home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូនដួលជាំពកក្បាល គួរធ្វើបែបណាទើបស្រកទៅវិញ អាចស្អំរបស់ក្តៅៗបានទេ?

កូនដួលជាំពកក្បាល គួរធ្វើបែបណាទើបស្រកទៅវិញ អាចស្អំរបស់ក្តៅៗបានទេ?

ម៉ាក់​ៗដែល​មាន​កូន​តូច​ប្រាកដជា​ដឹង និង​ជួប​ប្រទះ​បញ្ហា​កូន​ជល់ ឬ​ដួល​ប៉ះទង្គិច​ត្រូវ​ក្បាល​រហូត​បណ្ដាល​ឲ្យ​ពក ជាំ ខៀវ ហើយ​ក្ដៅ​កង្វល់​របស់​អាណាព្យាបាល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដុំ​ពក​នោះ​ស្រក​ទៅ​វិញ។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ចែក​រំលែក​ចំណេះដឹង​ករណី​នេះ​ថា បើ​ត្រឹម​ស្រាល​សើស្បែក មិន​បោក​ក្បាល​ខ្លាំង​ខ្ទាំ ហូរ​ឈាម ឬ​មាន​ឈាម​កក យើង​អាច​យក​ទឹក​កក ឬ​របស់​ណា​ដែល​ត្រជាក់​យក​ទៅ​ស្អំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​កន្លែង​របួស និង​ធ្វើឲ្យ​ស្រក​បន្តិច​ម្ដង​ៗ រហូត​ដល់​ក្រាប​ស្មើ​វិញ ប្រសិនបើ​យើង​មានពេលវេលាគ្រប់គ្រាន់ និង​កូន​ឲ្យ​ស្អំយូរ។

លោក​បន្ត​ទៀត ពេល​កូន​មាន​វ័យ​ធំ​បន្តិច​ចាប់ពី ៣-៤ ឆ្នាំ​ឡើង​ទៅ ក្រោយ​ស្អំ​របស់​ត្រជាក់​រួច អាច​ប្រើ​ជា​ប្រេង​លាប​រឹត​ដែល​មាន​ជាតិ​សាលីស៊ីឡាត​បាន វា​មាន​ប្រសិទ្ធភាព​កាន់តែ​លឿន​ជាង​ស្អំ​តែ​មួយ​មុខ។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ករណី​​ដួល​ខ្លាំង​រហូត​មាន​ហូរ​ឈាម​សូម​កុំ​ប្រើ​របស់​ក្ដៅ​ដូចជា​បាយ ពងមាន់ពងទា ទៅ​ស្អំ ព្រោះការហូរឈាម​ប្រាកដជា​ដាច់​សរសៃ​ឈាមតូច​ណា​មួយហើយ ដូចនេះ​បើ​យើង​ស្អំ​អ្វី​ដែល​ក្ដៅ​ទៅ ធ្វើឲ្យ​សរសៃ​ឈាម​កាន់តែ​រីក​ធំ។

វិធី​ដ៏​ត្រឹមត្រូវ​គឺ​ត្រូវ​តែ​យក​អ្វី​ត្រជាក់​ទៅ​ស្អំ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់ កាត់​បន្ថយ​ការ​ហូរ​ឈាម បង្រួម​សរសៃ​ឈាម និង​ទឹក​រងៃ​ពី​ខាង​ក្នុង​។ បន្ទាប់ពី​ស្អំ​រួច​ប្រហែល ១ ម៉ោង​យើង​អាច​ស្អំ​ជាមួយ​របស់​ក្ដៅ​បាន​ហើយ ព្រោះ​វា​ជួយ​ឲ្យ​ឈាម និង​ទឹក​រងៃ​អាច​រលាយ​បាន​ខ្លះ។ មួយ​វិញ​ទៀត​មិន​ថា​តែ​ដុំ​ពកទេ បើ​មាន​អាការៈ​ជាំ ហើម ការ​ស្អំ​របស់​ត្រជាក់​គឺ​ល្អ​ជាង។

លោក​បន្ថែម​ទៀត​ថា ករណី​នេះ​បាន​តែ​ស្រាល​ប៉ុណ្ណោះ ប្រសិនបើ​ធ្ងន់ធ្ងរ ឬ​បែក​ខ្លាំង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យដើម្បីតាមដានអាការៈ ព្រោះ​អាច​ខ្ទាំ ឬ​ឈាម​កក​ក្នុង​ខួរក្បាល​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 25/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត