backup og meta

អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ហេតុ​អ្វីអាច​ទប់​ស្កាត់​វីរុស​ឈ្លាន​ពាន​​រាង​កាយ​យើង​បាន?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ហេតុ​អ្វីអាច​ទប់​ស្កាត់​វីរុស​ឈ្លាន​ពាន​​រាង​កាយ​យើង​បាន?

    តាម​អត្ថបទ​មុនៗ “Hello គ្រូពេទ្យ’ ចេញ​ផ្សាយ​ជា​ហូរហែរ ភាគ​ច្រើន​ផ្តោត​លើ​អាហារ ការ​ហាត់​ប្រាណ និង​តិចនិក​ផ្សេងៗ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​យើង​ឲ្យ​បាន​ខ្លាំង​ក្លា។ ប៉ុន្តែ​ជឿ​ថា គ្នា​យើង​មួយ​ចំនួន នៅ​មិន​ទាន់​ស្គាល់​ច្បាស់ អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? មាន​តួ​នាទីអ្វី​ខ្លះ? ហេតុ​អ្វី​អាច​ទប់​ទល់​ជាមួយ​វីរុស​ពី​ខាង​ក្រៅ​បាន? បើ​គ្នា​យើង​មិន​ធ្លាប់​ដឹង​ច្បាស់​ទេ អត្ថបទ​នេះ អាច​ពន្យល់​បាន។

    ១- អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ?

    ប្រព័ន្ធ​ភាព​ស៊ាំ គឺ​ជា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​ចូល​ក្នុង​រាងកាយ​យើង ដោយ​វា​នឹង​​ប្រឆាំង​វាយ​ប្រហារ​ពពួក​មេរោគ ជួយ​ឲ្យ​សុខភាព​យើង​បាន​ល្អ។

    ២- ផ្នែក​ណា​ខ្លះ​នៃ​រាង​កាយ​ដែល​ជា​ប្រព័ន្ធ​ភាព​ស៊ាំ?

    កោសិកា និង​សរីរាង្គ​មួយ​ចំនួន បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការពារ​រាងកាយ​យើង​ពីការ​ឆ្លង​ជំងឺ។ កោសិកា​ឈាម​ស ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Leukocytes មាន​តួនានីសំខាន់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង។

    ប្រភេទ​មួយ​នៃ​កោសិកា​ឈាម​ស​នេះ ​គេ​ហៅ​ថា Phagocytes ។វាមាន​នាទី ប្រឆាំង​​មេរោគ ដោយធ្វើការស៊ី​​កិន​កម្ទេច​មេរោគ។ ឯកោសិកា​ឈាម​ស​មួយ​ផ្សេង​ទៀត ត្រូវ​គេ​ហៅ​ថា Lymphocytes ដែល​មាន​នាទី ជួយ​ឲ្យ​រាង​កាយ​ចង​ចាំ​ប្រភេទ​មេរោគ​ដែល​ចូល​មក​ឈ្លាន​ពាន​នោះ និងសម្លាប់មេរោគ​ទាំង​នោះ។​

    កោសិកា​ឈាម​ស ពពួក​ Phagocytes ចែក​ចេញ​ជា​ច្រើន​ប្រភេទផ្សេងៗគ្នា មួយ​ប្រភេទនៃ​កោសិកានេះ ​គេ​ហៅ​ថា Neutrophil ដែល​វា​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​កើត​ឡើង។ ដូច​នេះ ហើយ​នៅ ពេល​ដែល​វេជ្ជបណ្ឌិត​សង្ស័យ​ថា​មាន​ការ​បង្ក​រោគ កើត​ឡើង នោះគាត់​នឹង​ស្នើរសុំ​ធ្វើ​តេស្ត​ឈាម​អ្នក​ជំងឺ​ ដើម្បី​រក​មើល​កម្រិត​របស់ Neutrophil នេះ។ កោសិកា​ឈាម​ស ពពួក Phagocytes នេះ ចែក​ចេញ​ជា​ប្រភេទ ផ្សេង​ៗ ទៀត ដែល​ឆ្លើយ​តបតាម​ប្រភេទ​នៃ​​ការ​ឈ្លានពាន​ពីពពួក​មេរោគ ថា​តើ​ជា​បាក់តេរី ឬ ពពួក​ប៉ារ៉ាស៊ីត។

    ដោយ​ឡែក ចំពោះ​កោសិកា​ឈាម​ស Lymphocyte ចែក​ជា ២​ប្រភេទ គឺ​កោសិកា B lymphocytes និង T lymphocytes ហើយកោសិកា​ទាំង​នេះ បង្កើត​ឡើង​ដោយ​ខួរ​ឆ្អឹង​ខ្នង ហើយប្រសិន​បើ​វា​​លូតលាស់ធំ​ពេញ​រូប​រាង​ក្នុង​ខួរ​ឆ្អឹង​ខ្នង វា​នឹង​​ក្លាយ​ទៅ​ជា​​កោសិកា B តែ​បើ​សិន​ជា​កោសិកា​នេះ ​បន្តទៅ​កាន់​ប្រពេញ​ទីមុស (Thymus Gland) វា​នឹង​លូតលាស់ពេញលេញ​ក្លាយ​ទៅ​ជា​​កោសិកា T។ កោសិកា B Lymphocytes ប្រៀប​ដូច​ជា​កងទ័ព​ស៊ើបការណ៍​របស់​រាង​កាយ​អ៊ីចឹង វា​មាន​នាទី ស្វែង​រកគោលដៅ​បង្ក​រោគ និង​បញ្ជូន​កោសិកា​ឈាម​ស ផ្សេង​ទៀត ទៅ​ប្រយុទ្ធ ចំណែក​ឯកោសិកា T វិញ គឺ​ជា​កងទ័ព​ប្រយុទ្ធ​របស់​រាង​កាយ វា​នឹង​ចេញ​ទៅ​ប្រយុទ្ធ នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ពី​កោសិកា B។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- រួច​ចុះ​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរ​ការ​យ៉ាង​ម៉េច​ខ្លះ?

    នៅ​ពេល​រាងកាយ​ត្រូវ​បានវត្ថុ​ធាតុ​ថ្មី​ណា​មួយ​ចូល​ (ដែល​ហៅថាអង់ទីហ្សែន ឬ​អតិសុខុម​ប្រាណ) នោះ​ប្រព័ន្ធ​ភាព​ស៊ាំ នឹង​កំណត់​ថា​វត្ថុ​ធាតុ​នោះ​ជា​អង់ទីហ្សែន ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​នឹង​កម្ចាត់​វត្ថុ​ធាតុ​នោះ​ចោល​តែម្តង។

    កោសិកា​ឈាម​ស B lymphocytes គឺ​ជា​កោសិកា​ដែល​បង្កើត​អង្គបដិប្រាណ ឬ​ហៅថា​អង់ទីករ​ការពារ​ខ្លួន​ប្រាណ (Antibodies) ដែលវា​ជា​ប្រូតេអ៊ីន​ពិសេស​មាន​លទ្ធភាព​ឃុំព័ទ្ធ អង់ទីហ្សែន។មនុស្ស​ម្នាក់ៗ សុទ្ធ​តែ​មាន​អង់ទីករ​ការពារ​នេះ ហើយ​នៅ​ពេល​ដែល​វា​ជួប​ជា​មួយ​អង់ទីហ្សែន​ដំបូង វា​នឹង​ចាប់​ផ្ដើម​មុខងារ​ចងចាំ​របស់​វា ទើបហេតុនេះ​ហើយ​ប្រសិន បើ​​យើង​មាន​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​អុចស្វាយ នៅ​ពេល​ដែល​ជា​សះស្បើយ យើងនឹង​មិន​កើតវា​​ឡើង​ម្តង​ទៀត​នោះ​ទេ។

    ដោយ​សារ​តែ បែប​នេះ ទើបវិធីសាស្ត្រ​នៃ​​ការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​មុខងារ​របស់​ប្រព័ន្ធភាព​ស៊ាំ​នេះ ឯង។ ការ​ចាក់​វ៉ាក់សាំង គឺ​ជា​ការ​ចាក់​នៅ ពពួកអង់ទីហ្ស៊ែន​ដែលមិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ ចូល​ក្នុង​រាង​កាយ ហើយ​ឲ្យ​អង់ទីករ​របស់​ខ្លួន​យើង ចងចាំ​នៅ​ប្រភេទ​អង់ទីហ្សែន​នោះ ហើយ​វា​នឹង​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​ដែល​បង្ក​ដោយ​អង់ទីហ្ស៊ែន​នោះ​ទៅ​ពេល​អនាគត។​

    ថ្វីបើ​អង់ទីករ​អាច​ស្គាល់​នឹង​ហ៊ុំព័ទ្ធ​មេរោគ​ក៏ពិត​មែន ប៉ុន្តែ​វា​មិន​អាច​សម្លាប់​វា​បាន​ទេ ដូច​នេះ​ហើយ​វា​នឹង​ត្រូវ​ការ​ជំនួយ​ពីកោសកា T ។ កោសិកា T នឹង​ទៅ​កម្ទេច​អង់ទីហ្ស៊ែន​ដែល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​អង់ទីករ ឬ​កោសិកាមាន​ការ​បង្ករោគ ឬ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ខុស​ប្រក្រតី។ កោសិកា T ខ្លះ គឺ​អាច​ហៅ​ថាជា ​កោសិកាពិឃាត ឬ Killer Cells ហើយ​ពួក​វា​ក៏ អាច​ជួយ​ផ្ដល់​សញ្ញា​ទៅ​កោសិកា​ឈាម​ស​ផ្សេង​ទៀត ដែលជា​ពិសេស​គឺ​ពពួក​កោសិកា Phagocytes ឲ្យ​បំពេញ​ការងារ​របស់​ខ្លួន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- តើ​អង់ទីករមាន​មុខងារ​ដូចម្ដេច​ខ្លះ?

