លោកបន្តថា ពេលមាត់ស្បូនបើកអស់ហើយ ពេលម្ដាយឈឺពោះទម្រង់កូន ឆ្អឹងក្បាលកូនត្រូវលូនចុះសម្របខ្លួនបន្តិចម្ដងៗចូលមកក្នុងអាងត្រគាក ហើយក្បាលកូនគឺត្រូវចុះមកដល់មាត់ទ្វារមាសតែម្ដង ហើយពេលឈឺពោះយូរ ព្រោះតែគាបយូរ ទើបក្បាលកូនត្រូវពយ។
លោកបន្ថែមទៀតថា ក្មេងដែលម្ដាយប្រឹងកើតតាមធម្មជាតិ នឹងពយបន្តិចបន្តួច ហើយក្រោយកើតបានប៉ុន្មានម៉ោង ក្បាលកូននឹងស្រកមូលឡើងវិញ។ វេជ្ជបណ្ឌិតបានបកស្រាយបន្តថា “ស្រ្តីដែលឈឺពោះ ៣-៤ ម៉ោង ក្បាលកូនមានសភាពធម្មតា តែសម្រាប់អ្នកឈឺពោះរយៈពេលយូរ ១ ថ្ងៃ ឈានចូលថ្ងៃទី ២ អី ក្បាលកូនអាចទៅជាបែបនោះ ក្បាលប្រៀបដូចជាត្រូវគេច្របាច់ជាប់យូរ“។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ក៏បន្តទៀតថា ក្នុងករណីដែលកូនបូម ក៏អាចបណ្ដាលឲ្យក្បាលកូនទៅជាពយឡើងទៅលើបែបនេះដែរ ហើយខ្លះទៀតអាចដាច់រហែកស្បែកក្បាល ព្រោះការកកិតខ្លាំងក៏មាន។