អ្នកណាក៏ធ្លាប់កើតមុនដែរ គ្រាន់តែតិច និងច្រើន តែគ្នាយើងមុខសម្បូរខ្លាញ់ ច្បាស់ជាប្រឈមបញ្ហាច្រើនជាងគ្នាយើងស្បែកមុខធម្មតា។ យ៉ាងណា ទោះមុខខ្លាញ់ច្រើន យើងនៅតែអាចមានស្បែកមុខសម៉ត់រលោង គ្មានមុន ដោយគ្រាន់តែចេះតិចនិកងាយៗ “Hello គ្រូពេទ្យ” បង្ហាញក្នុងអត្ថបទនេះជាការស្រេច។
១- ដឹងពីប្រភេទស្បែកមុខខ្លួនឯង
យោងតាមការណែនាំពីអ្នកជំនាញ ជំហានដំបូង ដើម្បីថែរក្សាស្បែក ត្រូវដឹងពីប្រភេទស្បែកមុខយើងជាមុនសិន។ ស្បែកមុខយើងម្នាក់ៗ មានភាពខុសៗគ្នា ហើយដើម្បីកំណត់ប្រភេទស្បែក ត្រូវមើលពីសភាពស្បែក និងកម្រិតបញ្ចេញប្រេងពីស្បែក ដូចជា៖
– ស្បែកស្ងួត (Dry skin) មានសភាពស្រអាប់ របក ឬគ្រើម និងមើលទៅគ្មានភាពទន់រលោង។
– ស្បែកខ្លាញ់ (Oily skin) ភ្លឺរលោង ហើយអាចមានរន្ធញើសរីកធំ មានមុនក្បាលខ្មៅ មុនកប់ និងស្នាមជាំផ្សេងៗទៀត។
– ស្បែករួមផ្សំ (Combination skin) មានមុនខ្លះ (នៅថ្ពាល់) និងមានខ្លាញ់នៅកន្លែងផ្សេងទៀត (នៅថ្ងាស ច្រមុះ និងចង្កា) ។
– ស្បែកប្រតិកម្ម (Sensitive skin) អាចឈឺ រលាក ឬរមាស់ បន្ទាប់ពីបានប្រើគ្រឿងសម្អាង ឬផលិតផលផ្សេងទៀត។
– ស្បែកធម្មតា (Normal skin) មានសភាពថ្លា និងមិនមានប្រតិកម្មទេ។
ការប្រើផលិតផល ត្រូវជ្រើសរើសដោយផ្អែកលើប្រភេទស្បែករបស់អ្នក។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២- វិធីជ្រើសរើសផលិតផលត្រូវនឹងស្បែកយើង
– ទឹកសម្អាត (Cleanser)៖ គួរតែលាងសម្អាតមុខថ្នមៗនៅពេលព្រឹក និងពេលល្ងាច ហើយមិនត្រូវដុសមុខខ្លាំងពេកទេ គួរតែដុសមុខដោយចុងម្រាមដៃថ្នមៗ។ បើមានពេល អាចស្ទីមបាន ដោយសារវាអាចឲ្យរន្ធញើសបើក និងអាចសម្អាតចូលទៅក្នុងស្បែកកាន់តែជ្រៅ ឬក៏ប្រើទឹកក្តៅ ដើម្បីលាងសម្អាតមុខ ក៏អាចប្រើការបានដូចគ្នា។
ឮកំហុសទូទៅ គ្នាយើងជាច្រើនធ្វើទាំងមិនដឹងខ្លួន គឺប្រើសាប៊ូងូតទឹកមកលាងមុខ។ សាប៊ូ អាចធ្វើឲ្យស្បែកយើងរបក និងស្ងួត ដោយសារតែសាប៊ូមានកម្រិត pH ទាបអាចនឹងធ្វើឲ្យស្បែកងាយប្រតិកម្មបាន។ ហេតុនេះ គួរប្រើទឹកសម្អាត ហើយលាងសម្អាតមុខថ្នមៗបានហើយ។
នៅតាមទីផ្សារ គ្នាយើងអាចពិបាកក្នុងការស្វែងរកផលិតផលត្រូវនឹងស្បែកយើងក៏ពិតមែន។ ការថែរក្សាស្បែក អាចដំណើរការបានយ៉ាងល្អ និងត្រឹមត្រូវ តែក៏អាចមានកំហុសដូចគ្នា។ ក្នុងករណីស្បែកប្រែជាស្ងួតខ្លាំង ឬឡើងខ្លាញ់ខ្លាំង ត្រូវផ្លាស់ប្តូរទឹកសម្អាតថ្មីផ្សេងទៀត ត្រូវទុកស្បែកឲ្យស្ងួត បន្ទាប់ពីបានលាងសម្អាតហើយ ហើយមិនត្រូវជូតមុខខ្លាំងៗដូចគ្នា។