    អង្គបដិប្រាណ ឬអង់ទីករ អាច​មាន​នាទី​ជួយ​បន្សាប​ជាតិ​ពុល​ (toxin) ដែល​បង្កើត​ឡើង​ដោយ​ពពួក​មេរោគ​ផ្សេងៗ។ វា​ក៏​មាន​នាទី​ជួយ ក្រុម​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​ហៅថា Complement ឲ្យ​មាន​សកម្មភាពឡើង។ Complement គឺ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធភាព​ស៊ាំ ហើយ​វា​មាន​នាទី​ជួយ​សម្លាប់ បាក់តេរី វីរុស ឬ​កោសិកា​ដែល​បាន​ឆ្លងរោគ។

    កោសិកា​ពិសេសៗ​ទាំង​នេះ គឺ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង ដែល​ជួយ​ការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​ជំងឺ។ ដែល​ការ​ការពារ​នេះហើយ​យើង​ហៅ​ថា ភាពស៊ាំ (Immunity)។

    ៥- ប្រភេទ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ

    ក្នុង​រាងកាយ​យើង​មាន​ប្រព័ន្ធភាព​ស៊ាំ ៣ប្រភេទ ផ្សេង​គ្នា ដូច​ជា ប្រព័ន្ធភាពស៊ាំ Innate (ធម្មជាតិ) Adaptive (សកម្ម) និង Passive (ជំនួយ)។

    – ប្រព័ន្ធ​ភាព​ស៊ាំធម្មជាតិ (Innate immunity)៖ យើង​គ្រប់​គ្នា​កើត​មក​សុទ្ធ​តែ​មាន​មក​ជា​មួយ​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារខ្លួនយើង​ទូទៅ។ ឧទាហរណ៍ វា​ដើរ​តួ​ជា​របាំង​ការពារ​មេរោគ​មិន​ឲ្យ​ចូល​ក្នុង​ខ្លួន​យើង ហើយ​ប្រព័ន្ធ​នេះ នឹង​ចាប់​បាន​ភ្លាម​នៅ​ពេល​រាងកាយ​មាន​វត្ថុធាតុ​ពី​ក្រៅ​ចូល​មក ឬ​ជា​អ្វី​មួយ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ដឹង​ថាអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​បាន។

    – ប្រព័ន្ធ​ភាព​ស៊ាំ​សកម្ម (Adaptive immunity)៖ ជា​ប្រព័ន្ធ​ភាព​ស៊ាំ អាច​អភិវឌ្ឃខ្លួន​គ្រប់​ពេល​វេលា​ក្នុង​ជីវិត​របស់​យើង។ វា​អភិវឌ្ឍ​ឡើង​នៅ​ពេល​យើង​ប្រឈម​នឹង​ជំងឺ ឬ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ។

    – ប្រព័ន្ធ​ភាព​ស៊ាំ​ជំនួយ (Passive immunity)៖ Passive immunity សម្តៅ​លើ​ការ​ខ្ចី​កម្លាំងប្រព័ន្ធភាពស៊ាំ​ពី​ប្រភព​ផ្សេង ហើយកើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លីប៉ុណ្ណោះ។ ឧទាហរណ៍ អង្គបដិប្រាណ ក្នុង​ទឹក​ដោះ​ម្តាយ អាច​ជួយ​ឲ្យ​ទារក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​បណ្តោះ​អាសន្ន​មួយ​ការពារ​នឹង​ជំងឺ ដែល​ម្តាយ​យើង​ធ្លាប់​កើត​មានពីមុន​នោះ​។

    ប្រព័ន្ធ​ភាព​ស៊ាំ ត្រូវ​ការ​ពេល​មួយ​រយៈ​ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ត្រូវ​ការ​ជំនួយ​ពី​វ៉ាក់សាំង។ ហេតុនេះ ដើម្បី​ជួយ​រាងកាយ​មាន​សុខភាព​ល្អ គឺ​ត្រូវ​ចាក់វ៉ាក់​សាំង​ឲ្យ​កូន​យើង ឲ្យ​បាន​ត្រឹម​ត្រូវ​តាំងក្មេង​ដើម្បី​ជួយ​កូនមាន​សុខភាព​ល្អ។

    អត្ថបទ​គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម