បើអាអូនរាក លាមកមានលាយដុំអាហារ ឬសារធាតុរម្អិល (សម្បោរ) និងមានក្លិនស្អុយអាក្រក់ ហើយជុះច្រើនដងក្នុងមួយថ្ងៃៗ នោះគេអាចមានជំងឺ toddler’s diarrhea នេះហើយ។
៨- ប្រតិកម្មចំណី
កុំបង្អង់! រកជំនួយភ្លាម បើកូនមានបញ្ហាពិបាកដកដង្ហើម ឬហើមមុខ បបូរមាត់។ តែប្រតិកម្មអាហារ អាចជាបញ្ហាស្រាល ឬធ្ងន់តាមស្ថានភាពនៃប្រតិកម្ម និងកើតភ្លាមៗ ឬ ២-៣ ម៉ោង ក្រោយញ៉ាំ។ រោគសញ្ញា រួមមាន រាករូស ផោម ចុកពោះ និងឈាមក្នុងលាមក។ ក្នុងករណីធ្ងន់ធ្ងរ អាចឡើងកន្ទាលត្រអាក រមាស់ ហើម និងពិបាកដកដង្ហើម។
៩- អាហារមិនរំលាយ
ខុសពីប្រតិកម្មអាហារ។ ការមិនរំលាយអាហារ (ប្រភេទណាមួយជាក់លាក់) ជាប្រតិកម្មមិនប្រក្រតី ហើយមិនពាក់ព័ន្ធនឹងប្រព័ន្ធការពារទេ។ បើសិនជាអាអូនមិនរំលាយអាហារ ដែលមានជាតិស្ករឡាក់តូស មានន័យថា រាងកាយគេមិនបានបង្កើតអង់ស៊ីម ឡាក់តាស គ្រប់គ្រាន់ចាំបាច់សម្រាប់រំលាយ ស្ករឡាក់តូស (ឡាក់តូស មាននៅក្នុងផលិតផលពីទឹកដោះគោ) ឬក្នុងករណីអាអូនរាកធ្ងន់ធ្ងរ អាចអូសបន្លាយដល់ពីរសប្ដាហ៍ឯណោះ។ ពេលស្ករឡាក់តូស មិនបានរំលាយក្នុងពោះវៀន វាអាចបណ្ដាលឲ្យរាក ចុក ហើមពោះ ឬផោម។ ជាធម្មតា អាការៈទាំងនេះចាប់ផ្ដើមកើតមានចន្លោះពីកន្លះម៉ោងទៅ ២ ម៉ោង ក្រោយញ៉ាំ (ផលិតផល) ទឹកដោះគោ។
១០- ពុល
ករណីនេះ ត្រូវច្បាស់ក្នុងចិត្ត ឬសួរកូន (បើអាអូននិយាយបាន) ថា តើគេមានបានលេង ឬលេបរបស់មួយចំនួន ដូចជា ថ្នាំសារធាតុគីមី ឬរុក្ខជាតិតូចៗណាមួយទេ។ បើធ្ងន់ធ្ងរ កូនយើងមិនដឹងខ្លួន ឬពិបាកដកដង្ហើម សូមយកកូនទៅពេទ្យជាបន្ទាន់។ រោគសញ្ញាអាចមានភាពល្ហិតល្ហៃ ឬប្រកាច់ ជាដើម។ ករណីស្រាល បើគ្រាន់តែរាកម្ដងម្កាល មិនមានអ្វីត្រូវបារម្ភទេ។
ករណីចាំបាច់ណាខ្លះ ត្រូវទៅព្យាបាល ? សូមទាក់ទងទៅគ្រូពេទ្យកុមារ បើអាអូនមានរោគសញ្ញា ដូចខាងក្រោម៖
– លាមកលាយឈាម ឬសម្បោរ
– ស្ងួត និងស្អិតមាត់
– ក្តៅខ្លួនអត់បាត់
– លែងសូវលេងច្រើន ដូចសព្វដង
– គ្មានទឹកភ្នែកពេលយំ
– មិនបត់ជើងតូច រយៈពេល ៦ ម៉ោង
– ឈឺពោះ
– ក្អួត។