ស្វែងយល់ពីការប្រើប្រាស់
តើវីតាមីនDប្រើប្រាស់ដើម្បីអ្វី?
វីតាមីនDគឺជាវីតាមីនដែលមានកម្រិតបរិមាណតិចនៅក្នុងខ្លាញ់ត្រីសមុទ្រដូចជាត្រីហារ៉ុង ត្រីស្បៃកា ត្រីសារឌីន និង ត្រីធូណា។ វីតាមីនD ក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងផលិតផលទឹកគោ ទឹកផ្លែឈើ និង គ្រាប់ធញ្ញជាតិផងដែរ។ ក្រៅពីនេះរាងរបស់យើងផ្ទាល់ទទួលបានវីតាមីនDចាប់ពី៨០ទៅ៩០%តាមរយៈពន្លឺព្រះអាទិត្យ។ វីតាមីននេះ ក៏អាចផលិតធ្វើជាថ្នាំបាននៅក្នុងមន្ទីរពិសោធន៍ងដែរ។
ក្នុងវិស័យវេជ្ជសាស្រ្តគេប្រើប្រាស់វីតាមីនDក្នុងការព្យាបាលនិងបង្ការជំងឺ rickets (ជំងឺឆ្អឺងម្យ៉ាងដែលធ្វើឲ្យឆ្អឺងទន់ងាយបាក់) ដែលជាជំងឺមួយបង្កដោយសារខ្វះវីតាមីនDក្នុងរាងកាយ។ វីតាមីនD នេះក៏អាចប្រើដើម្បីព្យាបាល ជំងឺខ្សោយឆ្អឺត (Osteoporosis) ជំងឺឈឺឆ្អឹង (osteomalacia) ស្រកកំហាប់ឆ្អឹងចំពោះអ្នកជំងឺដែលមានស្ថានភាពម្យ៉ាងហៅថា Hyperparathyroidism និងជំងឺពីតំណពូជ (osteogenesis imperfecta) ដែលនាំឲ្យឆ្អឺងស្រួយ និងងាយបាក់។ វីតាមីនD ក៏ប្រើដើម្បីការពារពីការធ្លាក់ និងបាក់បែកឆ្អឹងចំពោះមនុស្សដែលប្រឈមនឹង ជំងឺ ខ្សោយឆ្អឹង (osteoporosis) និងការពារការធ្លាក់ចុះជាតិកាល់ស្យូម និងថយកំហាប់ឆ្អឹង (Renal osteodystrophy) ចំពោះអ្នកជំងឺខ្សោយតម្រងនោម។
វីតាមីនDក៏ជួយព្យាបាលបញ្ហាបេះដូងនិងសរសៃឈាម ដែលមានដូចជាជំងឺលើសឈាម និងជាតិកូឡេស្ដេរ៉ូលខ្ពស់រួមទាំងជំងឺផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ធាត់លើសទម្ងន់ ខ្សោយសាច់ដុំ ជំងឺឡើងរឹងប្រព័ន្ធប្រសាទកណ្ដាល (Multiple sclerosis) ជំងឺខូចសន្លាក់ដៃជើង(Rheumatoid arthritis) ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ជំងឺហឺត រលាកទងសួត បញ្ហាមុនពេលមករដូវ (PMS) ព្រមទាំង រោគពុកធ្មេញ និង ជំងឺរលាកអញ្ចាញធ្មេញផងដែរ។
អ្នកខ្លះប្រើវីតាមីន D ដើម្បីព្យាបាលបញ្ហាស្បែកដូចជា vitiligo, scleroderma, psoriasis, actinic keratosis, និង lupus vulgaris។ មុខងារបន្ថែមរបស់វីតាមីនDជួយក្នុងការបង្កើនប្រព័ន្ធភាពសាំរាងកាយបង្ការជំងឺautoimmuneនិង ជំងឺមហារីក។
ព្រោះតែវីតាមីន D អាចជួយរក្សាបានល្អនូវកម្រិតជាតិរ៉ែក្នុងរាងកាយដូចជាផូស្វ័រ និងកាល់ស្យូមទើបគ្រូពេទ្យប្រើវាក្នុងការព្យាបាលជំងឺដែលបណ្ដាលឲ្យមានបញ្ហាខ្វះសារធាតុរ៉ែទាំងពីរ មានដូចជា ជំងឺដែលនាំឲ្យធ្លាក់ចុះសារធាតុផូស្វ័រ (Familial Hypophosphatemia និង Fanconi syndrom) និងជំងឺដែលនាំឲ្យធ្លាក់ចុះសារធាតុកាល់ស្យូម (Hypoparathyroidism និង pseudohypoparathyroidism) ។
វីតាមីន D ត្រូវបានគេស្គាល់ក្នុងទម្រង់ Calcitriol ឬ Calciprotriene ត្រូវបានគេលាប់ផ្ទាលនៅលើស្បែកដើម្បីព្យាបាលការរមាស់ (Psoriasis) មួយចំនួន។
អត្ថបទពាក់ព័ន្ធ៖ Vitamin C (វីតាមីន C)
តើវីតាមីនDមានមុខងារយ៉ាងដូចម្ដេច?
