សារព័ត៌មាន BBC បានផ្សាយការសិក្សាមួយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពីការសិក្សាទ្រង់ទ្រាយតូចមួយលើមនុស្សចំនួន ៥២នាក់បានរស់នៅជាមួយអ្នកទើបឆ្លងកូវីដ-១៩ និងមានបោះពុម្ពផ្សាយក្នុងNature Communications ។
ការសិក្សាបានរកឃើញថា អ្នកដែលទើបបានឆ្លងជំងឺផ្ដាសាយធម្មតា គឺមានកោសិកាប្រព័ន្ធភាពស៊ាំច្បាស់លាស់មួយ ដែលអាចការពារការឆ្លងនៅលើកក្រោយទៀត ដែលគេជឿថាក៏ទំនងជាអាចជួយបានខ្លះក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។
ប៉ុន្តែអ្នកជំនាញក៏ព្រមានដែរថា អ្នកធ្លាប់កើតជំងឺផ្ដាសាយធម្មតាមិនត្រូវរំពឹងលើកោសិកាប្រព័ន្ធភាពស៊ាំនេះទេ គឺត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាចាំបាច់។
វីរុសកូវីដ-១៩ បង្កឡើងដោយពពួកវីរុសអម្បូរកូរ៉ូណា ហើយវីរុសបង្កជំងឺផ្ដាសាយមួយចំនួនក៏បង្កឡើងដោយអម្បូរវីរុសកូរ៉ូណាដែរ។ ដូចនេះហើយបានជាអ្នកវិទ្យាសាស្ត្រចង់ដឹងថាប្រព័ន្ធការពាររាងកាយយើងដែលអាចប្រឆាំងនឹងវីរុសផ្ដាសាយធម្មតាបាន តើអាចនឹងប្រឆាំងនឹងវីរុសកូរ៉ូណាផ្សេងទៀតបានដែរឬយ៉ាងណា។