ទឹក​នោម​ទារក​ទើបកើតមាន​​ពណ៌​ដូច​ឈាម​ អាច​មក​ពី​សារធាតុ​ម្យ៉ាង​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទឹក​នោម​ទារក​ទើបកើតមាន​​ពណ៌​ដូច​ឈាម​ អាច​មក​ពី​សារធាតុ​ម្យ៉ាង​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ស្នាម​ប្រឡាក់​ពណ៌​ផ្កា​ឈូក ​ឬ​ពណ៌​ក្រហម​នៅ​លើ​ខោ​ទឹក​នោម​អា​អូន​ អាច​មើល​ទៅ​​ស្រដៀង​នឹង​​ឈាម​ ប៉ុន្តែ​​ភាគ​ច្រើន​ វា​កើត​ឡើង​ដោយ​សារ​តែ​សារធាតុ​គ្រីស្តាល់​អ៊ុយរ៉េត​(Urate crystals)​ក្នុង​ទឹក​នោម​។ ​អ៊ុយរ៉េត ជា​អំបិល​ដែល​បង្កើត​ឡើង​ដោយ​អាស៊ីដ​អ៊ុយរិច ​ហើយ​វា​ក៏​ជា​អាស៊ីដ​សរីរាង្គ​ខ្សោយ​​ដែល​ផលិត​ក្នុង​រាងកាយ​ អំឡុង​ពេល​​ធ្វើ​មេតាប៉ូលីស​​នៃ​ផលិតផល​​មួយ​ចំនួន​នៃ​រាងកាយ​។

    គ្រីសា្គល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​ មាន​សំណល់​​ពណ៌​ក្រហម​ ទឹក​ក្រូច ឬ​ផ្កា​ឈូក​។ ​ពិត​ណាស់​ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​​​ទឹក​នោម​អា​អូន​មាន​គ្រីស្តាល់​អ៊ុយរ៉េត​ នៅ​ក្នុង​​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​​បន្ទាប់​ពី​អាអូន​កើត​។ ប៉ុន្តែ​ ការ​បញ្ចេញ​គ្រីស្តាល់​រយៈពេល​យូរ​ អាច​ជា​រឿង​គួរ​ឲ្យ​បារម្ភ​។

    មូលហេតុ​អ្វី​បាន​ជា​ទឹក​នោម​​​ទារក​មាន​គ្រីស្តាល់​អ៊ុយរ៉េត?

    ​​ទារក​អាច​បញ្ចេញ​គ្រីស្តាល់​អ៊ុយរ៉េត​ ដោយ​សារ​តែ​កំហាប់​អាស៊ីដ​អ៊ុយរិក​ខ្ពស់​ក្នុង​ឈាម​។ អាស៊ីដ​ប្រភេទ​នេះ ជា​ផលិតផល​កាកសំណល់​ដែល​​សំយោគ​នៅ​ក្នុង​ថ្លើម​ ពោះវៀន​ និង​កោសិកា​មួយ​ចំនួន​នៃ​ប្រព័ន្ធ​​ចរន្ត​ឈាម​ នៅ​ពេល​ដែល​រាងកាយ​បំបែក​សារធាតុ​Purines ​ដែល​ជា​​សមាសធាតុ​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​ដំណើរការ​ធម្មជាតិ​នៃ​សមាសធាតុ​អាហារ និង​សារធាតុ​ដែល​បញ្ចេញ​​មក​ក្រៅ ដោយ​សារ​តែ​ការ​ងាប់​កោសិកា​តាម​​ធម្មជាតិ​។

    អាស៊ីដ​អ៊ុយរិក​​បាន​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​ទៅ​ដល់​តម្រង​នោម​។ តម្រង​នោម​ច្រោះ​អាស៊ីដ​អ៊ុយរិក​ ដែល​រលាយ​ជាមួយ​សមាសធាតុ​ផ្សេង​ទៀត​ ដែល​មាន​នៅ​ក្នុង​ទឹក​នោម​ ដើម្បី​បង្កើត​អំបិល​អាស៊ីដ​អ៊ុយរិក ហើយ​​សារធាតុ​អ៊ុយរិក​លើស​​ត្រូវ​បាន​បញ្ចេញ​តាម​​ទឹក​នោម​។

    លក្ខខណ្ឌ​ខាង​ក្រោម​ អាច​នាំ​ឲ្យ​មាន​កំហាប់​អាស៊ីដ​អ៊ុយរិក​លើស​ក្នុង​ឈាម​ ដែល​នាំ​ឲ្យ​​​មាន​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ខោ​ទឹក​នោម​អា​អូន​។