មិនទាន់មានការសិក្សាណាមួយអាចផ្ដល់មូលដ្ឋានគ្រប់គ្រាន់សម្រាប់ប្រាប់អំពីមុខងារធ្វើការនៃវីតាមីនDនោះទេ។ដូច្នេះសូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ប៉ុន្តែគេគ្រាន់តែដឹងថាវាគឺជាវីតាមីនសំខាន់ដែលរាងកាយត្រូវការមិនអាចខ្វះបានក្នុងការរក្សាជាតិរ៉ែកាល់ស្យូមនិងផូស្វ័រព្រមទាំងធ្វើឲ្យឆ្អឹងរឹងមាំ។
ស្វែងយល់ពីការហាមឃាត់ និងការប្រុងប្រយ័ត្ន
តើយើងគួរយល់ដឹងអ្វីខ្លះមុននឹងប្រើប្រាស់វីតាមីនD?
មុននឹងប្រើយើងត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីប្រសិនបើ៖
- ជាស្រ្ដីមានគភ៌ឬកំពុងបំបៅដោះកូន ព្រោះអំឡុងពេលនេះ ស្រ្តីយើងខ្លះអាចប្រើថ្នាំបាន តាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។
- អ្នកប្រើប្រាស់ឱសថអ្វីផ្សេងទៀត
- អ្នកមានប្រតិកម្មជាមួយសារជាតិនៃវីតាមីនKឬឱសថពេទ្យឬឱសថរុក្ខជាតិផ្សេងៗ
- អ្នកមានជំងឺផ្សេងៗ
- អ្នកមានប្រតិកម្មជាមួយអាហារសារជាតិបន្ថែមពណ៌ និង សារជាតិរក្សាអាហារទុកឲ្យបានយូរ
លក្ខខណ្ឌក្នុងការចុះបញ្ជិការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជិការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះយើងគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។យើងត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖ Vitamin A (វីតាមីនA)
តើវីតាមីនDមានសុវត្ថិភាពកម្រិតណា?
វីតាមីនDគឺមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនដែលទទួលទានតាមមាត់ឬចាក់តាមសាច់ដុំត្រឹមត្រូវតាមការណែនាំនិងមិនមានផលប៉ះពាល់នោះទេ លើកលែងរាតែប្រើប្រាស់ក្នុងកម្រិតច្រើនជ្រុល។
ការញ៉ាំវីតាមីននេះយូរពេក ក្នុងកម្រិត ខ្ពស់ជាង ៤០០០ units រាល់ថ្ងៃ គឺមិនមានសុវត្ថិភាពទេ ហើយអាចបណ្ដាលឲ្យកើនកម្រិតជាតិកាល់ស្យូមច្រើនក្នុងឈាម។ ទោះយ៉ាងនេះក្ដី កម្រិតខ្ពស់របៀបនេះជាញឹកញាប់ច្រើនប្រើក្នុងការព្យាបាលរយៈពេលខ្លីចំពោះអ្នកដែលខ្វះ វីតាមីន D ហើយការព្យាបាលរបៀបនេះត្រូវស្ថិតក្នុងការតាមដានយ៉ាងដិតដល់។
អត្ថបទពាក់ព័ន្ធ៖ Thiamine Deficiency (ជំងឺកង្វះវីតាមីនបេ១)
ការព្រមាន និង ការប្រុងប្រយ័ត្នពិសេស៖
ស្ត្រីមានគភ៌និងបំបៅដោះ៖ វីតាមីនDអាចមានសុវត្ថិភាពប្រសិនបើអ្នកម្ដាយប្រើប្រាស់ក្នុងបរិមាណក្រោម៤០០០ Unit និងហាមប្រើក្នុងកម្រិតខ្ពស់ព្រោះអាចមានគ្រោះថ្នាក់អំឡុងពេលពរពោះឬបំបៅដោះ។ ការប្រើច្រើនជាងកម្រិតនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ទារកបាន។
ជំងឺតម្រងនោម៖ វីតាមីនDអាចបង្កើនជាតិកាល់ស្យូមក្នុងរាងកាយនិងធ្វើឲ្យមានការឡើងរឹងនៃសរសៃអាកទែ ចំពោះអ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។ កម្រិតទាំងនេះត្រូវតែមានតុល្យភាព ដើម្បីការពារជំងឺ Renal Osteodystropy ដែលជាជំងឹឆ្អឺងមួយប្រភេទ កើតឡើងពេលដែលតម្រងនោមខ្សោយក្នុងការគ្រប់គ្រងកម្រិតជាតិកាល់ស្យូមនិងផូស្វាត ឲ្យមានតុល្យភាព នៅក្នុងឈាម។ កម្រិតជាតិកាល់ស្យូមត្រូវតាមដានឲ្យបានដិតដល់ចំពោះអ្នកជំងឺខ្សោយតម្រងនោម។
អ្នកមានកម្រិតជាតិកាល់ស្យូមខ្ពស់នៅក្នុងឈាម ៖ ការប្រើប្រាស់វីតាមីនDអាចនឹងធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ។
អ្នកមានជំងឺឡើងរឹងសរសៃអាកទែ (Atherosclerosis) ៖ អ្នកជំងឺប្រភេទនេះបើប្រើប្រាស់វីតាមីនDអាចនឹងធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ ជាពិសេសអ្នកដែលមានជំងឺតម្រងនោម។
ជំងឺ Sarcoidosis៖ វីតាមីន D អាចបង្កើនកម្រិតកាល់ស្យូមចំពោះអ្នកជំងឺ Sarcoidosis ដែលនាំឲ្យមានគ្រួសតម្រងនោម និងបញ្ហាផ្សេងទៀត។ សូមប្រើដោយប្រុងប្រយ័ត្ន។
ជំងឺ Histoplasmosis៖ វីតាមីន D អាចបង្កើនកម្រិតកាល់ស្យូមចំពោះអ្នកជំងឺ Histoplasmosis ដែលនាំឲ្យមានគ្រួសក្នុងតម្រងនោម និងបញ្ហាផ្សេងទៀត។ សូមប្រើដោយប្រុងប្រយ័ត្ន។
អ្នកជំងឺ Hyperparathyroidism (ក្រពេញទីរ៉ុអ៊ីតសកម្មខ្លាំងជ្រុល)៖ វីតាមីន D អាចបង្កើនកម្រិតកាល់ស្យូមក្នុងឈាមចំពោះអ្នកជំងឺប្រភេទនេះ។ សូមប្រើវីតាមីន D ដោយប្រុងប្រយ័ត្ន។
ជំងឺ Lymphoma៖ វីតាមីន D អាចបង្កើនកម្រិតកាល់ស្យូមក្នុងឈាមចំពោះអ្នកជំងឺប្រភេទនេះ។ សូមប្រើវីតាមីន D ដោយប្រុងប្រយ័ត្ន។
ជំងឺរបេង៖ វីតាមីន D អាចបង្កើនកម្រិតកាល់ស្យូមក្នុងឈាមចំពោះអ្នកជំងឺប្រភេទនេះ។ ជាលទ្ធផល វាអាចបណ្ដាលឲ្យមានផលរំខានផ្សេងៗ ដូចជា គ្រួសក្នុងតម្រងនោមជាដើម។
ស្វែងយល់ពីផលរំខាន
តើផលប៉ះពាល់នៃវីតាមីនDមានអ្វីខ្លះ?
ផលប៉ះពាល់មួយចំនួនក្នុងការទទួលទានវីតាមីនDច្រើនពេកមានដូចជា ខ្សោយអស់កម្លាំង គេងមិនលក់ ឈឺក្បាល មិនឃ្លានអាហារ ស្ងួតមាត់ និងល្វីងមាត់ ក្អួតចង្អោរជាដើម។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានដូចនេះទេ ហើយនៅមានផលរំខានផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ដូចនេះ ប្រសិនបើមានការបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
តើវីតាមីនDអាចមានអន្ដរកម្មមកលើរាងកាយយើងដូចម្ដេចខ្លះ?
វីតាមីនDអាចមានអន្តរកម្មជាមួយឱសថ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់យើង ដូច្នេះសូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញមុននឹងប្រើប្រាស់។ ផលិតផលដែលអាចមានអន្តរកម្មជាមួយវីតាមីនDរួមមាន៖
+អាលុយមីញ៉ូម
ដោយសារតែអាលុយមីញ៉ូមមានផ្ទុកនៅក្នុងថ្នាំបន្សាបជាតិអាស៊ីតក្រពះ និង វីតាមីនDអាចធ្វើឲ្យរាងកាយបង្កើនការស្រូបយកជាតិអាលុយមីញ៉ូម បង្កឲ្យអន្ដរកម្មទាំងពីរនេះអាចមានបញ្ហាសម្រាប់អ្នកដែលមានជំងឺតម្រងនោម ដូចនេះគួរលេបវីតាមីនDមុន២ម៉ោងឬក្រោយថ្នាំបន្សាបជាតិអាស៊ីតក្រពះបួនម៉ោង។
+Calcipotriene (Dovonex)
ថ្នាំនេះ ជាថ្នាំដែលស្រដៀងនឹងវីតាមីន D ។ ការលេបថ្នាំទាំងពីរនេះជាមួយគ្នា អាចបង្កើនប្រសិទ្ធភាព និងផលរំខានរបស់ថ្នាំ Calcipotriene ។ ជៀសវាងប្រើវីតាមីន D ប្រសិនបើអ្នកត្រូវលេបថ្នាំ Calcipotriene។
+Digoxin (Lanoxin)
វីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម ហើយសារធាតុកាល់ស្យូម អាចប៉ះពាល់បេះដូង។ ថ្នាំ Digoxin ប្រើដើម្បីជួយឲ្យបេះដូងលោតខ្លាំងជាងមុន។ លេបថ្នាំទាំងពីរួមគ្នា អាចធ្វើឲ្យកើនឡើងប្រសិទ្ធភាពរបស់ Digoxin ហើយនាំឲ្យបេះដូងលោតខុសប្រក្រតី។ ប្រសិនបើគ្នាយើងណាកំពុងប្រើថ្នាំ Digoxin សូមពិគ្រោះជាមួយគ្រូពេទ្យជាមុន មុននឹងលេបវីតាមីន D។
+Diltiazem (Cardizem, Dilacor, Tiazac)
វីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម ហើយសារធាតុកាល់ស្យូម អាចប៉ះពាល់បេះដូង។ ថ្នាំ Diltiazem ក៏ធ្វើឲ្យប៉ះពាល់ដល់បេះដូង។ ការប្រើវីតាមីន D ក្នុងកម្រិតខ្ពស់ ជាមួយនឹងថ្នាំ Diltiazem នឹងធ្វើឲ្យថយប្រសិទ្ធភាពរបស់ថ្នាំ Diltiazem។
+Verapamil (Calan, Covera, Isoptin, Verelan)
វីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម ហើយសារធាតុកាល់ស្យូម អាចប៉ះពាល់បេះដូង។ ថ្នាំ Verapamil ក៏ធ្វើឲ្យប៉ះពាល់ដល់បេះដូង។ ដូចនេះយើងមិនត្រូវប្រើវីតាមីន D ក្នុងកម្រិតខ្ពស់ទេ នៅពេលដែលកំពុងប្រើថ្នាំ Verapamil។
+ថ្នាំបញ្ចុះទឹកនោម (Thiazide diuretics)
វីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម ហើយថ្នាំបញ្ចុះ ទឹកនោម ធ្វើឲ្យកើនកម្រិតកាល់ស្យូមក្នុងរាងកាយ។ ការប្រើថ្នាំទាំងពីររួមគ្នានឹងធ្វើឲ្យរាងកាយមានជាតិកាល់ស្យូមខ្លាំងពេក ដែលនាំ ឲ្យមានផលរំខានធ្ងន់ធ្ងរមួយចំនួនរួមទាំងបញ្ហាតម្រងនោមផង។ សម្រាប់ថ្នាំបញ្ចុះទឹកនោមទាំងនោះមានដូចជាchlorothiazide (Diuril), hydrochlorothiazide (HydroDIURIL, Esidrix), indapamide (Lozol), metolazone (Zaroxolyn), and chlorthalidone (Hygroton)។
+Cimetidine (Tagamet)
រាងកាយបំប្លែង វីតាមីន D ទៅជាទម្រង់មួយដែលអាចប្រើបាន តែថ្នាំ Cimetidine ធ្វើឲ្យកាត់បន្ថយសកម្មភាពនេះ ជាហេតុធ្វើឲ្យថយសកម្មភាពរបស់វីតាមីន D ។ ប៉ុន្តែប្រតិកម្មនេះប្រហែលជាមិនសូវធ្ងន់ធ្ងរទេសម្រាប់មនុស្សភាគច្រើន។
