៉ាងមានប្រសិទ្ធភាព។ រីឯសារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេអាចប្រឆាំងនឹងការកើតមុន ស្នាមអុជខ្មៅ និងជួយឲ្យពណ៌ស្បែកស៊ីគ្នា ព្រមទាំងជួយឲ្យស្បែកភ្លឺរលោង និងតឹងណែនល្អ។
[embed-health-tool-due-date]