ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត សុខ ជួរ បានបញ្ជាក់ថា កូនក្មេងបណ្តោយឲ្យរលាកបំពង់ករ៉ាំរ៉ៃ ហើយមិនបានព្យាបាលត្រឹមត្រូវ យូរៗទៅមេរោគស្ត្រឹបតូកូស (Streptococcus) ដែលធ្វើឲ្យរលាកបំពង់ក វាយលុកទៅលើប្រឹសបេះដូង ធ្វើឲ្យប្រឹសបេះដូងក្មេងឡើងរឹង ក្រិន ហើយយូរៗទៅអាចស្តែងចេញជាជំងឺត្បៀតប្រឹសបេះដូង ដោយសារប្រឹសបេះដូងឡើងរឹង បើកអត់បាន។
“ចំហប្រឹសបេះដូងនេះជាជំងឺជួបច្រើននៅកម្ពុជា ក្មេងកើតជំងឺរលាកបំពង់ករ៉ាំរ៉ៃ ព្យាបាលមិនបានត្រឹមត្រូវ ថ្ងៃក្រោយក្មេងអាចកើតជំងឺប្រើសបេះដូង”។ លោកវេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។
ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជារូបនេះបានបន្តថា កុមារដែលមានជំងឺប្រឹសបេះដូង មិនអាចលូតលាស់ដូចកុមារធម្មតានោះទេ តែងឆាប់ហត់ ឬដង្ហក់ ពេលធ្វើសកម្មភាពអ្វីមួយ មិនឡើងទម្ងន់ កម្ពស់មិនលូតជាដើម។ ម៉ាក់ប៉ាដែលសង្កេតឃើញកូនមានអាការៈខាងលើ ត្រូវឆាប់នាំកូនទៅអេកូបេះដូង និងស្វែងការព្យាបាលឲ្យទាន់ពេលវេលា។