ប្រសិនបើអាអូនធ្លាប់តែបៅដោះម្ដាយ ហើយយើងព្យាយាមឲ្យកូនបៅទឹកដោះគោអាចក្លាយជាឧបសគ្គមួយ ដោយសារកូនមិនទម្លាប់បៅទឹកដោះគោ ជាហេតុចេះតែមិនព្រមបៅ ឬចេះតែច្រានកំប៉ុងទឹកដោះគោចោល។ នេះបើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខ។
ហេតុផលដទៃទៀតដែលអាអូនមិនព្រមកាន់ដបបៅទឹកដោះគោ អាចដោយសារតែកូនទើបចាប់ផ្ដើមផ្ដាច់ដោះ តែនៅចង់បន្តបៅដោះម្ដាយ មិនចូលចិត្តរសជាតិទឹកដោះគោ ឬបៅរបស់ប្លែក។ល។ ប៉ុន្តែ ម៉ាក់ៗមិនបាច់បារម្ភទេ តិចនិកសាមញ្ញៗ និងមានប្រសិទ្ធភាពប៉ុន្មានខាងក្រោមនេះអាចសម្រួលដល់បញ្ហាម៉ាក់ៗបាន៖
១. ផ្លាស់ប្ដូរពីការបៅដោះម្ដាយ ទៅបៅទឹកដោះគោបន្តិចម្ដងៗ (មិនមែនចង់ឲ្យកូនឈប់បៅដោះភ្លាម ផ្ដាច់ដោះភ្លាមទេ)
២. រង់ចាំដល់អាអូនឃ្លានល្មមមិនច្រានទឹកដោះគោចោល ចាំបំបៅកូន
៣. សាកល្បងផ្លាស់ប្ដូរទំហំ រូបរាង និងសណ្ដង់ដោះជ័រ ឬផ្នែកផ្សេងទៀតនៃដប ដើម្បីដឹងថាអាអូនជ្រើសរើសដបប្រភេទណា
៤. ដឹងពីសីតុណ្ហភាពត្រឹមត្រូវនៃទឹកដោះគោ ព្រោះទឹកដោះម្ដាយក្ដៅតិចៗ ដូចនេះពេលលាយម្សៅទឹកដោះគោឲ្យកូនបៅ ត្រូវប្រាកដថា ទឹកដោះគោមិនក្ដៅ ឬត្រជាក់ពេក
៥. ប្រសិនបើអាអូនចាប់ផ្ដើមដុះធ្មេញ សាកល្បងប្ដូរសីតុណ្ហភាពទឹកដោះគោម្ដង (អាអូនចាប់ផ្ដើមដុះធ្មេញខ្លះ ចូលចិត្តទឹកដោះគោត្រជាក់ជាង) ម៉ាស្សាអញ្ចាញធ្មេញកូន ។ល។
៦. ចៀសវាងមានអ្វីមករំខានពេលបៅទឹកដោះគោដូចជា ចម្រៀង របស់លេង។ល។ (ឲ្យកូនផ្ដោតលើការបៅមួយមុខគត់)
៧. ម៉ាក់ៗត្រូវរក្សាចិត្តឲ្យត្រជាក់ បើអាអូនមិនបៅ កុំខឹង ឬមានអារម្មណ៍ធុញ គួរព្យាយាមសាកល្បងតិចនិកផ្សេងៗ រហូតដល់អាអូនបៅទឹកដោះគោជាប់លាប់។