backup og meta

ធាត់ លើសទម្ងន់ ប្រឈមកើតជំងឺមហារីកច្រើនប្រភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2021

    ធាត់ លើសទម្ងន់ ប្រឈមកើតជំងឺមហារីកច្រើនប្រភេទ

    ការ​លើស​គីឡូ និង​ធាត់​ គឺ​ពិត​ជា​មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​ឱកាស​កើត​ជំងឺ​មហារីក​។ តាម​ការ​សិក្សា​កន្លង​មក​នៅ​សហរដ្ឋ​អាមេរិក​ អ្នក​លើស​ទម្ងន់​អាច​ប្រឈម​កើត​ជំងឺ​មហារីក​១១​ភាគ​រយ​លើ​ស្រ្តី និង​៥​ភាគ​រយ​លើ​បុរស ហើយ​មាន​៧​ភាគ​រយ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក។​

    អ្នក​ធាត់ ឬ​លើស​ទម្ងន់​អាច​មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​​ការ​កើន​ជំងឺ​មហារីក​​ជា​ច្រើន​ប្រភេទ​ដូច​ជា មហារីក​សុដន់​(ក្រោយ​អស់​រដូវ) មហារីក​ពោះវៀនធំ និង​រន្ធគូទ មហារីក​ស្រទាប់​ស្បូន មហារីក​ថង់​ទឹក​ប្រមាត់ មហារីក​តម្រង​នោម​ មហារីក​ថ្លើម មហារីក​ក្រពេញ​អូវែ មហារីក​លំពែង និង​មហារីក​ក្រពះ​ជា​ដើម​។

    ​​ទំនាក់​ទំនង​រវាង​ការ​លើស​ទម្ងន់​ឬ​ធាត់ ទៅ​នឹង​ជំងឺ​មហារីក​ហាក់​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច និង​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ​។ ឧទាហរណ៍​ ការសិក្សា​បាន​រក​ឃើញ​ថា​លើស​ទម្ងន់​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​ខ្ពស់​ក្រោយ​អស់​រដូវ តែ​វា​មិន​មាន​ហានិភ័យ​ខ្ពស់​ទេ​អំឡុង​ពេល​ស្រ្តី​នៅ​មាន​វដ្ដ​រដូវ​។ ហេតុ​ផល​នៅ​ពី​ក្រោយ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ដូច​គ្នា​។​

    ធាត់លើសទម្ងន់

    ១. ទំនាក់ទំនង​លើស​ទម្ងន់ និង​ជំងឺ​មហារីក

    ពេល​រាង​កាយ​​យើង​លើស​ទម្ងន់ វា​នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​តាម​ច្រើន​វិធី ដោយ​មាន​​វិធី​ខ្លះ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ជាក់​លាក់​ណា​មួយ​។ ការ​លើស​ទម្ងន់​អាច​បង្កើន​ការ​ប្រឈម​កើត​ជំងឺ​មហារីក​តាម​រយៈ​៖

    • មាន​ការ​រលាក​ក្នុង​រាង​កាយ​
    • កោសិកា និង​សរសៃឈាម​លូត​លាស់​បន្ថែម​
    • កោសិកា​អាច​មាន​សមត្ថភាព​រស់​យូរ​ជាង​ធម្មតា​
    • កម្រិត​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​ ដូច​ជា​អាំងស៊ុយលីន និង​អឺស្រ្តូហ្សែន អាច​បង្កើន​ការ​លូត​លាស់​កោសិកា​
    • កត្តា​ផ្សេង​ទៀត​ដែល​អាច​មាន​ឥទ្ធិពល​គ្រប់​គ្រង​លើ​កោសិកា
    • សមត្ថភាព​រាលដាល​របស់​កោសិកា

    ២. សម្រក​ទម្ងន់​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​?

    ការ​សិក្សា​លើ​ការ​សម្រក​ទម្ងន់​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ចុះ​ទាប គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​​។ យ៉ាងណា មាន​ភស្តុតាង​មួយ​ចំនួន​បាន​បង្ហាញ​ថា​ការ​ស្រក​ទម្ងន់​ប្រហែល​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ ដូចជា​ជំងឺ​មហារីក​សុដន់​ក្រោយ​អស់​រដូវ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។

    យ៉ាងណា នៅ​តែ​មានការ​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ឲ្យ​សម្រក​ទម្ងន់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​។ ជាក់ស្ដែង អ្នក​លើស​ទម្ងន់ ឬ​ធាត់ ដែល​ព្យាយាម​សម្រក​ទម្ងន់​បាន​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​​ដែល​ទាក់ទង​នឹង​ហានិភ័យ​ជំងឺ​មហារីក ដូច​ជា​អ័រម៉ូន​អាំងស៊ុយលីន អឺស្រ្តូហ្សែន និង​អង់ដ្រូហ្សែន​។

    ​​ទោះ​បី​ជា​ទំនាក់​ទំនង​រវាង​ការ​សម្រក​ទម្ងន់ និង​ហានិភ័យ​កើត​ជំងឺ​មហារីក​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ច្រើន​ទៀត ប៉ុន្តែ​ការ​សម្រក​ទម្ងន់​ឲ្យ​មក​នៅ​កម្រិត​ត្រឹម​ត្រូវ​តាម​រង្វាស់​សន្ទស្សន៍​រាងកាយ​(BMI) ជា​រឿង​សំខាន់។ ការ​សម្រក​ទម្ងន់​មាន​ផល​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព​ទូទៅ​ក្រៅតែ​ពី​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក នៅ​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម