៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង

    ៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង

    ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គ្រុន​ឈាម​កាន់​តែ​សាហាវ​ទៅៗ ដោយ​កើត​លើ​មនុស្ស​ធំ ហើយ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​កាន់​តែ​ខ្លាំង បើ​រត់​ទៅ​ពេទ្យ​ព្យាបាល​អត់​ទាន់។ ភាគ​ច្រើន អត់សូវ​ចាប់​អារម្មណ៍ ដោយ​សារ​ឮ​ពាក្យ​នេះ​ថ្នឹក​តាំង​ពី​ក្មេងៗ មិន​ថា​ក្នុង​ភូមិ ក្នុង​សាលា។ តែ​កុំ​ភ្លេច​ថា ឥឡូវ​នេះ ព្យាបាល​អត់​ទាន់​ទេ ជីវិត​ពិបាក​ស្រោចស្រង់​ហើយ។ នេះ​ជា ៥ សំណួរ​ខ្លឹមៗ​ជុំវិញ​រឿង​គ្រុន​ឈាម​ដែល​គេ​ឧស្សាហ៍​សួរ ហើយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ សូម​បក​ស្រាយ៖

    ១- គ្រុនឈាមហ្នឹងម៉េច?

    វា​ជា​ជំងឺ​ចម្លង​ដោយ​សារ​មូស​ខ្លាញី​មាន​ផ្ទុក​វីរុស​គ្រុន​ឈាម​ដែល​មាន ៤ ប្រភេទ DEN1, DEN2, DEN3, និង​ DEN4 ហើយ​តំបន់​ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ​ជាង​គេ គឺ​តំបន់​ត្រូពិក ដូចជា ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ខាង​លិច អាព្រិក និង​ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ​ការីប៊ីន។

    ២- ចេញរោគសញ្ញាអីខ្លះ?

    ក្នុង​រយៈ​ពេល ៤ ទៅ ១០ ថ្ងៃ​បន្ទាប់​ពី​មូស​ខ្លា​ខាំ គ្នា​យើង​អាច​លេច​រោគសញ្ញា៖

    – គ្រុនក្ដៅ​ដល់ ៤០ ​អង្សារសេ

    – ឈឺ​ក្បាល​ខ្លាំង

    – ឈឺ​សន្លាក់

    – ចុក​ខាង​ក្រោយ​គ្រាប់​ភ្នែក

    – ឈឺ​ចាប់​សាច់ដុំ

    – រោយ​ឆ្អឹង​ឆ្អែង

    – ចេញ​អុជក្រហម​ៗ​លើ​ស្បែក

    – ក្អួត ឬ​ចង្អោរ

    – អស់​កម្លាំង

    – អាច​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ ឬ​ច្រមុះ

    – ស្បែក​ឆាប់​ឡើង​ជាំ ពេល​ប៉ះ​ទង្គិច​នឹង​អ្វី​មួយ។

    គ្រុនឈាម១

    ក្មេង ឬ​មនុស្ស​ធំ​ដែល​មិន​ធ្លាប់​មាន​គ្រុន​ឈាម​ពី​មុន​មក អាច​មាន​អាការៈ​ស្រាល​ជាង​អ្នក​ដទៃ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ក៏​អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប៉ះពាល់​ដល់​ជីវិត​ទៀត​ក៏​មាន។ ពេល​គ្រុន​ឈាម​ឈាន​ដល់​ដំណាក់​កាល​ដែល​មាន​សញ្ញា​ហូរ​ឈាម​ធ្ងន់ធ្ងរ​​ហើយ ចន្លោះ​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត គឺ​នៅ​ថ្ងៃ​ទី៣ ទៅ ទី៧ បន្ទាប់​ពី​ឃើញ​រោគ​សញ្ញា​នៅ​ថ្ងៃ​ដំបូង។ សរសៃឈាម និង​ប្រព័ន្ធ​ទឹក​រងៃ អាច​ខូចខាត​ និង​បង្ក​ជា​គ្រោះ​ថ្នាក់​ដូចជា៖

