
៣. ជំរុញកូនឲ្យនិយាយ
ពេលកូនយើងវ័យកាន់តែច្រើនខែ ពេលមិនគេង គេអាចត្រូវការលេងច្រើន បង្កើតទំនាក់ទំនងច្រើនជាមួយអ្នកនៅជុំវិញ។ នៅពេលឃើញកូនហាក់ចង់និយាយស្ដីជាមួយ ប៉ាម៉ាក់គួរ៖
- បង្ហាញក្ដីត្រេកអរ ផ្ដល់ភាពកក់ក្ដៅ និងនាំកូននិយាយ
- បង្ហាញទម្រង់ទឹកមុខផ្សេងលេងជាមួយកូន
- និយាយពីអ្វីមួយដែលកូនបានចង្អុលទៅកាន់
- បក់ដៃដាក់កូនចុះឡើង បើកូនបញ្ចេញសញ្ញាបក់ដៃដាក់យើង
ប៉ាម៉ាក់មួយចំនួនបាននិយាយជាមួយកូន ទាំងដែលកូនមិនឆ្លើយតបជាមួយ តែថាការធ្វើដូចនេះមិនមានអ្វីខុសនោះទេ ការនិយាយជាមួយកូនកាន់តែច្រើន នឹងជួយកូនឲ្យរៀនពីវិធីទាក់ទងជាមួយមនុស្សជុំវិញកាន់តែច្រើនដែរ។
រឿងដែលសំខាន់ ប៉ាម៉ាក់ត្រូវបង្ហាញក្ដីស្រឡាញ់ដល់កូន លេងជាមួយកូន បង្ហាញការពេញចិត្តក្នុងការនិយាយជាមួយកូន នាំឲ្យកូននិយាយ ដែលអ្វីទាំងនេះជាការបង្រៀនកូនលើជំនាញនិយាយដែរ។
៤. បារម្ភរឿងកូនមិនចេះនិយាយ?
ក្មេងម្នាក់ៗមានកម្រិតនៃការលូតលាស់ខុសៗគ្នា។ ក្មេងខ្លះអាចប្រើភ្នែក និងសំឡេង បង្កើតទំនាក់ទំនងបានលឿន ខណៈក្មេងខ្លះទៀតត្រូវការពេលរហូតដល់អាយុបីខែក៏មាន។ ដូចនេះ មិនមានអ្វីគួរឲ្យបារម្ភពេកទេបើកូនយើងមិនចេះធ្វើកាយវិការណាមួយដូចក្មេងអាយុស្របាលគ្នានោះ។
អ្វីដែលសំខាន់ និងត្រូវចាំនោះ គឺថាក្មេងអាចមានភាពខុសគ្នាក្នុងការបង្ហាញអារម្មណ៍របស់ខ្លួន។ ក្មេងខ្លះចូលចិត្តនិយាយច្រើន តែក្មេងខ្លះបែរជាស្ងាត់ស្ងៀមទៅវិញ។
ប៉ុន្តែពេលខ្លះភាពយឺតយ៉ាវក្នុងការមានទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន ក៏អាចបង្ហាញពីសញ្ញានៃជំងឺខ្វះការលូតលាស់ឬការលូតលាស់យឺត មានផ្នែកភាសា ពិបាកស្ដាប់ ខ្សោយបញ្ញា និងមានជំងឺអូទីស្សឹម។ ដូចនេះហើយ មានតែប៉ាម៉ាក់ផ្ទាល់ទេដែលអាចដឹងថាកូនមានការលូតលាស់ផ្នែកទំនាក់ទំនងយឺត និងគួរឲ្យបារម្ភកម្រិតណា។ បើមានក្ដីបារម្ភបែបនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យទើបជាការប្រសើរ។