ភាពស៊ាំជាសមត្ថភាពធម្មជាតិនៃរាងកាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ក៏ដូចជាជំងឺផ្សេងៗ។ ពិតណាស់ រាងកាយយើងទទួលបានសមត្ថភាពនេះពីបណ្ដាញសាំញ៉ាំ នៃសរីរាង្គ កោសិកា និងប្រូតេអ៊ីនដែលហៅថាប្រព័ន្ធភាពស៊ាំ ដែលទទួលអារម្មណ៍ និងអាចវាយប្រហារពពួកបាក់តេរី និងមេរោគ។ ដោយសារតែការអភិវឌ្ឍភាពស៊ាំបន្តក្នុងវ័យកុមារ ការបង្កើនភាពស៊ាំកុមារ អាចជួយឲ្យក្មេងមានសុខភាពរឹងមាំ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
តិចនិកបង្កើនភាពស៊ាំរបស់កុមារ
១. ឲ្យកូនញ៉ាំអាហារតុល្យភាព
ពិតណាស់ កុមារចាំបាច់ញ៉ាំអាហារសំខាន់ៗចំនួន ៣ពេល និងយ៉ាងហោចណាស់អាហារសម្រន់ម្ដង ឬពីរដងក្នុងមួយថ្ងៃ។ អាហារទាំងនេះ គប្បីរួមបញ្ចូលក្រុមអាហារផ្សេងៗ ដូចជា៖
ផ្លែឈើសម្បូរជាតិសរសៃ និងវីតាមីនC បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងផ្លែឈើក្រៀម សាច់គ្មានខ្លាញ់ និងពពួកទឹកដោះគោដែលមានជាតិខ្លាញ់ទាប ២. ជៀសវាងអាហារកែច្នៃខ្ពស់
អាហារកែច្នៃខ្ពស់មានជាតិស្ករ សូដ្យូម កាបូអ៊ីដ្រាតចម្រាញ់ និងសារធាតុបន្ថែមមួយចំនួនទៀត ដែលរំខានដល់Microfloraពោះវៀន បង្កជាការរលាកពោះវៀនរ៉ាំរ៉ៃ ព្រមទាំងរារាំងភាពស៊ាំ។ នៅពេលដែលកូនញ៉ាំអាហារទាំងនេះច្រើនជ្រុល វាក៏អាចប៉ះពាល់ដល់ដំណើរការប្រព័ន្ធភាពស៊ាំផងដែរ។
៣. សកម្មពេញមួយថ្ងៃ
អ្នកជំនាញបានណែនាំថា កូនតូចៗ និងក្មេងជំទង់ដែលមានអាយុចន្លោះពី៦ ទៅ១៧ឆ្នាំ គប្បីបញ្ចេញសកម្មភាពពីមធ្យមទៅខ្លាំងក្លាជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងមេរោគផ្សេងៗ ដូចជាគ្រុនផ្ដាសាយ និងគ្រុនក្ដៅ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណក៏អាចធ្វើឲ្យមានការប្រែប្រួលអតិសុខុមប្រាណ និងកោសិកាឈាមស ដែលបណ្ដាលឲ្យមានចរាចរនៅក្នុងប្រព័ន្ធ និងរកឃើញជំងឺបានទាន់ពេលវេលា។
![ភាពស៊ាំកុមារ២](https://cdn.hellokrupet.com/wp-content/uploads/2021/11/ភាពស៊ាំកុមារ២.jpg)
៤. គេងឲ្យបានគ្រប់គ្រាន់
ជាមួយគ្នានេះដែរ កុមារនៅអាយុចន្លោះពី៣ ទៅ ៥ឆ្នាំគប្បីគេងឲ្យបាន១០ ទៅ១៣ម៉ោង។ ចំណែកក្មេងដែលមានអាយុចាប់ពី៦ ទៅ១២ឆ្នាំ គប្បីគេងពី៩ ទៅ ១២ម៉ោង ទើបជាការប្រសើរ ពីព្រោះថាការគេងគ្រប់គ្រាន់មានសារសំខាន់ណាស់ចំពោះសុខភាពខួរក្បាល និងរាងកាយ។
៥. រៀនគ្រប់គ្រងស្រ្តេស
តាមពិតទៅ កុមារក៏មានអារម្មណ៍ស្រ្តេសដូចមនុស្សពេញវ័យដែរ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ស្រ្តេស ការថប់បារម្ភ និងការបាក់ទឹកចិត្តរ៉ាំរ៉ៃ អាចរារាំងដល់ប្រតិកម្មភាពស៊ាំ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីណែនាំឲ្យកូនធ្វើសមាធិ និងលំហាត់ប្រាណដកដង្ហើមវែងៗ ដើម្បីគ្រប់គ្រងស្រ្តេស។
៦. ជៀសវាងស្រូបផ្សែងបារី
ទន្ទឹមនឹងនេះដែរ ការស្រូបផ្សែងបារីរ៉ាំរ៉ៃ អាចប៉ះពាល់ដល់កោសិកាT ដែលជះឥទ្ធិពលដល់ចលករជីវសាស្ត្រ ដូចជាការគ្រប់គ្រងហ្សែន ការផលិតស៊ីតូគីន និងការសំយោគimmunoglobulin E (IgE)។ ម៉ូឌុលនៃប្រព័ន្ធភាពស៊ាំទាំងនេះ អាចបង្កើនហានិភ័យនៃការឆ្លងជំងឺផ្លូវដង្ហើមបាន។
៧. អនុវត្តការរក្សាអនាម័យ
ការលាងសម្អាតដៃមុន និងក្រោយពេលញ៉ាំអាហារ ងូតទឹកជារៀងរាល់ថ្ងៃ កាត់ក្រចក និងខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ជាតិចនិកងាយៗដែលកូនគប្បីអនុវត្តតាម ដើម្បីបង្ការជំងឺឆ្លង។ បន្ថែមពីនេះ ចូរឲ្យកូនពាក់ម៉ាសនៅពេលចេញទៅក្រៅដែលមានមនុស្សច្រើន ដុសសម្អាតធ្មេញ និងប្រើខ្សែទាក់ធ្មេញចំនួន២ដងក្នុងមួយថ្ងៃ។