របបអាហារកូនក្រោម១ឆ្នាំ ចាំបាច់បំផុតបន្ទាប់ពីការបៅដោះម្ដាយ ឬម្សៅទឹកដោះគោ គឺបបរខាប់គ្រប់គ្រឿង ឬចំណីអាហារទន់ៗដែលអាអូនអាចញ៉ាំបាន។ ស្របគ្នានេះ មានម៉ាក់ៗមួយចំនួនធ្វើបបរខាប់គ្រប់គ្រឿង ឬចំណីចំណុកផ្សេងៗឲ្យកូន លួចដាក់ស្ករ ឬអំបិលក្នុងអាហារ ដើម្បីឲ្យមានជាតិ ទាំងមិនដឹងថា វាអាចបង្កផលប៉ះពាល់ដល់សុខភាពកូនវិញទេ។
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ក៏បានឲ្យដឹងដែរថា ជាទូទៅ រាងកាយទារកត្រូវការជាតិអំបិលតែ ០.៤ក្រាម/ថ្ងៃ ហើយវាតែងតែត្រូវបានបំពេញដោយទឹកដោះម្ដាយ ឬទឹកដោះគោ។ ចំណែកស្ករក៏ប៉ះពាល់ដល់ទារកដូចគ្នាដោយមូលហេតុថា ស្ករត្រូវបានចម្រាញ់ដោយដំណើរការគីមីជាច្រើនដែលវាអាចបង្កគ្រោះថ្នាក់ដល់ទារក ឬកុមារ។
ផលប៉ះពាល់នៃការលើសជាតិអំបិល
- មុខងារតម្រងនោមទារកអាចនឹងជួបបញ្ហា (ដោយសារជាតិអំបិលមិនបម្លែងអស់)
– វាក៏អាចបង្កទៅជាជំងឺផ្សេងៗទៀតដូចជា ក្រួសក្នុងតម្រងនោម កង្វះជាតិទឹក ជំងឺពុកឆ្អឹង ជំងឺសរសៃឈាម និងជំងឺផ្លូវដង្ហើមជាដើម។
ផលប៉ះពាល់នៃការលើសជាតិស្ករ
– ជាតិស្ករដែលលើសអាចធ្វើឲ្យទារក ឬកុមារមានបញ្ហាពុកធ្មេញ និងល្ហិតល្ហៃ
– វាក៏អាចបង្កទៅជាជំងឺផ្សេងៗទៀតដូចជា ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺធាត់ជាដើម។
បើតាមការឲ្យដឹងពី លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលថា តាមគោលការណ៍របស់ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យថែមអំបិល ឬស្ករចូលក្នុងអាហារកូនក្រោម១ឆ្នាំទេ។ កូនក្មេងកាលណាញ៉ាំប្រៃ ឬញ៉ាំផ្អែមពេក ធ្វើឲ្យមានបញ្ហាសុខភាពទៅថ្ងៃមុខ ពិសេសពាក់ព័ន្ធនឹងបញ្ហាក្រលៀន។ ក្មេងទើបតែចប់ពីបៅដោះម្តាយ ចូលមកញ៉ាំបបរ គឺនៅរសជាតិដូចគ្នា អណ្ដាតក្មេងអត់ទាន់បានប៉ះពាល់រសជាតិអីនោះទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះមិនបាច់បារម្ភថា បបរសាបកូនញ៉ាំមិនកើតនោះទេ។