+Heparin
ថ្នាំHeparinធ្វើឲ្យឈាមក្រកក និង អាចបាក់ឆ្អឹងនៅពេលប្រើប្រាស់យូរអង្វែង គ្នាយើងដែលប្រើថ្នាំនេះ គួរតែបរិភោគអាហារសំបូរជាតិកាល់ស្យូម និង វីតាមីនD។
+Low molecular weight Heparin (LMWHS)
ថ្នាំខ្លះហៅថា Low molecular weight Heparin (LMWHS) អាចធ្វើឲ្យកើនឡើងហានិភ័យនៃការបាក់ឆ្អឺង ពេលប្រើវារយៈពេលយូរ។ អ្នកជំងឺដែលប្រើថ្នាំ នេះគួរញ៉ាំអាហារដែលសម្បូរកាល់ស្យូម និងវីតាមីន D។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់ជូននេះមិនមែនជានៃការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានព័ត័មានបន្ថែម។
របៀបនៃការប្រើប្រាស់វីតាមីនD
កម្រិតការប្រើប្រាស់ខាងក្រោមដែលបានសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ដ:
តាមមាត់:
- សម្រាប់បង្ការការបែកបាក់ឆ្អឹង និង ជំងឺពុកឆ្អឹង:៤០០–១០០០ IU/ថ្ងៃសម្រាប់យុវវ័យដែលមានអាយុច្រើន ហើយអ្នកជំនាញខ្លះក៏បានណែនាំឲ្យប្រើចាប់ពី ១០០០–២០០០ IU/ថ្ងៃ។
- សម្រាប់បង្ការការដួលបាក់ឆ្អឹង:៨០០–១០០០ IU/ថ្ងៃ ត្រូវប្រើលាយជាមួយកាល់ស្យូម ១០០០–១២០០ មិល្លីក្រាម/ថ្ងៃ។
- សម្រាប់បង្ការជំងឺMS (Multiple sclerosis) :ត្រូវប្រើប្រាស់រយៈពេលយូរ យ៉ាងហោចណាស់ ៤០០ IU/ថ្ងៃ ដោយក្នុងទម្រង់ជាmultivitamin។
- សម្រាប់បង្ការមហារីកគ្រប់ប្រភេទ:ប្រើកាល់ស្យូម ១៤០០–១៥០០ មិល្លីក្រាម/ថ្ងៃ បូកជាមួយវីតាមីនD3(cholecalciferol) ១១០០ IU/ថ្ងៃ សម្រាប់ស្រ្ដីក្រោយអស់រដូវ
- សម្រាប់ការឈឺសាច់ដុំដោយសារប្រើថ្នាំពេទ្យ:វីតាមីនD2 (ergocalciferol) ឬ វីតាមីនD3 (cholecalciferol) ៥០០០០ units មួយសប្ដាហ៍ម្ដង ឬ ៤០០ IU/ថ្ងៃ
- សម្រាប់បង្ការគ្រុនផ្ដាសាយ:វីតាមីនD (cholecalciferol) ១២០០ IU/ថ្ងៃ
សម្រាប់អាហារបំប៉នភាគច្រើនមានផ្ទុកវីតាមីនD ត្រឹមតែ ៤០០ IU (១០មីក្រូក្រាម)។
កម្រិតនៃការទទួលទានវីតាមីនDអាចមានភាពខុសគ្នារាល់អ្នកជំងឺម្នាក់ៗ ដែលវាអាស្រ័យទៅលើអាយុ សុខភាពរាងកាយ និង ស្ថានភាពផ្សេងទៀតនៃអ្នកជំងឺ។ ការប្រើប្រាស់អាហារបំប៉នមិនមែនតែងតែមានសុវត្ថិភាពនោះទេ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានកម្រិតប្រើប្រាស់សមស្រប។
តើវីតាមីនDមានទម្រង់ប្រភេទយ៉ាងដូចម្ដេច?
វីតាមីនD អាចរកបានក្នុងទម្រង់ជា៖
- ផលិតផលទឹកដោះគោ ពន្លឺព្រះអាទិត្យ និង មានស្រាប់ក្នុងអាហារមួយចំនួន
- កាប់ស៊ុល
- ជែលទន់
- សារធាតុរាវ
អត្ថបទពាក់ព័ន្ធ៖
- នេះជាហេតុផល កូនយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់!
- អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយបាន
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕
[embed-health-tool-bmi]