ជំងឺកូវីដ-១៩ បង្កឡើងដោយវីរុសកូរ៉ូណាថ្មី ដែលប៉ះពាល់ទៅដល់ផ្លូវដង្ហើមរបស់យើងធ្ងន់ធ្ងរ។ មកដល់ថ្ងៃនេះហើយ គ្នាយើងច្បាស់ជាស្គាល់ពីរោគសញ្ញាទូទៅរបស់កូវីដ-១៩ ដែលយើងពិបាកវែកញែកព្រោះវាស្រដៀងនឹងរោគសញ្ញាផ្ដាសាយមែនទែន។ ថ្មីៗនេះ មជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹងពីរោគសញ្ញាថ្មីមួយរបស់កូវីដ-១៩ យើងគួរតាមដាន។
CDC អាមេរិកឲ្យដឹងថា បុគ្គលកើតកូវីដ-១៩ មានរោគសញ្ញាជាច្រើន រាប់ចាប់ពីរោគសញ្ញាស្រាល រហូតដល់ធ្ងន់ធ្ងរ។ រោគសញ្ញាអាចនឹងលេចឡើងក្នុងរយៈពេលពី២-១៤ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយវីរុសកូរ៉ូណាថ្មី។ រោគសញ្ញាសង្ស័យកូវីដ-១៩មានដូចជា៖
ក្ដៅខ្លួន ឬព្រឺរងា ក្អក ដង្ហក់ ឬពិបាកដកដង្ហើម អស់កម្លាំង ឈឺសាច់ដុំ ឬឈឺចុកចាប់រាងកាយ ឈឺក្បាល ហិតមិនដឹងក្លិន ឬញ៉ាំមិនដឹងរសជាតិ ឈឺ ឬរមាស់ក តឹងច្រមុះ ឬហៀរសម្បោរ ក្អួត ឬចង្អោរ រាករូស។ រោគសញ្ញាដែល CDC ទើបបន្ថែមចូលបញ្ជីរោគសញ្ញាខាងលើនេះ គឺ តឹងច្រមុះ ឬហៀរសម្បោរ។
CDC អាមេរិកបន្ថែមទៀតថា ជំងឺផ្ដាសាយធំ និងជំងឺកូវីដ-១៩ ទាំងពីរជាជំងឺឆ្លងប្រព័ន្ធផ្លូវដង្ហើម តែបង្កឡើងដោយវីរុសផ្សេងគ្នា។ ជំងឺកូវីដ-១៩ បង្កឡើងវីរុសកូរ៉ូណា ឬSARS-CoV-2 និងជំងឺផ្ដាសាយធំ កើតឡើងបណ្ដាលមកពីវីរុស Influenza។ ដោយសារតែជំងឺទាំងពីរនេះ មានរោគសញ្ញាស្រដៀងគ្នាខ្លាំង វាអាចធ្វើឲ្យយើងពិបាកបែងចែក ហេតុនេះហើយទើបការធ្វើតេស្ដ ឬរោគវិនិច្ឆ័យ ចាំបាច់ដើម្បីបញ្ជាក់ពីជំងឺឲ្យបានច្បាស់។