    ១. កង្វះ​ជាតិ​ទឹក​

    ​ទឹក​ដោះ​ម្ដាយ ជា​អាហារ​តែ​មួយ​គត់​សម្រាប់​ទារក​ទើប​កើត​សម្រាប់​​រយៈពេល​៦​ខែ​ដំបូង​។ ​អា​អូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ និង​ទឹក​​តាម​រយៈ​​ទឹក​ដោះ​ម្ដាយ​។ កង្វះ​​ការ​បំបៅ​ទឹក​ដោះ​ម្ដាយ អាច​បង្កើន​ហានិភ័យ​នៃ​កង្វះ​ជាតិ​ទឹក​ ដែល​អាច​​នាំ​ឲ្យ​មាន​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​។ បញ្ហា​បំបៅ​ដោះ​ ដូចជា​ម៉ាក់​ៗ​មិន​សូវ​មាន​ទឹក​នោម​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្វះ​ជាតិ​ទឹក​។​

    ២. ជំងឺ​តម្រង​នោម​

    ជំងឺ​តម្រង​នោម​ ដូចជា​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ អាច​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម​ ដែល​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​ច្រោះ​ឈាម​​​ប្រកប​ដោយ​ប្រសិទ្ធភាព​។ វា​អាច​​នាំ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​គ្រីស្តាល់​អ៊ុយរ៉េត​ក្នុង​​តម្រង​នោម​ និង​បណ្ដាល​ឲ្យ​មាន​ក្រួស​ក្នុង​តម្រង​នោម​​ថែម​ទៀត​ផង​។ ទារក​មួយ​ចំនួន​អាច​ប្រឈម​នឹង​បញ្ហា​តម្រង​នោម​ពី​កំណើត​ ដូចជា​ជំងឺ​ដោយ​សារ​កត្តា​ហ្សែន​។

    ទារកនោមឈាម

    ៣. បញ្ហា​​សុខភាព​ និង​កត្តា​មួយ​ចំនួន​

    បញ្ហា​សុខភាព​ និង​លក្ខខណ្ឌ​មួយ​ចំនួន​ ក៏​អាច​បណ្ដាល​​ឲ្យ​មាន​អាស៊ីដ​អ៊ុយរិច​នៅ​ក្នុង​ឈាម​ និង​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​។ លក្ខខណ្ឌ​សុខភាព​ទាំង​នេះ ​ជា​ធម្មតា​កើត​ឡើង​ចំពោះ​ទារក​តិចតួច​ប៉ុណ្ណោះ​​។

    • មាន​អាស៊ីដ​ច្រើន​ក្នុង​ឈាម​
    • ជំងឺ​ទឹក​នោម​ផ្អែម​
    • ជំងឺ​រ៉ាំរ៉ៃ​ ដូច​ជា​​មហារីក​គ្រាប់​ឈាម​ស​
    • ជំងឺ​​អំឡុង​ពេល​មាន​ផ្ទៃពោះ ដូចជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​
    • ផល​ប៉ះពាល់​នៃ​ថ្នាំ​មួយ​ចំនួន

    ​គ្រីស្តាល់​ក្នុង​ទឹក​នោម​កើត​ឡើង​ចំពោះ​ទារក​ ​​​​​មាន​រយៈពេល​យូរ​ប៉ុណ្ណា​?

    យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ប្រមាណ​ជា​២២%​នៃ​ទារក​​មាន​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ទឹក​នោម​​ នៅ​រយៈពេល​​១​សប្ដាហ៍​ដំបូង​ ហើយ​វា​អាច​រលាយ​ទៅ​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ នៅ​ពេល​ដែល​​​អា​អូន​បាន​បៅ​ទឹក​ដោះ​ម្ដាយ​គ្រប់គ្រាន់​។

    យ៉ាង​ណា​មិញ បើ​កូន​​​​មាន​ស្នាម​ប្រឡាក់​ពណ៌​ក្រហម​នៃ​​គ្រីស្តាល់​អ៊ុយរ៉េត​នៅ​ក្នុង​ខោ​ទឹក​នោម​ច្រើន​ជាង​មួយ​សប្ដាហ៍ ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​។ ​មួយ​វិញ​ទៀត ប្រសិនបើ​អា​អូន​មាន​អាការៈ​មិន​ស្រួល​ ​ឬ​មាន​បញ្ហា​សុខភាព​ពី​កំណើត​ ចូរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 25/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត