ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានឲ្យដឹងថា កាលណាដែលម៉ាក់ប៉ាផ្ដល់ចំណីអាហារបន្ថែមឲ្យកូនលឿនពេក (អាយុក្រោម ៤-៦ ខែ) អាអូនប្រាកដជាអាចជួបបញ្ហាមួយចំនួនដូចជា៖
ទី១. ស្លាក់៖ កាលណាអាហារស្លាក់ចូលទៅក្នុងបំពង់ខ្យល់កូន វាអាចប៉ះពាល់ដល់ជីវិតអាអូនបាន។
ទី២. បៅដោះម្ដាយតិច៖ ចំពោះក្មេងដែលបៅដោះម៉ាក់ អាចកាត់បន្ថយការបៅ ព្រោះអាអូនញ៉ាំចំណីអាហារផ្សេងដែលម៉ាក់ប៉ាផ្ដល់ឲ្យឆ្អែត។ កាលណាអាអូនបៅដោះបានតិច ការផលិតទឹកដោះម្ដាយក៏ត្រូវកាត់បន្ថយដូចគ្នា។
ទី៣. ប្រតិកម្មនឹងអាហារ៖ អាអូនតូចៗអាយុក្រោម ៤-៦ ខែ ងាយនឹងប្រតិកម្មជាមួយនឹងអាហារផ្សេងដោយសារសរីរាង្គរបស់អាអូននៅមិនទាន់លូតលាស់គ្រប់លក្ខណៈនៅឡើយទេ។
ទី៤. ងាយឈឺ៖ បើឆាប់ផ្ដល់ចំណីអាហារឲ្យកូនលឿនពេក អាអូនអាចឆ្លងមេរោគក្លាយជាឈឺដូចជា ក្ដៅខ្លួន រាករូសជាដើម។