– ទឹកផ្តល់សំណើម (Moisturizer)៖ ពិតណាស់ ស្បែកយើង ត្រូវការសំណើម ទោះបីជាស្បែកយើង ជាប្រភេទស្បែកខ្លាញ់ក៏ដោយ។ គ្នាយើងជាច្រើនយល់ថា ខ្លួននៅក្មេងពេក ឬស្បែកមានជាតិខ្លាញ់ច្រើនពេក មិនត្រូវការទឹកសំណើមនោះទេ ប៉ុន្តែគំនិតនេះ គឺខុសឆ្គងទាំងស្រុង ព្រោះទឹកសំណើម ជាផលិតផលមួយចាំបាច់ត្រូវប្រើជាប្រចាំ សម្រាប់សុខភាពស្បែកយើង។
ពេលវេលាល្អបំផុតដើម្បីប្រើទឹកសំណើម គឺបន្ទាប់ពីយើងបានលាងមុខរួច ដោយសារក្រោយពេលលាងមុខ រន្ធញើសនឹងបើកធំជាងមុន ហេតុនេះទឹកសំណើម នឹងអាចជ្រាបចូលទៅក្នុងស្បែកបានកាន់តែជ្រៅ។ លាបទឹកសំណើមបន្ទាប់ពីអ្នកលាងសម្អាតស្បែកជាមួយទឹកស្អាត ក៏អាចមានប្រសិទ្ធភាពដូចគ្នា។ ចំពោះគ្នាយើងមុខមានមុន ឬស្បែកខ្លាញ់ គួរតែប្រើទឹកសំណើមគ្មានជាតិខ្លាញ់ ព្រោះមិនបណ្តាលឲ្យរន្ធញើសស្ទះ។
– ការពារស្បែកពីពន្លឺថ្ងៃ៖ សព្វថ្ងៃនេះ ក្នុងផលិតផលថែរក្សាស្បែក និងម្សៅផាត់មុខជាច្រើន មានផ្ទុកនូវឡេការពារកម្តៅថ្ងៃជាស្រេច ហើយសម្រាប់អាកាសធាតុក្តៅ ការផលិតផលមានលាយឡេការពារកម្តៅថ្ងៃតែមួយមុខ ក៏ប្រហែលមិនគ្រប់គ្រាន់ដែរ។ ឡេការពារកម្តៅថ្ងៃ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារស្បែក ដូចជា បង្ការសម្រស់ទៀតផង ដោយសារតែវាមានតួនាទីអាចប្រឆាំងកាំរស្មីយូវីអេ (UVA) និងកាំរស្មីយូវីប៊ី (UVB) ជាមួយនឹង SPF (sun protection factor) ដែលតិចបំផុត គឺត្រឹម ៣០។ គ្នាយើងក៏អាចពាក់អាវការពារកាំរស្មីយូវី និងចៀសវាងពីការត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ នៅចន្លោះពីម៉ោង ១០ព្រឹក ដល់ ៤ល្ងាច។
– ផលិតផលមានសារធាតុ Toner និង Exfoliation៖
សារធាតុ Exfoliation មាននាទីជម្រុះកោសិកាស្បែកងាប់ចេញ ឯ Toner អាចបន្សាបកម្រិត pH របស់ស្បែកបាន។ តែត្រូវចាំ មិនត្រូវប្រើ សារធាតុ Exfoliation ញឹកញាប់ពេកទេ ព្រោះវាអាចបំផ្លាញស្រទាប់ការពាររបស់ស្បែក និងធ្វើឲ្យស្បែកចុះខ្សោយបាន។ អ្នកជំនាញបានណែនាំ ឲ្យចៀសវាងប្រើប្រាស់ផលិតផលទាំងនេះ បើស្បែកមានសុខភាពល្អ។
– ផាត់មុខ៖ បើមានការផាត់មុខ ពិសេសស្រីៗ ត្រូវជ្រើសរើសយកគ្រឿងសម្អាងណា ត្រូវនឹងស្បែកមុខខ្លាញ់ និងមានដាក់ស្លាកសម្រាប់ “មិនកើតមុន” ឬ “មិនមានសារធាតុផ្សំធ្វើឲ្យកើតមុន” ដោយសារតែវាមិនបង្កឲ្យស្ទះរន្ធញើស និងមិនធ្វើឲ្យកើតមុននៅលើមុខ។ ចាំបាច់ណាស់ មិនត្រូវប្រើផលិតផលណាហួសសុពលភាពនោះទេ។
អត្ថបទគួរអាន៖
- ទើបពេញវ័យ ក្មេងជំទង់គួរថែទាំស្បែកបែបណាកុំឲ្យឡើងមុន?
- មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?
- ៤វិធី កម្ចាត់មុនដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព
- មុនអ័រម៉ូនបង្កឡើងដោយកត្តាអ្វីខ្លះ? ដោះស្រាយបែបណា?
៣- កែប្រែទម្លាប់
ដើម្បីធ្វើឲ្យស្បែកមុខមានសុខភាព ត្រូវតែចៀសវាងប្រើផលិតផលណាអាចបណ្តាលឲ្យកើតមុន ឡើងក្រហម និងមានស្នាម ពិសេសនៅពេលមុខយើងឡើងមុនស្រាប់ ដោយសារតែវាអាចបណ្តាលឲ្យមានស្លាកស្នាមជារៀងរហូត។ មិនត្រូវប្រើស្ព្រាយបាញ់សក់ និងថ្នាំលាបលើមុខទេ ព្រោះអាចធ្វើឲ្យស្ទះរន្ធញើសរបស់អ្នកបាន ហើយក៏មិនត្រូវស្លៀកពាក់ ឬគ្រឿងតុបតែង តឹងពេកទេ ព្រោះអាចធ្វើឲ្យស្ទះរន្ធញើស និងធ្វើឲ្យស្បែកមិនមានខ្យល់ចេញចូល។
រក្សាស្បែកឲ្យមានសុខភាពល្អ ជាមួយរបបអាហារត្រឹមត្រូវ ដូចជាញ៉ាំបន្លែ អាហារសរីរាង្គ គ្រាប់ធញ្ញជាតិ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប ឲ្យបានច្រើន។ បើចូលចិត្តញ៉ាំសាច់ ត្រូវជ្រើសរើសយកសាច់សម្បូរប្រូតេអ៊ីន ដូចជា សាច់មាន់ ត្រី សាច់គ្មានខ្លាញ់ សណ្តែក និងស៊ុត។ ត្រូវចៀសវាងអាហារមានកូលេស្តេរ៉ូលខ្ពស់ ខ្លាញ់ Trans fats ខ្លាញ់ឆ្អែត អំបិល និងស្ករ។
ជក់បារី និងផឹកស្រា អាចធ្វើឲ្យស្បែកខ្សោយ ងាយនឹងមានរង្វង់ខ្មៅ ស្រអាប់ និងស្បែកសឹកផងដែរ ខណៈស្ត្រេស ក៏ជាកត្តាពាក់ព័ន្ធអាចបង្កបញ្ហាដល់ស្បែក ដូច្នេះត្រូវព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់ និងត្រូវគ្រប់គ្រងកម្រិតស្ត្រេស តាមរយៈការហាត់ប្រាណ ឬធ្វើដំណើរកំសាន្តម្តងម្កាល។
ត្រូវព្យាយាមធ្វើតាមការណែនាំ ដើម្បីថែរក្សាសម្រស់ឲ្យបានល្អ ទោះបីជាយើងមានស្បែកមុខខ្លាញ់ ឬមុខមុនក៏ដោយ ក៏មិនមែនជាបញ្ហាធំទេ បើយើងបង្កើតទម្លាប់ថែរក្សាស្បែក បានត្រឹមត្រូវ។
[embed-health-tool-due-date]