លោក Supakit Sirilak រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ បញ្ជាក់ថា វ៉ាក់សាំងដែលរដ្ឋាភិបាលផ្ដល់ដល់ទារកដោយមិនយកប្រាក់ ទំនងមិនធ្វើឲ្យពួកគេឈឺទេ តែវាអាចមានផលប៉ះពាលខ្លះដែរ។ ការបញ្ជាក់ដូច្នេះ ក្រោយក្រុមអាណាព្យាបាល ក្នុងខេត្ត Nonthaburi បានរិះគន់ក្រសួងសុខាភិបាលថៃ លើការឈឺរបស់កូនពួកគេ ក្រោយការទទួលវ៉ាក់សាំង។
ក្រុមអាណាព្យាបាលថា កូនរបស់ពួកគេ មានអាការៈខ្សោយសាច់ដុំជើងឆ្វេង ក្រោយទទួលការបន្តក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង និងការចាក់វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ និងតេតាណុស នៅមន្ទីរពេទ្យខេត្ត។ ជាមួយគ្នានេះ ក៏មានករណី ទារក ៤នាក់ ស្លាប់នៅក្នុងស្រុក Lob Buri ក្រោយទទួលវ៉ាក់សាំង កាលពីខែមិថុនា កន្លងទៅ។