ក្រោយពីអាអូនក្អួត ឬក្អែក្រោយបៅរួច បើចង់ឲ្យកូនបៅម្ដងទៀត ម៉ាក់ប៉ាគួរតែផ្ដល់ទឹកដោះគោ ឬទឹកដោះម៉ាក់ៗបន្តិចម្ដងៗឲ្យកូន និងតាមដានថាអាអូននឹងក្អួត ឬក្អែចេញមកវិញឬក៏អត់។ លើសពីនេះ ចំពោះក្មេងមានអាយុលើសពី៦ខែ បៅហើយមានបញ្ហាក្អួត ឬក្អែ ម៉ាក់ប៉ាអាចផ្ដល់ទឹកឲ្យអាអូនញ៉ាំ ដើម្បីបង្ការអាអូនខ្សោះជាតិទឹក។
ផ្ទុយទៅវិញ បើអាអូនក្អួត ឬក្អែក្រោយបៅក្នុងបរិមាណច្រើន ឬញឹកញាប់ យកល្អគួរនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ព្រោះបើតាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ទារកដែលម៉ឹមហើយ ក្អែចេញមកវិញញឹកញាប់ ក្នុងបរិមាណច្រើនៗនោះ អាចមិនមែនមកពីបច្ចេកទេសនៃការបំបៅកូនមួយមុខនោះទេ គឺកូនមានបញ្ហាសុខភាព ដូចជាបញ្ហាក្រពះតូចត្បៀត។
