កូនក្មេងក្អែម្ដងម្ដាលជារឿងធម្មតាទេ ប៉ុន្តែបើក្អែញឹកញាប់ជាងអ្វីដែលកូនធ្លាប់មាន អាចជារឿងមួយផ្សេងទៀត។ កូនតូចអាយុបួនខែប្រហែលជា២ភាគ៣ អាចជួបបញ្ហាច្រាលអាស៊ីដក្រពះ(GERD) ហើយមានប្រហែលជា១០ភាគរយនៃក្មេងមានអាយុ១ឆ្នាំ ក៏អាចមានបញ្ហានេះដែរ។
១. រោគសញ្ញាច្រាលអាស៊ីដក្រពះ
ក្រៅពីក្អែញឹកញាប់ជាងធម្មតា ក្មេងតូចៗដែលមានបញ្ហាច្រាលអាស៊ីដក្រពះក៏អាចមានរោគសញ្ញាមួយចំនួនផ្សេងទៀតដូចជា៖
- មិនព្រមបៅ
- ពិបាកលេបអាហារ
- ឈ្លក់
- ត្អេឺក
- នៅមិនសុខក្រោយបៅរួច
- រមាស់ខ្នងពេលកំពុងបៅ ឬបៅរួច
- ស្រកទម្ងន់ ឬមិនងាយឡើងគីឡូ
- កើតមានអាការៈក្អក ឬរលាកផ្លូវដង្ហើម
- ពិបាកគេង និង
- ពិបាកដកដង្ហើមជាដើម។
២. ហេតុអ្វីបានអូនតូចៗជួបបញ្ហានេះ?
បញ្ហាច្រាលអាស៊ីដក្រពះលើអូនតូចៗនេះកើតឡើងដោយសារតែសាច់ដុំខ្ជិបបំពង់អាហារផ្នែកខាងក្រោមមិនទាន់វិវត្តបានពេញលេញ ដែលជាហេតុធ្វើឲ្យសារធាតុនៅក្នុងក្រពះច្រាលឡើងមកលើតាមបំពង់អាហារ។ នៅពេលសារធាតុក្នុងក្រពះច្រាលឡើងមកលើចូលក្នុងបំពង់អាហារ អូនតូចនឹងមានអាការៈក្អែនេះកើតឡើង។ នៅពេលដែលសាច់ដុំខ្ជិបបានវិវត្តពេញលេញអូនៗនឹងលែងមានបញ្ហានេះទៀតដែរ។
៣. ពេលណាត្រូវនាំអូនៗទៅជួបពេទ្យ?
បើឃើញអូនៗមានរោគសញ្ញាដូចរៀបរាប់ខាងក្រោមនេះ ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យភ្លាមៗ ដែរ។
- ក្អួត ឬក្អែមានបរិមាណច្រើន
- ក្អួតញឹកញាប់ ជាពិសេសអូនៗមានអាយុក្រោមពីរខែ
- ក្អួនមានពណ៌បៃតង ឬលឿង ឬពណ៌ដូចកាហ្វេ ឬមានឈាម
- ពិបាកដកដង្ហើមក្រោយក្អួត ឬក្អែ
- មិនសូវចង់បៅ ស្រកគីឡូ ឬមិនឡើងគីឡូ
- យំច្រើនជាងបីម៉ោងក្នុងមួយថ្ងៃ ឬកូននៅមិនសុខ ខុសធម្មតា
- សញ្ញាបាត់បង់ជាតិទឹក ដូចជាមិនសូវនោម ឬកូនរញ៉ាំរញ៉ូវច្រើន។
[embed-health-tool-vaccination-tool]