    – ចេញ​ឈាម​ច្រមុះ និង​អញ្ចាញ​ធ្មេញ

    – ក្អួត​ចេញ​ឈាម

    – អស់​កម្លាំង​ខ្លាំង

    – ដង្ហើម​ញាប់​ខុស​ធម្មតា

    – ហូរ​ឈាម​ក្រោម​ស្បែក​ដែល​លេច​ចេញ​ស្រដៀង​ស្នាម​ជាំ​​ដុំៗ

    – ថ្លើម​រីក​ធំ

    – សម្ពាធ​ឈាម​ធ្លាក់​ចុះ​។

    ៣- ត្រូវ​ធ្វើ​ម៉េច?

    បើ​គ្នា​យើង​មាន​ចេញ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ថា មាន​ជំងឺ​គ្រុន​ឈាម ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ពិនិត្យ និង​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។

    ៤- អាច​ព្យាបាល​តាម​ណា​ខ្លះ?

    មិន​ទាន់​មាន​ការ​ព្យាបាល​ណាមួយ​ជាក់​លាក់​សម្រាប់​ជំងឺ​នេះ​ទេ ប៉ុន្តែ​គ្រូ​ពេទ្យ​អាច​ណែនាំ​វិធី​មួយ​ចំនួន​ដើម្បី​សម្រួល​ដល់​អាការៈ​ឲ្យ​ធូរ​ជាង​មុន​ដោយ៖

    – ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

    – អាច​ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាមុល (Paracetamol) បញ្ចុះ​កម្ដៅ​ និង​បន្ថយ​ការ​ឈឺចាប់

    – មិន​ត្រូវ​ប្រើ​ថ្នាំ​ណា​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទេ ដូចជា ថ្នាំ​អ៊ីប៊ុយប្រូភេន (Ibuprofen) ថ្នាំ​អាស្ពីរីន និង​ថ្នាំ​សូដ្យូម​ណា​ប្រូសែន (Sodium Naproxen) ជាដើម។ បើ​​អាការៈ​កាន់​តែ​ធ្ងន់ ត្រូវ​ទៅ​ពេទ្យ ព្រោះ​ក្នុង​ករណី​ខ្លះ អ្នក​ជំងឺ​អាច​ត្រូវ​បញ្ចូល​ឈាម តាម​ដាន​សម្ពាធ​ឈាម និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់។

    ៥- មានវ៉ាក់សាំងការពារអត់?

    មិន​ទាន់​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ​នៅ​ឡើយ​ទេ តែ​វិធី​ល្អ​ គឺ​ការពារ​កុំ​ឲ្យ​មូស​ខាំ និង​អនុវត្ត​វិធី​ខាង​ក្រោម៖

    – ត្រូវ​នៅ​កន្លែង​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​បរិសុទ្ធ

    – ប្រើ​ថ្នាំ​ការពារ​មូស​ខាំ​លាប​លើ​ស្បែក ​និង​ដាក់​នៅ​ជិត​គ្រែ​គេង

    – ពេល​ចេញ​ទៅ​ក្រៅ​ ឬ​កន្លែង​សម្បូរ​មូស ត្រូវ​ពាក់​ខោ​អាវ​ដៃ​វែង​ជើង​វែង

    – គេង​ក្នុង​មុង​ជា​ប្រចាំ ព្រោះ​មូស​ចូល​ចិត្ត​ខាំ​នៅ​ពេល​ព្រលប់ៗ

    – ប្រមូល​កំប៉ុង សម្បក​កង់ ថូ​ផ្កា​ចាស់ៗ ដប​ទឹក​សុទ្ធ ឬ​ប្រដាប់​ប្រដា​ដក់​ទឹក​ដែល​មូស​ពង​បាន​ ទៅ​កប់​ចោល​ ឬ​សម្អាត​កុំ​ឲ្យ​មាន​សល់​ទឹក​ដក់ឲ្យ​សោះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ 22/03/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម