គ្រោះថ្នាក់ដោយសារពស់ចឹកត្រូវគេជួបប្រទះជារឿយៗ ជាពិសេសនៅតំបន់ស្រែចម្ការ ហើយក្នុងរដូវមានទឹកជំនន់បែបនេះទៀត អាចរឹតតែមានច្រើនករណី។ ថ្វីបើដំបូងត្រឹមជាស្នាមខាំរបួសតូចក៏ពិតមែន ប៉ុន្តែក្នុងករណីខ្លះវាអាចបណ្ដាលជាជំងឺធ្ងន់ធ្ងរភ្លាមៗ និងអាចបណ្ដាលឲ្យស្លាប់ក៏មាន ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
ខាងមន្ទីរពេទ្យកាលម៉ែត្របានបានបង្ហាញពីប្រភេទពស់ពិស និង របៀបជួយសង្គ្រោះបឋម នៅពេលមានសត្វពស់ចឹកដូចខាងក្រោម៖
១- ប្រភេទពស់ពិស
ក្នុងចំណោមពស់ប្រមាណជិត ៦០ ប្រភេទដែលគេស្គាល់ក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញខាងសត្វពស់បានសម្គាល់ឃើញថា មានពស់ពិស ១២ ប្រភេទ ជាមូលហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងនោះពស់ ៦ ប្រភេទបង្កគ្រោះថ្នាក់ញឹកញាប់ ដោយសារវារស់នៅជិតៗភូមិឋានយើងមាន៖
- ពស់វែកក្របី
- ពស់វែកដំបូក
- ពស់ហនុមាន
- ពស់ក្រាយ ឬថ្នាំងអំពៅសខ្មៅ
- ពស់បៃតង ២ ប្រភេទទៀត
មាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិ៖
- ពស់វែករនាម
- ពស់ពព្លាក់
- ពស់ស្រកាចាស
- ពស់ក្រាយ លឿងខ្មៅ
- ពស់ក្រាយក្បាលក្រហមពស់ទី ១២ គឺពស់សមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកនេសាទសមុទ្រ។
២- ថ្នាំបន្សាបពិស
ថ្នាំបន្សាបពិសពស់ជាថ្នាំដែលធ្វើចេញពីឈាមសត្វសេះ។ ប្រសិនបើប្រើត្រឹមត្រូវវាមានប្រសិទ្ធភាពណាស់ អាចជួយជីវិតមនុស្សបានច្រើន ក៏ប៉ុន្តែវាជាថ្នាំដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដែរ ជាពិសេសគឺប្រតិកម្មជាមួយសារធាតុដែលកើតមានក្នុងឈាមសត្វសេះ។ បើគ្មានមធ្យោបាយជួយសង្គ្រោះត្រឹមត្រូវទេ ប្រតិកម្មនេះក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។
[embed-health-tool-bmi]
៣- ការធ្វើរោគវិនិច្ឆ័យ
ថ្វីបើក្រោយពេលមានសត្វខាំ ស្នាមចង្កូម ២ ភាគច្រើនជាសញ្ញានៃពស់មានពិស គ្រូពេទ្យមិនអាចវិនិច្ឆ័យប្រភេទពស់បានភ្លាមៗទេ គឺត្រូវការពិនិត្យតាមដានរោគសញ្ញាមួយចំនួនមុននឹងសម្រេចប្រើថ្នាំបន្សាបពិស។ ដោយហេតុនេះ គ្រូពេទ្យតែងចង់ដឹងថា៖
- តើសត្វខាំនោះជាពស់ ឬមិនមែនពស់?
- បើជាពស់ តើពស់មានពិស ឬពស់គ្មានពិស?
- បើជាពស់មានពិស តើការខាំនោះមានបញ្ចូលពិសវាទៅក្នុងខ្លួនអ្នករងគ្រោះ ឬទេ?
៤- រោគសញ្ញា និងការព្យាបាល
ជាការពិតថ្នាំបន្សាបពិសពស់មានប្រសិទ្ធភាពតែក្នុងករណីមានពិសពស់ចូលក្នុងខ្លួនមនុស្ស ហើយពិសនោះនៅមានសកម្មភាព មានសញ្ញា ឬអាការៈមួយចំនួនដែលគ្រូពេទ្យតាមដានស្វែងរក ហើយវត្តមានរបស់វាតម្រូវឲ្យប្រើថ្នាំបន្សាបពិសភ្លាម ទោះដឹងថាវាអាចមានប្រតិកម្មកើតឡើងក្ដី។ សញ្ញាទាំងនោះមានដូចជា៖
- ធ្លាក់ត្របកភ្នែកដូចងងុយដេក
- រឹងមុខមាត់ពិបាកនិយាយស្ដី
- ទន់ក
- ជើងដៃចេះតែកន្ទ្រាក់តិចៗ
- ពិបាកដកដង្ហើមជាសញ្ញាចុងក្រោយ ដែលត្រូវព្យាបាលជាបន្ទាន់
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?
សញ្ញាផ្សេងទៀតដែលត្រូវប្រើថ្នាំជាបន្ទាន់ដែរមាន៖
- កន្លែងដែលពស់ខាំ រាលដាល (ឡើងហើម ក្រហម ) លឿន
- មានចេញពងទឹកដូចរលាកភ្លើង
- មានចេញស្នាមជាំលើខ្លួន
- ដំបៅហូរឈាមមិនឈប់
- ឡេះឡះ
- គ្មានទឹកនោមជាដើម
សញ្ញាខាងលើនេះសុទ្ធតែជាសញ្ញានៃអាការៈ ដែលធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត ក៏ប៉ុន្តែថ្នាំបន្សាបពិសប្រើទាន់ពេលវេលាអាចជួយជីវិតបាន។
ចំណុចមួយទៀតដែលជួយជីវិត គឺវិធីដែលអាចពន្យារពេលកុំឲ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក មានន័យថាក្រោយពស់ខាំភ្លាម គប្បីទប់អបអវយវៈដែលរងការខាំនោះកុំឲ្យសាច់ដុំកន្ត្រាក់ខ្លាំង។ ឧទាហរណ៍៖ ប្រសិនបើជើងត្រូវពស់ខាំ ការខំប្រឹងរត់ ឬដើរនឹងនាំឲ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះគប្បីរកអ្នកជួយគ្រា ឬសែងទៅរកកន្លែងសង្គ្រោះ ឬមន្ទីរពេទ្យ។
ចំពោះវិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមក ភាគច្រើនឲ្យគុណវិបត្តិជាងឲ្យផលប្រយោជន៍ដូចជា៖
-ការចងរឹតពីខាងលើរបួស ភាគច្រើនបណ្ដាលឲ្យផ្នែកខាងក្រោមចំណងខ្វះឈាមទៅចិញ្ចឹម និងត្រូវស្លាប់ ដែលជារឿយៗតម្រូវឲ្យកាត់ចោល ដើម្បីសង្គ្រោះជីវិត។
– ការវះបើកមុខកន្លែងស្នាមខាំក្នុងបំណងឲ្យពិសហូរចេញវិញ ជួនកាលបណ្ដាលឲ្យហូរឈាមមិនឈប់ និងបាត់បង់ឈាមជាច្រើន រហូតដល់សភាពស្ហុក។
– ការបឺតជញ្ជក់កន្លែងខាំក៏មិនអាចបឺតយកពិសចេញបានដែរ។
– កន្លែងមានរបួសជាទីដែលប្រព័ន្ធការពារលើស្បែកយើងត្រូវមានចន្លោះប្រហោងអាចឲ្យមេរោគផ្សេងៗចូលបានយ៉ាងងាយ ដូចនេះការដាក់បំពោកនូវវត្ថុផ្សេងៗ ឬថ្នាំដែលមិនស្អាតអាចបន្ថែមមេរោគនឹងធ្វើឲ្យដំបៅក្លាយ។
៥- ចំណុចគួរចងចាំ និងអនុវត្ត
– ថ្នាំប្រឆាំងពិសពស់ជាឱសថដ៏សំខាន់ តែវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបានដែរ។
– ថ្នាំពិសពស់ ១ ដបអាចប្រើសម្រាប់បន្សាបពិសក្រុមពស់ណា ១ ដែលកបនឹងថ្នាំនោះ មិនមែនពស់គ្រប់ប្រភេទទេ។
– ថ្នាំពិសពស់មានផលប្រយោជន៍ និងប្រសិទ្ធិភាពតែកាលណាមានពិសពស់ក្នុងខ្លួនជនរងគ្រោះ ជាពិសេសក្នុងរបត់ឈាម។
– គ្រប់ករណីពស់ចឹក ឬសង្ស័យថាពស់ចឹកមិនសុទ្ធតែចាំបាច់ត្រូវចាក់ថ្នាំបន្សាបពិសទេ។
– បើមានពស់ខាំ មុនមកដល់មន្ទីរពេទ្យ គប្បីទប់អបអវយវៈដែលរងរបួសនោះកុំឲ្យវាមានចលនាខ្លាំង។ មិនត្រូវចងរឹតតឹងពីខាងលើ ឬវះបង្ហូរឈាម ឬបឺតឈាមទេ ព្រោះវានាំឲ្យខាតពេល និងអាចមានគ្រោះថ្នាក់។
– ប្រសិនបើប្រាកដជាពស់ខាំ ត្រូវប្រញាប់មកមន្ទីរពេទ្យដែលមាន ហើយអាចប្រើថ្នាំបន្សាបពិសដោយសុវត្ថិភាពបាន។
ក្នុងករណីមានសញ្ញាពិសក្នុងខ្លួនជនរងគ្រោះ ក្រុមគ្រូពេទ្យនឹងវិនិច្ឆ័យប្រភេទក្រុមពស់ដែលបង្កហេតុ ដើម្បីត្រូវប្រើថ្នាំបន្សាបឲ្យត្រូវនឹងក្រុមពស់។ ក្រោយកំណត់បានហើយក្រុមគ្រូពេទ្យ នឹងរៀបចំត្រៀមមធ្យោបាយសម្រាប់ព្យាបាលករណីមានប្រតិកម្មជាយថាហេតុ និងប្រើប្រាស់ថ្នាំបន្សាបពិស ដោយចាក់តាមសរសៃវ៉ែនផ្ទាល់ ឬលាយជាមួយសេរ៉ូម។
ជួនកាលគ្រូពេទ្យត្រូវប្រើប្រាស់មធ្យោបាយផ្សេងៗទៀតដូចជា ម៉ាស៊ីនដកដង្ហើមអុកស៊ីហ្សែន ថ្នាំជំនួយបេះដូង ឬការប្រើផលិតផលឈាម ឬការបង្គ្រប់ជាតិទឹក ជាដើមរួមផ្សំជាមួយ រហូតដល់ថ្នាំព្យាបាលពិសមានប្រសិទ្ធិភាព និងដើម្បីជួយជីវិតបាន។